ប្រធានក្រុមប្រឹក្សាភិបាលនៃ Prince Bank លោក ចេន ហ្ស៊ី ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២០។ នេះយោងតាមព្រះរាជក្រឹត្យចុះលេខ នស/រកត/០៦២០/៥៩៥។
យោងតាមព្រះរាជក្រឹត្យដដែល ការតែងតាំងលោក ចេន ហ្ស៊ី ជាទីប្រឹក្សាផ្ទាល់នេះ គឺមានឋានៈស្មើរដ្ឋមន្រ្តី ដោយពុំទទួលប្រាក់បំណាច់មុខងារ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានផ្តល់បទសម្ភាសន៏ដល់ Newsroom Cambodia ថានាយករដ្ឋមន្រ្តី មានបុព្វសិទ្ធិពេញលេញក្នុងការផ្តល់ដល់ជនណាម្នាក់យកមកធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់សម្តេច។
លោកក៏បានគូសបញ្ជាក់ថា ក្នុងឋានៈជាទីប្រឹក្សាផ្ទាល់ដែលមានឋានៈស្មើរដ្ឋមន្រ្តីនេះ មានន័យថាលោក ចេន ហ្ស៊ី ប្រាកដជាមានតម្លៃធំ ហើយមានសមត្ថភាពក្នុងការ ដែលមានការឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋដែលបានបង្ហាញការព្រួយបារម្ភ។
លោកបានមានប្រសាសន៏ថា៖ «សម្តេច ហ៊ុន សែន លោកជានាយករដ្ឋមន្រ្តីមួយស្តាប់ពីអ្នកជុំវិញខ្លួន ដែលស្តាប់ពីមហាជន ពីអ្នកឯកទេស ស្តាប់ពីអ្នកជំនាញទាំងអស់ សម្តេចគឺជាអ្នកស្តាប់ដូចនេះលោកត្រូវការជំនួយ»។
លោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក៏ត្រូវបានផ្តល់ឋានៈជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី លោក ស ខេង មានឋានៈស្មើរដ្ឋលេខាធិការ ផងដែរ។
នេះបើយោងតាមគេហទំព័រធនាគារព្រីនស៍ លោក ចេន ហ្ស៊ី ចូលរួមក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗដូចជាការបង្កើនដើមទុនសម្រាប់ធនាគារ និងពង្រីកប្រតិបត្តិការអាជីវកម្ម។ គាត់មានការវិនិយោគលើវិស័យអចលនៈទ្រព្យ និងវិនិយោគលើសេវាកម្មអ៊ីនធឺណិតផងដែរ៕