ឥរិយាបថសម្ភារៈនិយមជ្រុលបានជះឥទ្ធិពលអវិជ្ជមានជាច្រើនក្នុងសង្គមខ្មែរ កាលណាមនុស្សផ្ដោតលើផ្នែកសម្ភារៈនិយមជាធំ ធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ ខណៈមនុស្សមួយចំនួនឱ្យតម្លៃលើសម្ភារៈនិយមជាងតម្លៃសីលធម៌សង្គម ហើយនឹងអាចក្លាយជាចរន្ដមួយដែលបំផ្លាញសង្គម។
ព្រះតេជគុណ ឈន ខ្វា ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច មានសង្ឃដីថា យុវជនកម្ពុជាមួយចំនួនប្រើប្រាស់សម្ភារៈនិយមទទួលបានផលប្រយោជន៍សម្រាប់ទំនាក់ទំនង ការសិក្សា និងការស្រាវជ្រាវផ្សេងៗ។ ទន្ទឹមនឹងនេះ សម្ភារៈនិយមបានពង្វក់ស្មារតី ខាតពេលវេលាទៅតាមសម័យទំនើប។
ព្រះអង្គបានបន្តថា សម្ភារៈនិយមជ្រុល បានជះឥទ្ធិពលអវិជ្ជមានជាច្រើនក្នុងសង្គមខ្មែរ វាបានធ្វើឱ្យយុវជនមួយចំនួនវក់ស្មារតី ភ្លេចការរៀនសូត្រ មិនយកចិត្តទុកដាក់នឹងមនុស្សជុំវិញខ្លួន ចំណាយច្រើនតាមស៊េរីទំនើបៗ ដើម្បីធ្វើខ្លួនឱ្យទាន់សម័យបង្អួតនួវភាពហ៊ឺហ៊ា។ ព្រះតេជគុណ បានពន្យល់ថា សម្ភារៈនិយមជ្រុល បានធ្វើឱ្យផ្នែកស្មារតីមានសម្ពាធ ដោយប្រាថ្នាចង់បានរបស់ទំនើបដូចគេ តែខ្លួនឯងមិនមានលទ្ធភាពទិញ។
ព្រះអង្គថា៖ «កាលណាប្រជាពលរដ្ឋរបស់យើងផ្ដោតលើផ្នែកសម្ភារៈនិយមខ្លាំងពេក ធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ។ មនុស្សមួយចំនួនឱ្យតម្លៃលើសម្ភារៈនិយម ដោយមិនផ្អែកលើសុជីវធម៌ សីលធម៌របស់មនុស្សទេ»។
ព្រះអង្គបន្ថែមថា សម្ភារៈនិយមជ្រុលអាចធ្វើឱ្យមានអំពើហឹង្សាឬឃាតកម្មកើតឡើង។ យុវជនខ្លះ អាចធ្វើឃាតកម្ម លួចឆក់ ឬធ្វើអំពើមិនល្អទៅលើឪពុកម្ដាយ ដោយសារខ្លួនមិនមានធនធានដើម្បីចំណាយលើរបស់ទាំងនោះ។ ដើម្បីទទួលបានប្រយោជន៍ ត្រូវផ្អែកលើចំណេះដឹងក្នុងការប្រើប្រាស់ឱ្យត្រូវប្រកបសីលធម៌ល្អ ឪពុកម្ដាយ គ្រូ ថ្នាក់ដឹកនាំ ត្រូវបណ្ដុះសីលធម៌ល្អគំនិតល្អ ដើម្បីប្រើប្រាស់ក្នុងផ្លូវល្អ និងទាញប្រយោជន៍ពីរបស់ទាំងនោះ ហើយមនុស្សត្រូវយល់ពីគុណវិបត្តិ និងគុណសម្បត្តិ ដែលអាចធ្វើឱ្យមនុស្សគិតថ្លឹងថ្លែង ថាតើពួកគាត់ត្រូវប្រើក្នុងផ្លូវមួយណាដើម្បីទាញផលប្រយោជន៍បាន។
