កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ អង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP បានរៀបចំកម្មវិធីមួយ ដែលមានការចាក់បញ្ចាំងវីដេអូ Live របស់លោក សោម ឆាយ៉ា ដែលលោកជាអតីតអ្នកសារព័ត៌មានទូរទស្សន៍ CNC និងតែងតាមដានព្រឹត្តិការណ៍នយោបាយប្រទេសថៃ។
ក្នុងវីដេអូនោះលោក សោម ឆាយ៉ា បាននិយាយរៀបរាប់អំពីស្ថានភាពបាតុកម្មរបស់យុវជនក្នុងប្រទេសថៃយ៉ាងដូច្នេះថា នៅតាមសាកលវិទ្យាល័យ និងនៅតាមវិទ្យាល័យក្នុងប្រទេសថៃកំពុងតែធ្វើចលនាតវ៉ាកក្រើកជាថ្មីទៀត ក្នុងការប្រឆាំងរដ្ឋាភិបាលកើតចេញពីក្រុមយោធា និងទាមទារឱ្យកាត់បន្ថយអំណាចព្រះមហាក្សត្រ។ បើទោះជាពួកគេដឹងថាការតវ៉ានេះអាចប្រឈមការបង្ក្រាប និងសម្លាប់ដូចហេតុការណ៍នៅឆ្នាំ១៩៧៦ និង១៩៩២ក៏ដោយ។
លោកបន្ថែមថា ចលនារបស់សិស្ស-និស្សិតថៃ ងើបតវ៉ាជាថ្មីចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០នេះ ដើមហេតុដំបូងត្រឹមក្រុមនិស្សិតរាប់រយនាក់តវ៉ាទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតឡើងវិញដោយពួកគេចោទ ថា រដ្ឋាភិបាលនេះឡើងកាន់តំណែងដោយការបោះឆ្នោតមិនត្រឹមត្រូវ និងមិនមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា ពិសេសក្នុងអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ១៩នេះ។ ក្រោយមកទៀតទើបមានការទាមទារឱ្យធ្វើកំណែទម្រង់អំណាចក្សត្រដែលក្នុងច្បាប់កំណត់ដាក់ទោសអ្នករិះគន់ព្រះមហាក្សត្រ ត្រូវជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ ថៃជា សង្គម ដែលសហគមន៍អន្តរជាតិដឹងឮថា ពលរដ្ឋគោរពឱ្យតម្លៃខ្ពស់ដល់ក្សត្រ ហើយអំណាចក្សត្រ ថៃមានឥទ្ធិពលខ្លាំង តែពេលនេះសិស្សនិស្សិតចេញតវ៉ាប្រឆាំងដោយបើកចំហរទៅវិញ។
បន្ទាប់ពីបានទស្សនាវីដេអូនោះចប់ យុវជន យ៊ឹត យុតយូ ក្នុងចំណោមយុវជន និងព្រះសង្ឃ២៧អង្គនាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សិក្សាផ្នែកទស្សនវិជ្ជាបាននិយាយថា៖ «បន្ទាប់ពីបានមើលវីដេអូទៅ ហើយខ្ញុំមិនបានមើលឃើញចំណុច៣សំខាន់ៗ។ នៅចំណុចទី១ ខ្ញុំយល់ឃើញថា លោក ប្រាយុទ្ធ ចាន់អូចា អាចបានអំណាចហ្នឹងគឺដោយសារតែការធ្វើរដ្ឋប្រហារ។ នៅចំណុចទី២ គឺបង្កើតរដ្ឋធម្មនុញ្ញដើម្បីការពារអ្នកដឹកនាំ។ នៅចំណុចទី៣ គឺទាក់ទងទៅនឹងអំណាចរបស់ព្រះមហាក្សត្រដែលព្រះមហាក្សត្រមានអំណាចកំពូលដែលអាចគ្រប់គ្រងយោធា»។
លោកបានបន្ថែមថា ប្រសិនបើចង់ឲ្យយុវជនខ្មែរមានភាពផុសផុលដូចនឹងយុវជនថៃ យើងត្រូវតែ ធ្វើឲ្យប្រព័ន្ធនយោបាយរបស់កម្ពុជាមានឯកភាពជាតិ និងមានតម្លាភាព។ នេះបើយើងទៅមើល សាកលវិទ្យាធិការថៃ ឬក៏ម្ចាស់សាកលវិទ្យាល័យថៃមិនមានមុខងារ ឬតួនាទីនៅក្នុងរដ្ឋាភិបាលនោះទេ។ ប៉ុន្តែបើយើងក្រលេកមើលកម្ពុជាវិញ សាកលវិទ្យាល័យធិការនៅស្រុកខ្មែរ ហាក់បីដូចជាមានតួនាទីសំខាន់នៅក្នុងជួររដ្ឋាភិបាល ហើយមុខងារសំខាន់ៗទៅទៀត។ នេះហើយជាដើមហេតុដែលធ្វើឲ្យសិស្សនិស្សិត និងយុវជនខ្មែរនឹងមិនសូវមានភាពក្លាហាន។ ដោយសារតែមិនមានការគាំទ្រពីអ្នកគ្រប់គ្រងសាលា។ ហើយថែមទាំងបង្អាក់និស្សិតមិនឲ្យនិយាយអំពីនយោបាយ។
