កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ អង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP  បាន​រៀបចំ​កម្មវិធី​មួយ ដែល​មាន​ការចាក់​បញ្ចាំង​វីដេអូ Live របស់លោក សោម ឆាយ៉ា  ដែលលោក​ជាអតីត​អ្នកសារព័ត៌មាន​ទូរទស្សន៍ CNC និង​តែង​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ប្រទេស​ថៃ។

​ក្នុង​វីដេអូ​នោះ​​លោក សោម ឆាយ៉ា ​បាន​និយាយ​រៀបរាប់​អំពី​​ស្ថានភាព​បាតុកម្ម​របស់យុវជន​​ក្នុង​ប្រទេស​ថៃ​​យ៉ាង​ដូច្នេះ​ថា នៅ​តាម​សាកល​វិទ្យាល័យ និង​នៅ​តាម​វិទ្យាល័យ​ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​ចលនា​តវ៉ា​កក្រើក​ជា​ថ្មី​ទៀត ក្នុង​ការប្រឆាំង​រដ្ឋា​ភិបាល​កើត​ចេញ​ពី​ក្រុម​យោធា និង​ទាមទារ​ឱ្យ​កាត់​បន្ថយ​អំណាច​ព្រះមហាក្សត្រ​។ បើទោះជា​ពួកគេ​ដឹង​ថា​ការតវ៉ា​នេះ​អាច​ប្រឈម​ការ​បង្ក្រាប និង​សម្លាប់​ដូច​ហេតុការណ៍​នៅ​ឆ្នាំ១៩៧៦ និង​១៩៩២​ក៏​ដោយ។

លោក​បន្ថែម​ថា ចលនា​របស់​សិស្ស-និស្សិត​ថៃ ងើប​តវ៉ា​ជាថ្មី​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា  ឆ្នាំ​២០២០​នេះ ដើមហេតុ​ដំបូង​ត្រឹម​ក្រុម​និស្សិត​រាប់​រយ​នាក់​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​លោក  ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពី​តំណែង  ហើយ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដោយ​​ពួក​គេ​ចោទ ថា រដ្ឋាភិបាល​នេះ​ឡើង​កាន់​តំណែង​ដោយ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​​មាន​សមត្ថភាព​​ក្នុង​ការ​ដោះស្រាយ​បញ្ហា  ពិសេស​ក្នុងអំឡុង​ពេល​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩នេះ។ ក្រោយមក​ទៀត​ទើប​មានការ​ទាមទារ​ឱ្យធ្វើ​កំណែ​ទម្រង់​អំណាច​ក្សត្រ​ដែល​ក្នុង​ច្បាប់​កំណត់​ដាក់​ទោស​អ្នករិះគន់​ព្រះ​មហាក្សត្រ  ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។ ថៃ​ជា សង្គម ដែល​សហគមន៍​អន្តរជាតិ​ដឹងឮ​ថា ពលរដ្ឋ​គោរព​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ក្សត្រ ហើយ​អំណាច​ក្សត្រ ថៃ​មាន​ឥទ្ធិពល​ខ្លាំង តែ​ពេលនេះ​សិស្ស​និស្សិត​ចេញ​តវ៉ា​ប្រឆាំង​ដោយ​បើកចំហ​រ​ទៅវិញ។