កញ្ញា សាន បុប្ផា ជានិស្សិតឆ្នាំទី៤ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានប្រាប់ Newsroom Cambodia ថា បុគ្គលដែលឲ្យតម្លៃនូវសម្ភារៈនិយមជ្រុលពេក គឺដោយសារតែការយល់ដឹងរបស់ពួកគេនៅមានកម្រិត។ កញ្ញាបន្ថែមថា បើនិយាយក្នុងបរិបទយុវវ័យ នៅពេលដែលពួកគេនាំគ្នាផ្តោតខ្លាំងតែទៅលើសម្ភារៈនិយម ហើយភ្លេចគិតថាខ្លួនឯងកំពុងតែស្ថិតក្នុងវ័យដែលត្រូវក្រេបយកនូវចំណេះដឹងថ្មីៗ ហើយបាត់បង់នូវមនសិការមួយថា តើធ្វើម៉េចដើម្បីអាចអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។
កញ្ញាថា៖ «នៅពេលយុវជនទាំងនោះទៅជាបែបនេះ នោះហើយគឺជាការបាត់បង់នូវធនធានដ៏ពោរពេញដោយចំណេះដឹងហើយក៏ជាផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិទាំងមូលផងដែរ ពីព្រោះថាយុវជនគឺជាទំពាំងស្នងឬស្សី។
ចំណែក កញ្ញា ស៊ីណា សុធីតា ជានិស្សិតឆ្នាំទី៣ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រាប់ Newsroom Cambodia ថា កញ្ញាសង្កេតឃើញថា បច្ចុប្បន្នប្រជាជនកម្ពុជាឲ្យតម្លៃខ្លាំងទៅលើសម្ភារៈនិយម ដោយសារ សិស្សានុសិស្សបច្ចុប្បន្នទាំងសិស្សរៀនក្នុងថ្នាក់បឋម ឬក៏អនុវិទ្យាល័យ សុទ្ធតែមានសម្ភារៈប្រើប្រាស់ទំនើបៗស្ទើគ្រប់គ្នា។
កញ្ញាបន្ថែមថា៖ «ដើម្បីកុំឲ្យយុវជនទាំងអស់នោះទំនោរ ឬក៏ឲ្យតម្លៃខ្លាំងទៅលើសម្ភារៈនិយម គឺត្រូវឲ្យពួកគាត់មកអានសៀវភៅ ឬក៏មកធ្វើអីផ្សេងដែលមានប្រយោជន៍»។
លោក សំបូរ មាណ្ណារ៉ា ជាសាស្ត្រាចារ្យ ផ្នែកខេមរៈវិទ្យា និងប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានប្រាប់ Newsroom Cambodia ថា ការប្រើប្រាស់សម្ភារៈនៅលើពិភពលោកនេះ គឺជាមូលដ្ឋានចាំបាច់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយ។
លោកថា៖ «យើងគួរតែទទួលយកនូវសម្ភារៈណាដែលយើងអាចទទួលផលពីសម្ភារៈនោះសម្រាប់ជាផ្លូវវិជ្ជមាន និងផ្លូវដែលមានតម្លៃ»។
លោកបន្ថែមថា កាលណាយើងប្រើប្រាស់សម្ភារៈនិយមទាំងអស់នោះមិនបានផលប្រយោជន៍ដល់ខ្លួនឯង និងសង្គមទេនោះ ការប្រើប្រាស់សម្ភារៈទាំងអស់នោះមិនមានតម្លៃនោះទេ។ ដើម្បីអាចប្រើប្រាស់ទៅមានគុណប្រយោជន៍ទៅបាន យើងនឹងត្រូវតែមានបែបផែន ការកំណត់ ច្បាស់លាស់ និងត្រូវវាស់ជាមួយសមត្ថភាព សមាមាត្រ និងលទ្ធភាព និងគិតពីលទ្ធផលនៃការប្រើប្រាស់។ ប្រសិនបើសមត្ថភាពមិនមាន លទ្ធភាពមិនមាន លទ្ធផលមិនសមស្រប នោះការប្រើប្រាស់សម្ភារៈទាំងអស់នោះនឹងអត់ប្រយោជន៍ ហើយក្លាយទៅជាវិបត្តិដល់សង្គមជាតិផង។
