ក្រុមហ៊ុន «ភូមិវប្បធម៌កម្ពុជា» នៅខេត្តសៀមរាប បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ដោយអះអាងថា សេដ្ឋកិច្ចរបស់ក្រុមហ៊ុនជួបការលំបាកខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជា ចេញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវចូលទស្សនាថយចុះយ៉ាងគំហុកជាច្រើនខែ បណ្តាលឲ្យក្រុមហ៊ុនជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមិនអាចផ្គត់ ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបាន។
ក្នុងសេចក្តីជូនដំណឹងនោះបន្ថែមថា ការបិទអាជីវកម្មនេះនាំឲ្យមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជានឹងទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បបញ្ញត្តិស្តីពីការងារ។
កញ្ញា ស៊ិន សុគន្ធារ៉ា បុគ្គលិកក្រុមហ៊ុនវប្បធម៌កម្ពុជាប្រាប់ Newsroom Cambodia នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា កញ្ញា និងបុគ្គលិកទាំងអស់មានការភ្ញាក់ផ្អើល និងសោកស្តាយនៅពេលឮថាក្រុមហ៊ុនប្រកាសបិទទ្វារ។ កញ្ញាបន្ថែមថា ក្នុងពេលបច្ចុប្បន្ន កញ្ញាមិនទាន់ដឹងថាត្រូវរកការងារអ្វីធ្វើបន្តនៅឡើយទេ។
កញ្ញាថា៖ «ខ្ញុំត្រូវបាត់បង់ការងារក្នុងខណៈពេលដែលស្ថានភាពកូវីដបែបនេះ គឺពិបាករកការងារធ្វើណាស់»។
ចំណែកលោក ទូច សុជាតិ អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាម្នាក់ទៀត ប្រាប់ Newsroom Cambodia ដែរថា ពាក់ព័ន្ធនឹងសេចក្តីប្រកាសរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាដែលថានឹងទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ គឺក្រុមហ៊ុននឹងមានវាគ្មិនមួយដើម្បីស្រាយចម្ងល់ឬក៏បង្ហាញពីបែបបទនិងលក្ខ័ណ្ឌផ្សេងៗដល់បុគ្គលិកទាក់ទិននិងបញ្ហានេះ។
លោកថា៖ «យើងនឹងឲ្យខាងមន្ទីរការងារចុះទៅសម្របសម្រួលការងារ បានន័យថាគាត់នឹងបង្ហាញអំពីលក្ខខណ្ឌនៃការទូទាត់ហ្នឹងទាំងអស់ គឺខាងមន្ទីរជាអ្នករៀបចំ។ យើងនឹងមានវាគ្មិនខាងមន្ទីរដើម្បីឲ្យអស់ចម្ងល់ដល់បុគ្គលិក»។
ភូមិវប្បធម៌កម្ពុជាមានទីតាំងស្ថិតនៅភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប។ ភូមិវប្បធម៌កម្ពុជាគឺជាកូនភូមិគំរូមួយដែលមានសំណង់ផ្ទះ និងអគារប្រវត្តិសាស្រ្តទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និង ជីវភាពរបស់ជនជាតិទាំងអស់។ កន្លែងនេះមានទំហំ២១០,០០០ម៉ែត្រការ៉េ។ ក្នុងភូមិវប្បធម៌កម្ពុជាមានភូមិចំនួន១២ ដែលតំណាងឲ្យវប្បធម៌ផ្សេងៗគ្នា និងចរិតលក្ខណៈរបស់ជនជាតិ១៩។ ទីនោះក៏មានការសម្តែងរបាំអប្សរា និងរបាំរបស់ជនជាតិភាគតិចនៅកម្ពុជា និង អាចទស្សនាការសម្តែងអំពីប្រពៃណីរៀបអាពាហ៌ពិពាហ៍របស់ជនជាតិខ្មែរ ព្រមទាំងរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងច្នៃត្បូងជាដើម៕