បន្ទាប់ពី​បាន​ទស្សនា​វីដេអូ​នោះ​ចប់ យុវជន យ៊ឹត យុតយូ ក្នុង​ចំណោម​យុវជន និង​ព្រះ​សង្ឃ​​២៧​​អង្គ​នាក់ មកពីសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សិក្សាផ្នែក​ទស្សនវិជ្ជា​បាន​និយាយ​ថា៖ «បន្ទាប់ពី​បាន​មើល​វីដេអូ​ទៅ ហើយ​ខ្ញុំ​មិន​បាន​មើល​ឃើញ​ចំណុច​៣សំខាន់ៗ​។ នៅ​ចំណុច​ទី​១ ខ្ញុំ​យល់​ឃើ​ញ​ថា លោក ប្រាយុទ្ធ ចាន់អូចា អាច​បាន​អំណាច​ហ្នឹង​គឺ​ដោយសារ​តែ​ការធ្វើ​រដ្ឋ​ប្រហារ​។ នៅ​ចំណុចទី​២ គឺ​បង្កើត​រដ្ឋធម្មនុញ្ញ​​ដើម្បី​ការពារ​អ្នក​ដឹកនាំ។ នៅ​ចំណុច​ទី​៣ គឺ​ទាក់ទង​ទៅ​នឹង​អំណាច​របស់​ព្រះមហាក្សត្រ​ដែល​ព្រះមហាក្សត្រ​មាន​អំណាច​កំពូល​ដែល​អាច​គ្រប់គ្រង​យោធា​»។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​​ចង់​ឲ្យ​យុវជន​ខ្មែរ​មាន​ភាព​ផុសផុល​ដូច​នឹង​យុវជន​ថៃ​ យើង​ត្រូវ​តែ ធ្វើ​ឲ្យ​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​មាន​ឯកភាព​ជាតិ និង​មាន​តម្លាភាព​។ នេះ​បើ​យើង​ទៅ​មើល សាកល​វិទ្យាធិការ​ថៃ ឬ​ក៏​ម្ចាស់​សាកល​វិទ្យាល័យ​ថៃ​មិនមាន​មុខងារ ឬ​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ ប៉ុន្តែ​បើ​យើង​ក្រលេក​មើល​កម្ពុជា​វិញ សាកល​វិទ្យាល័យ​ធិការ​នៅ​ស្រុក​ខ្មែរ ហាក់បីដូ​ចជា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​មុខងារ​សំខាន់ៗ​ទៅ​ទៀត។ នេះ​ហើ​យ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​សិស្ស​និស្សិត និង​យុវជន​ខ្មែរ​នឹង​មិន​សូវ​មាន​ភាព​ក្លាហាន​។ ដោយសារ​តែ​មិនមាន​ការគាំទ្រ​ពី​អ្នក​គ្រប់គ្រង​សាលា​។ ហើយ​ថែម​ទាំង​បង្អាក់​និស្សិត​មិន​ឲ្យ​និយាយ​អំពី​នយោបាយ​។

យុវជន​ម្នាក់​ទៀត លោក សោម តាំងអ៊ី មកពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សិក្សា​ផ្នែក​ទស្សនវិជ្ជា​បាន​និយាយ​ថា ​យុវជន​នៅ​ប្រទេស​ថៃ​​ហាក់បី​ដូចជា​ស្គាល់​អំពី​និយមន័យ​ពាក្យ​ប្រជា​ធិបតេយ្យ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ច្បាស់​លាស់​​ណាស់​។

«យើង​​សួរ​​ថា ហេតុអ្វី​​បាន​​ជា​យុ​វជន​ថៃ​ធ្វើ​បាតុកម្ម ពីព្រោះ​គេ​ដឹង​ថា ប្រសិន​បើគេ​ខ្វះអ្វី គេក៏​ត្រូវ​តែ​ទាមទារ​អ្វី​ដែល​គេ​ខ្វះម​កវិញដែរ​។ ខ្ញុំ​មើល​​ឃើញ​​មួ​យ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹង​យុវជនថៃ ពួក​​គាត់​​យល់​ច្បាស់​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើ​បាតុកម្ម​របស់​គាត់​ ដោយសារ​គាត់​ដឹង​ថា ប្រជា​ធិបតេយ្យ​មាន​ការរស់នៅ​មាន​សិទ្ធិ​សេរីភាព មាន​សិទ្ធិ​ក្នុង​ការបញ្ចេញ​​មតិ មាន​សុខ​សុវត្ថិភាព មាន​ការរស់នៅ​ស្រួល​វា​មាន​ទាំង​សុខមាល​ភាព។ អាហ្នឹង​ហើយ​ដែល​ថា​យុវជ​ន​គេ​យល់​អំពី​ប្រជាធិបតេយ្យ​»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​នឹង​យុវជន​ខ្មែរ និង​យុ​វជន​ថៃ ថា​តើ​ខុសគ្នា​ត្រង់​ណា​ដែរ យើង​ឃើញ​ថា​យុវជន​ថៃ​ច្រើន​ជាង​យុវជន​ខ្មែរ។ ដូច្នេះ​ប្រសិន​បើ​​​យើង​ចង់​ឲ្យ យុវជន​ខ្មែរ​មាន​ភាព​ផុស​ផុល​ជាង​យុវជន​ថៃ វា​ប្រាកដ​ណាស់ មិន​អាច​ទៅ​រួច​នោះ​ទេ ។ ជា​យុទ្ធ​សាស្ត្រ​​របស់​ខ្ញុំ​ៗ​គិត​ថា​មាន​តែ​យុវជន​ចេះ​ច្បាប់​ទេ​ដែល​អាច​ងើប​ពី​ការគាប​សង្កត់​ពី ជិះ​ជាន់​បាន​»។