លោក បណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា មនុស្សតែងត្រូវការសម្ភារៈដើម្បីបំពេញតម្រូវការរបស់ខ្លួន ពេលប្រជាពលរដ្ឋខ្លះឱ្យតម្លៃទៅលើសម្ភារៈខ្លាំងពេក ដោយមិនបានឱ្យតម្លៃលើស្មារតី សីលធម៌ជាធំ ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសីលធម៌សង្គម ដូចជាប៉ះពាល់ផលប្រយោជន៍អ្នកដទៃ។
លោកបន្តថា ប្រជាពលរដ្ឋប្រឹងប្រែងធ្វើការរកស៊ីចិញ្ចឹមជីវិត តែក៏មានប្រជាពលរដ្ឋខ្លះមានឥរិយាបថសម្ភារៈនិយមជ្រុល ដែលខិតខំធ្វើយ៉ាងណាឱ្យតែបានសម្ភារៈទំនើប។
លោកបន្ថែមថា ប្រសិនបើពួកគាត់មានសម្ភារៈទាំងនោះដោយការរកស៊ីត្រឹមត្រូវ ប្រកបដោយសីលធម៌ជាការល្អ ប៉ុន្ដែប្រសិនបើសម្ភារៈទាំងនោះមិនស្របច្បាប់ អសីលធម៌ នោះនិន្នាការនៃការឱ្យតម្លៃសម្ភារៈជាធំ នឹងក្លាយជាចរន្ដមួយដែលបំផ្លាញសង្គមគ្រប់វិស័យទាំងអស់។ លោកថា នៅពេលដែលមនុស្សចង់បានហួសពីសមត្ថភាព លទ្ធភាពដែលខ្លួនអាចរកបានដោយសម្មាអាជីវោ មនុស្សអាចក្លាយជាទាសករនៃសម្ភារៈទាំងអស់នោះ អាចភ្លាំងភ្លាត់ទៅប្រព្រឹត្តល្មើសច្បាប់ ឬអសីលធម៌ដើម្បីតែបំពេញចំណង់របស់ខ្លួនក្នុងការទទួលបានសម្ភារៈ។
លោក ប៉ា ចន្ទរឿន លើកឡើងថា៖ «ដើម្បីប្រើប្រាស់ឱ្យជាប្រយោជន៍ ទី១ត្រូវស្គាល់ខ្លួនឯងថាជានរណា លទ្ធភាពយើងអាចរក យើងមានរបស់ទ្រព្យកម្រិតណា ដើម្បីឱ្យទ្រព្យដែលយើងយកមកជាសម្បត្តិកុំឱ្យក្លាយជាបំណុល។ សង្គមយើងគួរតែមានការអប់រំ មានបែងចែករវាងត្រូវការ និងចំណង់ ការចង់របស់មនុស្សឥតមានព្រំដែន ប៉ុន្តែតម្រូវការមានកម្រិត បើយើងអាចបែងរឿងនេះបាន យើងអាចដកខ្លួនជៀសផុតពីអន្ទាក់សម្ភារៈនិយមក្នុងជីវិត»។
លោក ប៉ា ច័ន្ទរឿន បន្ថែមថា សង្គមទាំងមូលគួរតែនាំគ្នាផ្លាស់ប្ដូរការយល់ឃើញ ទស្សនៈវិស័យ ចំពោះការឱ្យតម្លៃមនុស្សក្នុងសង្គម កុំទាន់ឱ្យតម្លៃដោយគ្រាន់តែឃើញទ្រព្យសម្បត្តិរបស់គេ ត្រូវដឹងពីប្រភពដែលគេរកបានមកនោះសិន ចាំឱ្យតម្លៃ៕