ឥរិយាបថ​សម្ភារៈ​និយម​ជ្រុល​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ក្នុង​សង្គម​ខ្មែរ កាលណា​មនុស្ស​ផ្ដោត​លើ​ផ្នែក​សម្ភារៈ​និយម​ជា​ធំ ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ ខណៈ​មនុស្ស​មួយ​ចំនួន​ឱ្យ​តម្លៃ​លើ​សម្ភារៈ​និយម​ជាង​តម្លៃ​សី​លធម៌​សង្គម ហើយ​នឹង​អាច​ក្លាយ​ជា​ចរន្ដ​មួយ​ដែល​បំផ្លាញ​សង្គម។

ព្រះតេជគុណ ឈន ខ្វា ជានិស្សិត​ឆ្នាំទី២​នៃ​សាកលវិទ្យាភូមិន្ទ​នីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច មាន​សង្ឃ​ដី​ថា យុវជ​ន​​កម្ពុជា​មួយ​ចំនួន​ប្រើប្រាស់​សម្ភារៈ​និយម​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​ទំនាក់​​ទំនង ការសិក្សា និងការស្រាវ​ជ្រាវ​ផ្សេងៗ។ ទន្ទឹ​ម​នឹង​​នេះ ​សម្ភារៈ​និយម​បាន​ពង្វក់​ស្មារតី ខាត​ពេល​វេលា​ទៅ​តាម​សម័យ​ទំនើប​។

ព្រះអង្គបានបន្តថា សម្ភារៈ​និយម​ជ្រុល បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ក្នុង​សង្គ​ម​ខ្មែរ វា​បាន​ធ្វើ​ឱ្យ​យុវជន​មួយ​ចំនួន​វក់​ស្មារតី ភ្លេច​ការ​រៀន​សូត្រ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជុំវិញ​ខ្លួន ចំណាយ​ច្រើន​តាម​ស៊េរីទំនើបៗ ដើម្បីធ្វើខ្លួនឱ្យទាន់សម័យបង្អួតនួវភាពហ៊ឺហ៊ា។ ព្រះតេជគុណ បា​នពន្យល់​ថា សម្ភារៈ​និយម​ជ្រុល បាន​ធ្វើ​ឱ្យ​ផ្នែក​ស្មារតី​មាន​សម្ពាធ ដោយ​ប្រាថ្នា​ចង់​បាន​របស់​ទំនើប​ដូចគេ តែ​ខ្លួន​​ឯង​មិន​មាន​លទ្ធភាព​ទិញ។

ព្រះអង្គថា៖ «​​កាលណា​ប្រជាពលរដ្ឋ​របស់​យើង​ផ្ដោត​លើ​ផ្នែក​សម្ភារៈ​និយម​ខ្លាំង​ពេក ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ។ មនុស្ស​មួយ​ចំនួន​ឱ្យ​តម្លៃ​លើ​សម្ភារៈ​និយម ដោយ​មិន​ផ្អែក​លើ​សុជីវធម៌ សីលធម៌​របស់​មនុស្ស​ទេ»។

ព្រះអង្គ​បន្ថែម​ថា សម្ភារៈ​និយម​ជ្រុល​អាច​ធ្វើ​ឱ្យ​មាន​អំពើ​ហឹង្សា​ឬ​ឃាតកម្ម​កើត​ឡើង។ យុវជន​ខ្លះ អាច​ធ្វើ​ឃាតកម្ម លួច​ឆក់ ឬ​ធ្វើ​អំពើ​មិន​ល្អ​ទៅ​លើ​ឪពុកម្ដាយ ដោយសារ​ខ្លួន​មិនមាន​ធនធាន​ដើម្បី​ចំណាយ​លើ​របស់​ទាំង​នោះ។ ដើម្បី​ទទួល​បានប្រយោជន៍ ត្រូវ​ផ្អែក​លើ​ចំណេះដឹង​ក្នុង​ការប្រើប្រាស់​ឱ្យ​ត្រូវ​ប្រកប​សីលធម៌​ល្អ ឪពុកម្ដាយ គ្រូ ថ្នាក់ដឹកនាំ ត្រូវ​បណ្ដុះ​សីលធ​ម៌​ល្អ​គំនិត​ល្អ ដើម្បី​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ និង​ទាញ​ប្រយោជន៍​ពី​របស់​ទាំង​នោះ ហើយ​មនុស្ស​ត្រូវ​យល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​គិត​ថ្លឹងថ្លែង ថា​តើ​ពួកគាត់​ត្រូវ​ប្រើ​ក្នុង​ផ្លូវ​មួយណា​ដើម្បី​ទាញ​ផល​ប្រយោជន៍​បាន។

