ពុទ្ធិកសិក្សាជាវិស័យអប់រំតាមបែបព្រះពុទ្ធសាសនា ដែលបានបង្កើតតាំងពីសម័យដើមមក ដើម្បីបណ្ដុះបណ្ដាលធនធានព្រះសង្ឃ និងកាត់បន្ថយអត្រាអនក្ខរភាពក្នុងសង្គម តាមរយៈការផ្ដល់ចំណេះដឹង និងសីលធម៌ ដែលជាគ្រឹះរួមចំណែកក្នុងការលើកកម្ពស់សង្គមជាតិ និងតម្លៃព្រះពុទ្ធសាសនា។
ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភា មានព្រះថេរៈដីការថា ពុទ្ធិកសិក្សាជាវិស័យមួយដែលកើតឡើងយូរឆ្នាំមកហើយ តាំងពីដូនតាអ្នកប្រាជ្ញបង្កើតមក ដើម្បីបណ្ដុះបណ្ដាលធនធានព្រះសង្ឃ។
ព្រះតេជគុណថា៖ «ពុទ្ធិកសិក្សាយើងពីសម័យដើមរហូតដល់បច្ចុប្បន្នហ្នឹង ពុទ្ធិកសិក្សាក៏បានដើរតួនាទីឈានមុខគេផងដែរ។ វិស័យពុទ្ធិកសិក្សា មានប្រព័ន្ធសិក្សាមិនខុសពីសាលារដ្ឋទេ ហើយអាចលើសសាលារដ្ឋទៀតផង ដោយសារបន្ថែមផ្នែកព្រះពុទ្ធសាសនាក្នុងវិស័យនេះ»។
ព្រះសុមេធវង្ស ពន្យល់ថា សាលាពុទ្ធិកមិនមែនរៀនត្រឹមតែពុទ្ធសាសនាទេ គឺចម្រុះទាំងវិជ្ជាផ្លូវលោកគ្រប់មុខវិជ្ជាទាំងអស់ ចេះទាំងវិជ្ជាផ្លូវលោក ចេះទាំងវិជ្ជាផ្លូវធម៌ ដែលបញ្ចូលសីលធម៌ និងទ្រឹស្ដីពុទ្ធសាសនារហូតដល់សិក្សាវិភាគតាមបែបទស្សនៈវិជ្ជា។
បច្ចុប្បន្នពុទ្ធិកសិក្សាត្រូវបានរៀបចំជាបីកម្រិតគឺ កម្រិតបឋម មធ្យម និងកម្រិតឧត្តម ដែលមានអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិជាស្ថាប័នទទួលខុសត្រូវនៅក្នុងក្រសួងធម្មការ និងសាសនា។ ព្រះអង្គបានបន្ថែមថា បច្ចុប្បន្នមានបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយទៅខាងមុខនឹងអាចបើកបណ្ឌិតបន្តទៀត ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ព្រះតេជគុណថា ពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃពុទ្ធសាសនានៅក្នុងសង្គមខ្មែរ៖ «ពុទ្ធិកសិក្សាបណ្ដុះទាំងសីលធម៌ គុណធម៌ ទាំងសមត្ថភាពឱ្យមនុស្ស ដែលអាចជួយខ្លួនឯង គ្រួសារ ពុទ្ធសាសនា និងសង្គមជាតិ»។
ព្រះអង្គបន្ថែមថា ការសិក្សារបស់ព្រះសង្ឃជាមួយគ្រហស្ថមិនមានទាស់ខុសអ្វីទេ ដោយសារការវិវត្តនៃសង្គម និងតម្រូវការចាំបាច់របស់ព្រះសង្ឃដែលចង់ចេះចង់ដឹង ហើយនិស្សិតជាគ្រហស្ថអាចមករៀនពុទ្ធិកសិក្សាបានដែរ។
