ពុទ្ធិកសិក្សាជាវិស័យ​អប់រំ​តាមបែបព្រះពុទ្ធសាសនា ដែល​បាន​បង្កើត​តាំង​ពី​សម័យ​ដើម​មក ​ដើម្បី​បណ្ដុះ​ប​ណ្ដាល​ធនធាន​ព្រះសង្ឃ និង​កាត់​បន្ថ​យ​អត្រា​អនក្ខរភាព​ក្នុង​សង្គម តាមរយៈការ​​ផ្ដល់​ចំ​ណេះដឹ​ង និង​​សីល​ធម៌ ដែល​​ជា​គ្រឹះ​រួម​ចំណែក​ក្នុង​ការលើក​កម្ពស់​​​​​សង្គ​ម​​​​ជាតិ និង​តម្លៃ​ព្រះពុទ្ធ​សាសនា។

ព្រះសុមេធ​វង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធាន​ផ្នែក​ពុទ្ធិ​ក​ឧត្តម​សិក្សា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិត្យ​សភា  មាន​ព្រះថេរៈ​ដីការ​ថា ពុទ្ធិ​ក​សិក្សា​ជា​វិស័យ​មួយ​ដែល​កើត​ឡើង​យូរ​ឆ្នាំ​មក​ហើយ តាំងពី​ដូនតា​​អ្ន​ក​ប្រាជ្ញ​​បង្កើត​មក ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​ព្រះសង្ឃ​។

ព្រះ​តេជ​គុណ​ថា៖ «ពុទ្ធិ​​ក​សិក្សា​យើង​ពី​សម័យ​ដើម​រហូត​ដល់​បច្ចុប្បន្ន​ហ្នឹង ពុទ្ធិ​ក​សិក្សាក៏​បាន​ដើរ​តួនាទី​ឈាន​មុខ​គេ​ផង​ដែរ។ វិស័យ​ពុទ្ធិក​សិក្សា មាន​ប្រព័ន្ធ​សិក្សា​មិន​ខុស​ពី​សាលា​រដ្ឋ​ទេ ហើយ​អាច​លើស​សាលា​រដ្ឋ​ទៀត​ផង ដោយសារ​បន្ថែម​ផ្នែក​ព្រះពុទ្ធ​សាសនា​ក្នុង​វិស័យ​នេះ»។

ព្រះសុមេធវង្ស ពន្យល់​ថា សាលា​ពុ​ទ្ធិ​ក​មិនមែន​រៀន​ត្រឹម​តែ​ពុទ្ធ​សាសនា​ទេ គឺ​ចម្រុះ​ទាំង​វិជ្ជា​ផ្លូវ​លោក​គ្រប់​មុខ​វិជ្ជា​ទាំងអស់ ​ ចេះ​ទាំង​វិជ្ជា​ផ្លូវ​លោក ចេះ​ទាំង​វិជ្ជា​ផ្លូវ​ធម៌ ដែល​បញ្ចូល​សីលធម៌ និង​ទ្រឹស្ដី​ពុទ្ធសាសនា​រហូត​ដល់​សិក្សា​វិភាគ​តាម​បែប​ទស្សនៈ​វិជ្ជា​។

បច្ចុប្បន្ន​ពុទ្ធិ​ក​សិក្សា​ត្រូវ​បាន​រៀបចំ​ជា​បី​កម្រិត​គឺ កម្រិត​បឋម មធ្យម និង​កម្រិត​ឧត្តម ដែល​មាន​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​ជា​ស្ថាប័ន​ទទួល​ខុសត្រូវ​នៅ​ក្នុង​ក្រសួង​ធម្មការ និង​សាសនា។ ព្រះអង្គ​បាន​បន្ថែ​ម​ថា បច្ចុប្បន្ន​មាន​បើក​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ហើយ​ទៅ​ខាង​មុខ​នឹង​អាច​បើក​បណ្ឌិត​បន្ត​ទៀត ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់។