កញ្ញា សាន បុប្ផា ជានិស្សិត​ឆ្នាំទី៤ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​បាន​ប្រាប់ Newsroom Cambodia ថា បុគ្គល​ដែល​ឲ្យ​តម្លៃ​នូ​វ​សម្ភារៈ​និយម​ជ្រុល​ពេក​ គឺ​ដោយ​សារ​តែ​ការយល់​ដឹង​របស់​ពួកគេ​​នៅ​មានក​ម្រិត។ កញ្ញាបន្ថែម​ថា បើនិយាយ​ក្នុង​បរិបទ​យុវវ័យ នៅ​ពេល​ដែល​ពួកគេ​នាំ​គ្នា​ផ្តោត​ខ្លាំង​តែ​ទៅ​លើ​សម្ភារៈ​និយម ហើយ​ភ្លេច​គិត​ថា​ខ្លួន​ឯង​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​ដែល​ត្រូវ​ក្រេប​យក​នូវ​ចំណេះដឹង​ថ្មីៗ ហើយ​បាត់បង់​នូវ​មនសិការ​មួយ​ថា តើ​ធ្វើម៉េ​ច​ដើម្បី​អាច​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឯង​។

កញ្ញា​ថា៖ «នៅ​ពេល​យុវជន​ទាំងនោះ​ទៅ​ជា​បែបនេះ​ នោះហើ​យ​គឺ​ជា​ការបាត់បង់​​នូវ​ធនធាន​ដ៏​ពោរ​ពេញ​ដោយ​ចំណេះដឹង​ហើយ​ក៏​ជា​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ពីព្រោះ​ថា​​យុវជន​គឺ​ជាទំពាំង​ស្នង​ឬស្សី។

ចំណែក កញ្ញា ស៊ីណា សុធីតា ជានិស្សិត​ឆ្នាំទី៣​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ក​ម្ពុជា បា​នប្រា​ប់ Newsroom Cambodia ថា កញ្ញា​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​សម្ភារៈ​និយម​ ដោយសារ​ សិស្សា​នុសិស្ស​បច្ចុប្បន្ន​ទាំង​សិស្ស​រៀន​ក្នុង​ថ្នាក់​បឋម ឬ​ក៏​អនុវិទ្យាល័យ​ សុទ្ធ​តែ​មាន​សម្ភារៈ​​ប្រើប្រាស់​ទំនើបៗ​​ស្ទើ​គ្រប់គ្នា។​

កញ្ញាបន្ថែមថា​៖ «ដើម្បី​កុំ​ឲ្យ​យុវជន​ទាំងអស់​នោះ​ទំនោរ ឬ​ក៏​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​សម្ភារៈ​និយម គឺ​ត្រូវ​ឲ្យ​ពួកគាត់​មក​អាន​សៀវភៅ ឬ​ក៏​មក​ធ្វើអី​ផ្សេង​ដែល​មាន​ប្រយោជន៍​»។

លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ ផ្នែក​ខេមរៈ​វិទ្យា និងប្រវត្តិសាស្ត្រ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​ប្រាប់ Newsroom Cambodia ថា ការប្រើប្រាស់​សម្ភារៈ​នៅ​លើ​ពិភពលោក​នេះ​ គឺជា​មូលដ្ឋាន​ចាំបាច់​នៅ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​នយោបាយ។

លោក​ថា៖ «យើង​គួរតែ​ទទួល​យក​នូវ​សម្ភារៈ​ណា​ដែល​យើង​អាច​ទទួល​ផល​ពី​សម្ភារៈ​នោះ​សម្រាប់​ជា​ផ្លូវ​វិជ្ជមាន និង​ផ្លូវ​ដែល​មាន​តម្លៃ»។

លោក​បន្ថែម​​ថា កាលណា​យើង​ប្រើប្រាស់​សម្ភារៈ​និយម​ទាំងអស់​នោះ​មិន​បាន​ផល​ប្រយោជន៍​ដល់​ខ្លួន​ឯង និង​សង្គម​ទេ​នោះ​ ការប្រើប្រាស់​សម្ភារៈ​ទាំងអស់​នោះ​មិនមាន​តម្លៃ​នោះ​ទេ។ ដើម្បី​អាច​ប្រើ​ប្រាស់​ទៅ​មាន​គុណ​ប្រយោជន៍​ទៅ​បាន យើង​នឹង​ត្រូវតែ​មាន​បែប​ផែន ការ​​កំណត់ ច្បាស់​លាស់ និង​ត្រូវ​វាស់​ជាមួយ​សមត្ថភាព សមាមាត្រ និង​លទ្ធភាព និង​គិតពី​លទ្ធផល​នៃ​ការប្រើប្រាស់។ ប្រសិន​​បើ​​សមត្ថភាព​មិនមាន លទ្ធភាព​មិនមាន លទ្ធផល​មិន​សមស្រប នោះ​ការប្រើប្រាស់​សម្ភារៈ​ទាំងអស់​នោះ​នឹង​អត់​ប្រយោជន៍ ហើយ​ក្លាយ​ទៅ​ជា​វិបត្តិ​ដល់​សង្គម​ជាតិ​ផង។