ព្រះតេជគុណ លីន យូរ៉ា អតីតសមណសិស្ស រៀននៅពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ប្រាប់ Newsroom Cambodia ថា សាលាពុទ្ធិកសិក្សា និងសាលារបស់គ្រហស្ថ មានភាពខុសគ្នាច្រើន ដោយសារពុទ្ធិកសិក្សាមិនមានបែងចែកថ្នាក់សង្គម ឬក៏ថ្នាក់វិទ្យាសាស្ត្រដោយឡែកពីគ្នានោះទេ គឺរៀន និងប្រលងគ្រប់មុខវិជ្ជា ចំណែកការប្រឡងមានរយៈពេលបីថ្ងៃ។ ព្រះអង្គបន្ថែមថា សម្រាប់មុខវិជ្ជារៀនមានរហូតដល់១៣ ឬក៏១៤ មុខទៅតាមសាលានីមួយៗ ដូចជា ភាសាបាលី សំស្ក្រឹត អភិធម្ម សាសនា ភាសាខ្មែរ ភាសាអង់គ្លេស ភាសាបារាំង រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ជីវៈវិទ្យា ផែនដីវិទ្យា ភូមិវិទ្យា និងប្រវត្តិវិទ្យា។
ព្រះអង្គបញ្ជាក់ថា៖ «ពុទ្ធិកសិក្សាជួយកូនខ្មែរបានច្រើនណាស់ ជាពិសេសគឺព្រះសង្ឃដែលលោកបួសហើយបានរៀនក្នុងពុទ្ធិកសិក្សា មិនត្រឹមតែបានចេះដឹងផ្នែកព្រះពុទ្ធសាសនាទេ ថែមទាំងចំណេះដឹងផ្សេងៗទាក់ទងនឹងសង្គមខាងក្រៅផងដែរ»។
ព្រះអង្គបន្តថា នៅពេលដែលព្រះសង្ឃលោកមានចំណេះដឹងដែលបានទទួលពីពុទ្ធិកសិក្សាហើយ លោកបានយកចំណេះទាំងអស់នោះទៅបង្រៀនក្មេងៗ ឬក៏សិស្សានុសិស្សនៅតាមបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម ឲ្យចេះដឹងនូវអ្វីដែលពាក់ព័ន្ធជាមួយគុណធម៌ សីលធម៌ និងសុជីវធម៌ ហើយឲ្យមានគុណធម៌ សីលធម៌ សុជីធម៌នៅក្នុងការរស់នៅទៀតផង ។
ព្រះអង្គថា៖ «នេះគឺជាការជួយសង្គម ប្រយោជន៍ដែលយើងទទួលបានពីពុទ្ធិកសិក្សាយើងជួយសង្គម និងជួយខ្លួនឯងឲ្យរួចផុតពីអវិជ្ជា»។
ទន្ទឹមនឹងការរៀនដែលពោរពេញដោយអត្ថប្រយោជន៍ ព្រះអង្គក៏បានរៀបរាប់អំពីបញ្ហាប្រឈមសម្រាប់ព្រះសង្ឃដែលរៀននៅពុទ្ធិកសិក្សានោះថា កុដិសម្រាប់សឹង ឬក៏កន្លែងសម្រាប់ស្នាក់នៅមានភាពខ្វះខាត និងចង្អៀត។ ព្រះសង្ឃត្រូវនិមន្តដើរទៅសាលារៀនដែលមានចម្ងាយឆ្ងាយមួយគីឡូទៅពីរគីឡូទៅតាមបរិបទជាក់ស្តែង។ ការរៀនគួរបន្ថែមខាងក្រៅស្ទើរតែមិនមាន ហើយព្រះសង្ឃអង្គខ្លះគឺមិនបានរៀនគួរអីបន្ថែមនៅខាងក្រៅតែម្តង ដូច្នេះចំណេះដឹងទាំងអស់គឺពឹងទៅលើការសិក្សាក្នុងសាលាទាំងស្រុង។
លោក ថាយ ប៊ុនថន អតីតសិស្សរៀននៅពុទ្ធិកវិទ្យាល័យសុរាម្រិត រាជធានីភ្នំពេញ ប្រាប់ Newsroom Cambodia ថា ពុទ្ធិកសិក្សាជួយកូនខ្មែរបានច្រើនណាស់ ជាពិសេសកូនអ្នកក្រីក្រ និងព្រះសង្ឃដែលបានឆ្លងកាត់ ឬក៏បានសិក្សារៀនសូត្រនៅថ្នាលពុទ្ធិក គឺងាយ និងឆាប់បាននូវឱកាស និងយល់ដឹងពីតម្លៃជីវិតពិតប្រាកដ។
លោកថា៖ «ពុទ្ធិកសិក្សាគឺដូចជាកន្លែងមួយដែលបានបណ្តុះនូវព្រលឹងដ៏បរិសុទ្ធ មានន័យថាជាកន្លែងដែលបណ្ដុះសតិអារម្មណ៍ឲ្យស្រឡាញ់ និងខ្វល់ខ្វាយពីសង្គមជាតិច្រើន»៕