ព្រះតេជ​គុណ​ថា ពុទ្ធិក​សិក្សា​ជា​ឆ្អឹង​ខ្នង​នៃ​ពុទ្ធសាសនា​នៅ​ក្នុង​សង្គម​ខ្មែរ៖ «ពុទ្ធិក​សិក្សា​បណ្ដុះ​ទាំង​សីលធម៌ គុណធម៌ ទាំង​សមត្ថភាព​ឱ្យ​មនុស្ស ដែល​អាច​ជួយ​ខ្លួន​ឯង គ្រួសារ ពុទ្ធ​សាសនា និង​សង្គម​ជាតិ»។

ព្រះអង្គ​បន្ថែម​​ថា ការសិក្សា​របស់​ព្រះសង្ឃ​ជាមួយ​គ្រហស្ថ​មិនមាន​ទាស់​ខុស​អ្វី​ទេ ដោយ​សា​រ​ការវិវ​ត្ត​នៃ​សង្គម និង​តម្រូវការ​ចាំបាច់​របស់​ព្រះសង្ឃដែល​ចង់​ចេះ​ចង់​ដឹង ហើយ​និស្សិត​ជា​គ្រហស្ថ​​អាច​មក​រៀន​ពុទ្ធិ​កសិក្សា​បាន​ដែរ។

ព្រះតេ​ជគុណ លីន យូរ៉ា អតីត​សមណ​សិស្ស រៀន​នៅ​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ក្រុង​សៀមរាប​​ ប្រាប់ Newsroom Cambodia ថា សាលា​ពុទ្ធិក​សិក្សា និង​សាលា​របស់​​គ្រហស្ថ ​​មាន​​ភាព​​ខុសគ្នា​​ច្រើន​ ដោយសារ​​ពុទ្ធិ​ក​សិក្សា​មិន​មាន​បែងចែក​ថ្នាក់ស​ង្គម ឬ​ក៏​ថ្នាក់​វិទ្យា​សាស្ត្រ​​ដោយឡែក​ពី​គ្នានោះទេ ​គឺ​រៀន​ និង​ប្រលង​គ្រប់​មុខវិជ្ជា​ ចំណែក​ការ​ប្រឡង​មានរយៈពេលបីថ្ងៃ។ ព្រះ​អង្គ​បន្ថែម​ថា ​សម្រាប់​​មុខវិជ្ជា​រៀន​​មាន​រហូត​ដល់​​១៣ ឬក៏១៤ មុខទៅ​តាមសាលានីមួយៗ ដូច​ជា ភាសា​បាលី សំស្ក្រឹត អភិធម្ម សាសនា ភាសាខ្មែរ ភាសា​អង់គ្លេស ភាសាបារាំង រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ជីវៈវិទ្យា ផែនដីវិទ្យា ភូមិវិទ្យា និងប្រវត្តិវិទ្យា។

ព្រះអង្គបញ្ជាក់​ថា៖ «ពុទ្ធិ​ក​សិក្សា​ជួយ​កូន​ខ្មែរ​បាន​ច្រើន​ណាស់ ជាពិសេស​គឺ​ព្រះសង្ឃ​ដែល​លោក​បួស​ហើយ​បាន​រៀន​ក្នុង​ពុទ្ធិក​សិក្សា មិន​ត្រឹម​តែ​បាន​ចេះ​ដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា​ទេ ថែមទាំង​ចំណេះដឹង​ផ្សេងៗ​ទាក់ទង​នឹង​សង្គម​ខាង​ក្រៅផង​ដែរ»។