លោក បណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវ​ពី​ការអភិវឌ្ឍសង្គម មាន​ប្រ​សាសន៍​ថា មនុស្ស​តែង​ត្រូវ​ការ​សម្ភារៈ​ដើម្បី​បំពេញតម្រូវការរបស់ខ្លួន ពេលប្រជាពលរដ្ឋខ្លះឱ្យតម្លៃ​ទៅលើសម្ភារៈខ្លាំងពេក ដោយមិនបានឱ្យតម្លៃលើស្មារតី សីលធម៌ជាធំ ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសីលធម៌សង្គម ដូច​ជា​ប៉ះពាល់ផលប្រយោជន៍អ្នកដទៃ។

លោក​បន្តថា ប្រជាពលរដ្ឋ​ប្រឹងប្រែង​ធ្វើការ​រកស៊ី​ចិញ្ចឹម​ជីវិត តែ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ឥរិយាបថ​សម្ភារៈ​និយម​ជ្រុល ដែល​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​សម្ភារៈ​ទំនើប។

លោ​ក​​បន្ថែម​​​ថា ប្រសិនបើ​ពួកគាត់​មាន​​សម្ភារៈ​ទាំងនោះ​ដោយ​ការរកស៊ី​ត្រឹមត្រូវ ប្រកប​ដោយ​សីល​ធម៌​​ជា​ការល្អ ប៉ុន្ដែប្រសិន​បើស​ម្ភារៈ​ទាំង​នោះ​មិន​ស្រប​ច្បាប់ អសីល​ធម៌ នោះ​និន្នាការ​នៃ​ការ​ឱ្យ​តម្លៃ​សម្ភារៈ​ជា​ធំ នឹង​ក្លាយ​ជា​ចរន្ដ​មួយ​ដែល​បំផ្លាញ​សង្គម​គ្រប់​វិស័យ​ទាំងអស់។ លោក​ថា នៅ​ពេល​ដែល​មនុស្ស​ចង់​បាន​ហួស​ពី​សមត្ថភាព លទ្ធភាព​ដែល​ខ្លួន​អាច​រក​បាន​ដោយ​សម្មា​អាជីវោ​ មនុស្ស​អាច​ក្លាយ​ជា​ទាសករ​នៃ​សម្ភារៈ​ទាំងអស់​នោះ អាច​ភ្លាំង​ភ្លាត់​ទៅ​ប្រព្រឹត្ត​ល្មើសច្បាប់ ឬ​អសីលធម៌​ដើម្បី​តែ​បំពេញ​ចំ​ណង់​របស់​ខ្លួន​ក្នុង​ការទទួល​បាន​សម្ភារៈ។

លោក ប៉ា ចន្ទរឿន លើកឡើង​ថា៖ «​ដើម្បី​ប្រើ​ប្រាស់​ឱ្យ​ជា​ប្រយោជន៍ ទី១​ត្រូវ​ស្គាល់​ខ្លួន​ឯ​ង​ថា​ជា​នរណា លទ្ធភាព​យើង​អាច​រក យើង​មាន​របស់​​ទ្រព្យ​កម្រិត​ណា ដើម្បី​ឱ្យ​ទ្រព្យ​ដែល​យើង​យក​ម​ក​ជា​សម្បត្តិ​កុំ​ឱ្យ​ក្លាយ​ជា​បំណុល។ សង្គម​យើង​គួរ​តែ​មាន​ការអប់រំ មាន​បែ​ងចែក​រវាង​ត្រូវ​ការ និង​ចំណង់ ការច​ង់​របស់​មនុស្ស​ឥត​មាន​ព្រំដែន ប៉ុន្តែ​តម្រូវការ​មាន​កម្រិត​ បើយើង​អាច​បែង​រឿងនេះ​បាន យើង​អាច​ដក​ខ្លួន​ជៀស​ផុត​ពី​អន្ទាក់​សម្ភារៈ​និយម​ក្នុង​ជីវិត»។

លោក ប៉ា ច័ន្ទ​រឿន បន្ថែម​ថា  សង្គម​ទាំងមូល​គួរ​តែ​នាំគ្នា​ផ្លាស់​ប្ដូរ​ការយល់​ឃើញ ​ទស្សនៈ​វិស័យ ចំពោះ​ការ​ឱ្យ​តម្លៃ​មនុស្ស​ក្នុង​សង្គម កុំ​ទាន់​ឱ្យ​តម្លៃ​ដោយ​គ្រាន់តែ​ឃើញ​ទ្រព្យ​សម្បត្តិ​របស់​គេ ត្រូវ​ដឹង​ពី​ប្រភព​ដែល​គេ​រក​បាន​មក​នោះ​សិន ចាំ​ឱ្យ​តម្លៃ៕​