យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន១១នាក់ ដោយសារគ្រោះទឹកជំនន់ ចាប់ពីដើមខែតុលាមក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ លោក ឃុន សុខា។
ភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ បានបណ្ដាលឱ្យមានទឹកជន់លិចនៅខេត្ត ក្រុង ចំនួន១១ រួមមានពោធិសាត់ ប៉ៃលិន កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង កំពង់ស្ពឺ តាកែវ ស្ទឹងត្រែង កណ្ដាល និងរាជធានីភ្នំពេញ។ ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺប៉ៃលិន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា លើកឡើងថា ក្នុងចំណោមជនរងគ្រោះ១១នាក់ ដែលបានបាត់បង់ជីវិត ក៏មានកុមារម្នាក់ផងដែរ។
លោកបន្ថែមទៀតថា រហូតមកដល់ពេលនេះ ទឹកជំនន់បានស្រកបន្តិចនៅតាមខេត្តមួយចំនួន គ្រាដែលខេត្តមួយចំនួនទៀតមិនទាន់ស្រកនោះដោយសារកម្ពុជាក៏កំពុងតែស្ថិតនៅចន្លោះព្យុះលីនហ្វា (LINFA) ទី១៥ ដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
តាមរយៈទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យទី១១ ខែតុលា បានប្រាប់ដល់ក្រសួងដែលពាន់ព័ន្ធ បន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
កាលពីថ្ងៃ១១ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរធារណការ និងដឹកជញ្ជូនខេត្ត ក៏បានប្រកាសឱ្យផ្អាកបណ្ដោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តពោធិ៍សាត់ និងបាត់ដំបង ដើម្បីធានាបានសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ អំឡុងពេលមានភ្លៀងព្យុះ៕