ការរីករាលដាលជាសកលនៃជម្ងឺកូវីដ ១៩ បានធ្វើឲ្យចំណូលពីការនាំចូលយានយន្ត និងគ្រឿងចក្រ ថយចុះ ៣១,៥% ពិន្ទុភាគរយ ក្នុងឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គ្រាដែលការនាំចូលរថយន្ដបានថយចុះ២៦,៨ភាគរយនៅឆមាសទី១។ នេះយោងតាមរបាយការណ៏ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ។
ចំណូលគយ និងរដ្ឋាករអនុវត្តបានចំនួន ៤ ៩៦០ ៤៥៥ លានរៀល ឬស្មើនឹង ៤២,៦% នៃច្បាប់ហិរញ្ញវត្ថុ គឺទាបជាង ២២,៥ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលអនុវត្តបាន៦៥,១% នៃច្បាប់ហិរញ្ញវត្ថុ។ បើគិតជាសាច់ប្រាក់ ចំណូលគយ និងរដ្ឋាករបានថយចុះ ១៦,២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
របាយការណ៍ បានបញ្ជាក់ថា «ការថយចុះនៃចំណូលនេះ គឺបណ្ដាលមកពីការផ្ទុះឡើង និងការរីករាលដាលជាសកលនៃជម្ងឺកូវីដ ១៩ ដែលបង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញ និងការធ្លាក់ចុះតម្រូវការមុខទំនិញមួយចំនួនជាពិសេសយានយន្ត ដែលជាប្រភពចំណូលគយដ៏សំខាន់»៕