ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះថា ថវិកា៤០ភាគរយពីការលក់លេខយានយន្ដពិសេសផ្ទាល់ខ្លូន នឹងត្រូវយកមកចូលមូលនិធិកាត់បន្ថយភាពក្រីក្ររបស់កាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃវិធានការពង្រឹងកៀរគរចំណូលមិនមែនសារពើពន្ធក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩។
យោងតាមរយៈរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងលទ្ធផលប៉ាន់ស្មាននៃការអនុវត្តថវិកាឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថា នេះគឺជាគោលការណ៍ពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
របាយការណ៍នោះបានបន្ថែមថា៖ «រីឯប្រាក់ដែលនៅសេសសល់បង់ចូលថវិការដ្ឋ និងដកមួយចំនួនសម្រាប់ការពង្រឹងយន្តការនៃការប្រមូលចំណូល។ ការប៉ាន់ស្មានចំណូលថ្មីនេះ អាចបង់ចូលថវិការដ្ឋប្រមាណ៩,០០០ លានរៀល ហើយចំណូលនេះមិនមានគ្រោងក្នុងច្បាប់ហិរញ្ញវត្ថុទេ»។
គួររំលឹកផងដែរថា ចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា រកបានចំណូលប្រមាណ៦លានដុល្លារ ចូលជាថវិការដ្ឋក្នុងរយៈពេល៩ខែ តាមរយៈការលក់ស្លាកលេខយានយន្ដពិសេសផ្ទាល់ខ្លួន៕