ការ​រីករាល​ដាល​ជា​សកលនៃ​ជម្ងឺ​កូ​វីដ ១៩ បានធ្វើឲ្យចំណូល​ពី​ការ​នាំ​ចូល​យាន​យន្ត ​និង​គ្រឿង​ចក្រ ​ថយ​ចុះ ៣១,៥% ពិន្ទុ​ភាគរយ ​ក្នុងឆ្នាំ២០២០នេះ ធៀប​នឹងរយៈ​ពេល​ដូចគ្នា​ឆ្នាំមុន គ្រាដែលការ​នាំ​ចូល​រថយន្ដ​បាន​ថយ​ចុះ២៦,៨ភាគរយនៅ​ឆមាស​ទី១​។ នេះយោងតាមរបាយការណ៏ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ។

ចំណូល​គយ និង​រដ្ឋាករ​អនុវត្ត​បាន​ចំនួន​ ៤ ៩៦០ ៤៥៥ លាន​រៀល​ ​ឬស្មើនឹង​ ៤២,៦% នៃច្បាប់ហិរញ្ញវត្ថុ គឺ​ទាប​ជាង​ ២២,​៥ ពិន្ទុ​ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៩​ ដែល​អនុវត្ត​បាន​៦៥,១% នៃ​ច្បាប់​ហិរញ្ញវត្ថុ។ បើ​គិត​ជា​សាច់​ប្រាក់​ ចំណូល​គយ​ និង​រដ្ឋា​ករបាន​ថយ​ចុះ​ ១៦,២% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩។

របាយ​ការណ៍​ បាន​បញ្ជាក់​ថា​​ «ការ​ថយ​ចុះ​នៃ​ចំណូល​នេះ គឺ​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឡើង និង​ការ​រីករាល​ដាល​ជា​សកលនៃ​ជម្ងឺ​កូ​វីដ ១៩ ដែល​បង្ក​អោយ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ ការ​រាំង​ស្ទះ​ដល់​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​ទំនិញ​ និង​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​មុខ​ទំនិញ​មួយ​ចំនួនជា​ពិសេស​យានយន្ត​ ដែល​ជា​ប្រ​ភព​ចំណូល​គយ​ដ៏​សំខាន់»៕