យុវជនម្នាក់ទៀត លោក សោម តាំងអ៊ី មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញសិក្សាផ្នែកទស្សនវិជ្ជាបាននិយាយថា យុវជននៅប្រទេសថៃហាក់បីដូចជាស្គាល់អំពីនិយមន័យពាក្យប្រជាធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យច្បាស់លាស់ណាស់។
«យើងសួរថា ហេតុអ្វីបានជាយុវជនថៃធ្វើបាតុកម្ម ពីព្រោះគេដឹងថា ប្រសិនបើគេខ្វះអ្វី គេក៏ត្រូវតែទាមទារអ្វីដែលគេខ្វះមកវិញដែរ។ ខ្ញុំមើលឃើញមួយទៀតពាក់ព័ន្ធជាមួយនឹងយុវជនថៃ ពួកគាត់យល់ច្បាស់ពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មរបស់គាត់ ដោយសារគាត់ដឹងថា ប្រជាធិបតេយ្យមានការរស់នៅមានសិទ្ធិសេរីភាព មានសិទ្ធិក្នុងការបញ្ចេញមតិ មានសុខសុវត្ថិភាព មានការរស់នៅស្រួលវាមានទាំងសុខមាលភាព។ អាហ្នឹងហើយដែលថាយុវជនគេយល់អំពីប្រជាធិបតេយ្យ»។
លោកបានបន្ថែមទៀតថា៖ «ប្រសិនបើយើងធ្វើការប្រៀបធៀបជាមួយនឹងយុវជនខ្មែរ និងយុវជនថៃ ថាតើខុសគ្នាត្រង់ណាដែរ យើងឃើញថាយុវជនថៃច្រើនជាងយុវជនខ្មែរ។ ដូច្នេះប្រសិនបើយើងចង់ឲ្យ យុវជនខ្មែរមានភាពផុសផុលជាងយុវជនថៃ វាប្រាកដណាស់ មិនអាចទៅរួចនោះទេ ។ ជាយុទ្ធសាស្ត្ររបស់ខ្ញុំៗគិតថាមានតែយុវជនចេះច្បាប់ទេដែលអាចងើបពីការគាបសង្កត់ពី ជិះជាន់បាន»។
ចំណែកយុវជនម្នាក់ឈ្មោះ ពក សុខខឿយ មកពីសាកលវិទ្យាល័យពុទ្ធិកសីហនុរាជ សិក្សាផ្នែកគ្រប់គ្រងបាននិយាយថា៖ «ខ្ញុំយល់ហើយថា វាពាក់ព័ន្ធជាមួយប្រព័ន្ធនយោបាយ យោធា និងការគ្រប់គ្រងអំណាចរបស់ព្រះមហាក្សត្រ មានលក្ខណៈ ហួសហេតុ។ ចំណុចដែលខ្ញុំមើលឃើញថាល្អ ព្រោះថាទាំងប្រជាជនទាំងយុវជន មានការសាមគ្គីជាកម្លាំង បានយ៉ាងល្អ បើទោះបីជាមានការរិតត្បិតសិទ្ធិសេរីភាពមួយចំនួនពីអាជ្ញាធរថៃក៏ដោយ។ ខ្ញុំសរសើរដល់យុវជនប្រទេសថៃដែលមានការតស៊ូ។ ដូចជាយប់មិញនេះ មានការធ្វើបាតុកម្មរហូតដល់ម៉ោង១២យប់»។
លោកបានបន្ថែមថា ដើម្បីឲ្យយុវជនខ្មែរមានភាពផុសផុលដូចយុវជនថៃ ចំណុចទី១ មានតែការជជែកពិភាក្សាគ្នាអំពីបញ្ហាសង្គម និងការនិយាយអំពីផែនការរបស់រដ្ឋាភិបាល។ ចំណុចទី២ ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង គឺយុវជននឹងឲ្យមានភាពក្លាហាន និងចេះសង្កេតអំពីសង្គមខាងក្រៅ ដូចជានៅក្រៅប្រទេស មកប្រៀបធៀបជាមួយសង្គមកម្ពុជាបច្ចុប្បន្ន។ ចំណុចទី៣ ត្រូវមានការចេះរៀបចំបណ្ដាញយុវជន និង បណ្ដាញប្រជាពលរដ្ឋឲ្យកាន់តែច្រើន ដើម្បីឲ្យយើងមានកម្លាំងខ្លាំងក្នុងការតស៊ូ។ ចំណុចទី៤ យុវជន និងប្រជារាស្ត្រត្រូវមានភាពម្ចាស់ការលើខ្លួនឯង កុំចាំតែ បុគ្គលម្នាក់មកដឹកនាំយើង។
អ្នកស្រី សក សុខា ដែលជាអ្នករៀបចំកម្មវិធីនេះ លើកឡើងថា ការចាក់វីដេអូនេះឲ្យយុវជនទស្សនា គឺក្នុងគោលបំណងបណ្តុះស្មារតីរបស់យុវជនឲ្យមានភាពក្លាហាន និងមានភាពរឹងមាំក្នុងការតតាំងជាមួយនឹងការតស៊ូមតិ៕