ព្រះអង្គបន្តថា នៅ​ពេល​ដែល​ព្រះសង្ឃ​លោក​មាន​ចំណេះដឹង​ដែល​បាន​ទទួល​ពី​ពុទ្ធិ​កសិក្សា​ហើយ លោក​បាន​យក​ចំណេះ​ទាំងអស់​នោះ​ទៅ​បង្រៀន​ក្មេងៗ ឬ​ក៏​សិស្សា​នុសិស្ស​នៅ​តាម​បឋម​សិក្សា អនុ​វិទ្យាល័យ និ​ង​វិទ្យាល័យ​ជាដើម ឲ្យ​ចេះ​ដឹង​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​គុណធម៌ សីលធម៌ និង​សុជីវធម៌ ហើយ​ឲ្យ​មាន​គុណធម៌ សីលធម៌ សុជីធម៌​នៅ​ក្នុង​ការ​រស់នៅ​ទៀត​ផង ។

ព្រះអង្គ​ថា៖ «នេះ​គឺ​ជា​ការជួយ​សង្គម ប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​ពុទ្ធិក​សិក្សា​យើង​ជួយ​សង្គម និង​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ផុត​ពី​អវិជ្ជា»។​

ទន្ទឹម​នឹង​ការ​រៀន​ដែល​ពោរពេញ​ដោយ​អត្ថប្រយោជន៍ ព្រះអង្គ​ក៏​បាន​រៀបរាប់​​អំពី​បញ្ហា​ប្រឈម​សម្រាប់​ព្រះសង្ឃ​ដែល​​រៀននៅពុទ្ធិ​ក​សិក្សា​នោះ​ថា កុដិ​សម្រាប់​សឹង ឬ​ក៏​កន្លែង​សម្រាប់​ស្នាក់​នៅ​មាន​ភាព​ខ្វះខាត និង​ចង្អៀត។ ព្រះសង្ឃ​ត្រូវ​និមន្ត​ដើរ​ទៅ​សាលារៀន​ដែល​មាន​ចម្ងាយ​ឆ្ងាយ​មួយ​គីឡូ​ទៅ​ពីរ​គីឡូ​ទៅ​តាម​បរិបទ​ជាក់ស្តែង​។ ការរៀន​គួរ​បន្ថែម​ខាង​ក្រៅ​​​ស្ទើរ​តែ​មិនមាន ហើយ​ព្រះសង្ឃ​អង្គ​ខ្លះ​គឺ​មិន​បាន​រៀន​គួរ​អី​បន្ថែម​នៅ​ខាង​ក្រៅ​តែម្តង ដូច្នេះ​ចំណេះដឹង​ទាំងអស់​គឺ​ពឹង​ទៅ​លើ​ការសិក្សា​ក្នុង​សាលា​ទាំង​ស្រុង។

លោក ថាយ ប៊ុនថន ​អតីត​សិស្ស​រៀន​នៅ​ពុទ្ធិក​វិទ្យាល័យ​សុរាម្រិត រាជធានី​ភ្នំពេញ​ ប្រាប់ Newsroom Cambodia ថា ពុទ្ធិកសិក្សា​ជួយ​កូន​ខ្មែរ​បាន​ច្រើន​ណាស់​ ជាពិសេស​កូន​អ្នក​ក្រីក្រ និង​ព្រះសង្ឃ​ដែល​បាន​ឆ្លង​កាត់ ឬ​ក៏​បាន​សិក្សា​រៀនសូត្រ​នៅ​ថ្នាល​ពុទ្ធិក គឺ​ងាយ​ និង​ឆាប់​បាន​នូវ​ឱកាស និង​យល់​ដឹង​ពី​តម្លៃ​ជីវិត​ពិតប្រាកដ។

លោក​ថា៖ «ពុទ្ធិក​សិក្សា​គឺ​ដូចជា​កន្លែង​មួយ​ដែល​បាន​បណ្តុះ​នូវ​ព្រលឹង​ដ៏​បរិសុទ្ធ មាន​ន័យ​ថា​ជា​កន្លែ​ង​ដែល​បណ្ដុះស​តិអារម្មណ៍​ឲ្យ​ស្រឡាញ់ និង​ខ្វល់ខ្វាយ​ពី​សង្គម​ជាតិ​ច្រើន»៕