ចំណែក​យុវជន​ម្នាក់​ឈ្មោះ ពក សុខខឿយ  មកពី​សាកល​វិទ្យាល័យ​ពុទ្ធិក​សី​ហនុ​រាជ សិក្សា​ផ្នែក​​គ្រប់គ្រង​​បា​ន​និយាយ​​ថា៖ «ខ្ញុំ​យល់​ហើយ​ថា វា​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​នយោបាយ យោធា និង​ការគ្រប់គ្រង​អំណាច​របស់​ព្រះមហាក្សត្រ មាន​លក្ខណៈ ហួស​ហេតុ។ ចំណុច​ដែល​ខ្ញុំ​មើល​ឃើញ​ថា​ល្អ ព្រោះ​ថា​​ទាំង​ប្រជាជន​ទាំង​យុវជន មាន​ការសាមគ្គី​ជា​កម្លាំង បាន​យ៉ាង​ល្អ បើ​ទោះ​បី​ជា​មាន​ការរិត​ត្បិត​សិទ្ធិ​​សេរីភាព​មួយ​ចំនួន​ពី​អាជ្ញាធរ​ថៃ​ក៏​ដោយ​។ ខ្ញុំ​សរសើរ​​ដល់​​យុវជន​​ប្រទេស​ថៃ​​ដែល​មាន​ការតស៊ូ​។ ដូចជា​យប់​មិញ​នេះ មាន​ការធ្វើ​បាតុកម្ម​រហូត​​ដល់​ម៉ោង​១២​យប់»។

លោក​បាន​បន្ថែម​ថា  ដើម្បី​ឲ្យ​យុវជន​ខ្មែរ​មាន​ភាព​ផុសផុល​ដូច​យុវជន​ថៃ ចំណុ​ចទី​១ មាន​តែកា​រ​ជជែក​ពិភាក្សា​គ្នាអំ​ពី​បញ្ហា​សង្គម និង​ការនិយាយ​អំពី​ផែនការ​របស់​រដ្ឋាភិបាល​។ ចំណុចទី​២ ​ការអភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួនឯង​ គឺ​យុវជន​នឹ​ង​ឲ្យ​មាន​ភាព​ក្លាហាន និង​ចេះ​សង្កេត​អំពី​សង្គម​ខាង​ក្រៅ ដូចជា​នៅក្រៅ​ប្រទេស មក​ប្រៀប​ធៀប​ជាមួយ​សង្គម​កម្ពុជា​បច្ចុប្បន្ន​​។ ចំណុ​ចទី​៣ ត្រូវ​មាន​ការចេះ​រៀ​បចំ​បណ្ដាញ​យុវជន និង បណ្ដាញ​ប្រជាពលរ​ដ្ឋ​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​យើង​មាន​កម្លាំង​ខ្លាំង​ក្នុង​ការតស៊ូ​។ ចំណុច​ទី​៤  យុវជន និង​ប្រជារាស្ត្រ​ត្រូវ​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង កុំ​ចាំ​តែ បុគ្គល​ម្នាក់​មក​ដឹកនាំ​យើង។

អ្នកស្រី សក សុខា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ លើកឡើង​ថា ការ​ចាក់​វីដេអូ​នេះ​ឲ្យ​យុវជន​ទស្សនា គឺ​​ក្នុង​គោល​បំណង​បណ្តុះ​ស្មារតី​របស់​យុវជ​ន​ឲ្យ​មាន​ភាព​ក្លាហាន និង​មាន​ភាព​រឹងមាំ​ក្នុងការ​តតាំង​ជាមួយ​នឹង​ការតស៊ូ​មតិ​៕