ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​អ​នុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ទាំងអស់​បើក​ដំណើរការ​ឡើង​វិញ បន្ទាប់ពី​ស្ថានភា​ព​នៃ​ជំងឺ​កូវីដ១៩ មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន។​

បើ​តាម​សេចក្ដី​ប្រកាស​របស់​​ក្រសួង​អប់រំ​ចេញ​នៅ​ថ្ងៃ​ទី​៩ ​ខែតុលា ឆ្នាំ​២០២០ ស្ដី​​អំពី​​ការ​​អនុញ្ញាត​​​​ឱ្យ​​ដំណើរ​ការ​​ឡើង​វិញនូវគ្រឹះស្ថាន​ឧត្តម​សិក្សា​​សាធារណៈ​ បញ្ជាក់​ថា​ ក្នុង​​ដំណាក់​កាល​​​នៃ​​ការប្រកាស​ឱ្យ​បើ​ក​សាលា​ឡើងវិញ​នេះ ធ្វើ​ឡើង​ដោយ​ទៅ​យោង​តាម គោល​ការណ៍​ប្រតិបត្តិ​ស្តង់​ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថាន​សិក្សាឡើងវិញ​ក្នុង​បរិបថ​នៃ​ជំ​ងឺកូវីដ-១៩ របស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។   

ក្នុង​សេចក្តី​ប្រកាស​នោះ​បន្ថែម​ថា៖ «ការអនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ទាំង​អស់ អាច​បើក​ដំណើរការ​ឡើង​វិ​ញ​បាន ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ​ទាំងអស់​ត្រូវ​គោរព និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​បំផុត​ តាម​ខ្លឹមសារ​នៃ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ផ្សេងៗ​ទៀត​ដែល​មាន​ជា​ធរមាន»។

ការប្រកាស​ឱ្យ​បើក​សាលា​ឡើងវិញ​នៅ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់ពី​បាន​បិទទ្វារ​អស់​រយៈពេល​ប្រមាណជា​៧ខែ ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​​ជំងឺ​កូវី​ដ​១៩ ដោយ​គិត​ចាប់​​​ពី​ថ្ងៃ​ទី​១៤មីនា រហូត​​​ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០២០ ដែល​ជា​កាល​កំណត់​ឱ្យ​ដំណើការ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ឡើង​វិញ។

តាមរយៈ​ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា​ (SOP) នេះ គឺ​សម្រាប់​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុង​បរិបទ​កូវីដ​១៩ ដែល​បាន​រៀបចំ​ឡើង មាន​វត្ថុ​បំណង​ណែនាំ​អំពី​វិធាន​នានា រួមទាំង​វិធានការ​សុខាភិបាល ដើម្បី​ឱ្យ​គ្រឹះស្ថាន​សិក្សា​អាច​រៀបចំ និង​ត្រៀម​លក្ខណៈ​ដំណើរការ​ការបង្រៀន និង​រៀន​ឡើង​វិញ ក៏​ដូចជា​ការ​បន្ត​អភិវឌ្ឍន៍​គ្រឹះស្ថាន​សិក្សា​នីមួយៗ​ឱ្យ​មាន​និរន្តរភាព ធានា​បាន​នូវ​សុវត្ថិភាព សុខភាព​សម្រាប់​​បុគ្គលិក​សិក្សា គ្រូ​ប​ង្រៀន និង​សិស្សា​នុសិស្ស​ក្នុង​បរិបទ​កូវីដ​១៩ និង​ទៅ​​អនាគត។

គិត​ត្រឹម​ថ្ងៃទី១៣​ ខែ​តុលា ឆ្នាំ​២០២០​នេះ អ្នក​ព្យាបាល​ជា​សះស្បើយ​ពី​កូវីដ​១៩ មាន​ចំនួន​សរុប​​២៧៨​នាក់ នៅ​ទូទាំង​ប្រទេស ដោយ​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីពេទ្យ​ចំនួន ៥​នាក់។ នេះបើ​យោង​តាម​​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល៕