(ភ្នំពេញ)៖ និស្សិតដែលជួលបន្ទប់ស្នាក់នៅដើម្បីបន្តការសិក្សាតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញត្អូញត្អែរពីទឹកជន់លិចបន្ទប់ពួកគេរាល់ពេលភ្លៀងម្តងៗ បណ្តាលឲ្យពិបាកក្នុងការរស់នៅ និងខកខានការធ្វើដំណើរ។
កញ្ញា វ៉ង ស្រីម៉ៃ និស្សិតឆ្នាំទី២ឯកទេស សង្គមកិច្ចនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល២ ប្រាប់ Newsroom Cambodia នៅថ្ងៃទី១២ ខែតុលា នេះថា បន្ទប់ដែលកញ្ញាជួលនៅម្តុំលូប្រាំ សង្កាត់បឹងទំពុន ខណ្ឌស្ទឹងមានជ័យ តែងលិចចូលដល់បន្ទប់ត្រឹមជង្គង់ រាល់ពេលមានភ្លៀងធំម្តងៗ។ កញ្ញាបន្តថា រាល់ពេលលិចធ្វើឲ្យទទឹកសម្ភារៈផ្សេងៗ និងធ្វើឲ្យបន្ទប់ទឹកស្ទះប្រើការមិនបាន។
«ពេលខ្ញុំបរិភោគវិញពិបាកនៅក្នុងការធ្វើម្ហូបដាំបាយ លាងចាន ហើយពេលខ្លះម៉ូតូរបស់ខ្ញុំដែលដាក់នៅក្នុងបន្ទប់នោះត្រូវបានទឹកចូលនៅក្នុងបំពង់ស៊ីម៉ាំង។ ហើយមានពេលខ្លះក៏ខ្ញុំឃើញមានសត្វតូចល្អិតចូលទៅក្នុងបន្ទប់ ដែលធ្វើឲ្យខ្ញុំខ្លាចមិនហ៊ានគេង ចំណែកក្លិនទឹកដែលហូរចូលក្នុងបន្ទប់វិញ គឺស្អុយហើយពណ៌ឡើងខ្មៅ»។
និស្សិតម្នាក់ទៀតដែលមករស់នៅក្នុងរាជធានីភ្នំពេញរយៈពេល៣ឆ្នាំមកហើយនោះ គឺកញ្ញា បាង វណ្ណា ជានិស្សិតឆ្នាំទី៣ផ្នែកគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល១បានប្រាប់ Newsroom Cambodia ថា កញ្ញាខានទៅរៀន និងទៅធ្វើការប្រហែលជាពីរបីថ្ងៃហើយ ដោយសារតែមិនអាចធ្វើដំណើរបាន ដោយសារទឹកលិចខ្ពស់ពេក កញ្ញាបានរៀបរាប់បន្តទៀតថា កញ្ញាមិនដែលជួបប្រទះនឹងបញ្ហានេះទេនៅពេលដែលកញ្ញាមករស់នៅរាជធានីភ្នំពេញក្នុងរយៈពេល៣ឆ្នាំនេះ ។
ចំណែកឯកញ្ញា នា ស្រីលីស និស្សិតផ្នែកធនាគារនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្នាក់នៅបន្ទប់ជួលម្តុំទួលសង្កែ ប្រាប់ Newsroom Cambodia ថា នៅពេលដែលមានភ្លៀងលិចចូលដល់ក្នុងផ្ទះម្តងៗ តែងបណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ដោយសារភ្លៀងហូរលឿនខ្លាំងរើមិនទាន់។
កញ្ញាបញ្ជាក់ថា៖ «វាលិចភ្លាមៗ ពេលខ្លះទៀតនៅពេលដែលមានភ្លៀងលិចយើងមិនបាននៅផ្ទះ គឺវាបានបង្កឲ្យខូចខាតរបស់ផ្សេងដែលមាននៅក្នុងផ្ទះដូចជា អង្ករ និងរបស់ប្រើប្រាស់មួយចំនួនទៀតអីចឹង»។
កញ្ញាបានបន្តថា ពេលលិចម្តងៗ កញ្ញាត្រូវប្រឈមនឹងភាពលំបាកទាំងការបរិភោគបាយ មិនមានកន្លែងគេង ហើយទឹកលិចចូលមានក្លិនស្អុយ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះពីប្រទេសវៀតណាម បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់នៅខេត្តប្រមាណជា១០នៅទូទាំងប្រទេស។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៣ ខែតុលា នេះ អំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន ដោយបញ្ជាក់ថា ព្យុះទី១៦ ឈ្មោះ ណាងកា (Nangka) និងព្យុះទី១៧ ឈ្មោះ សូដែល (Saudel) មានកម្លាំងខ្លាំង នឹងមានឥទ្ធិពលលើផ្នែកខ្លះនៃប្រទេសវៀតណាម រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលប្រទេសកម្ពុជាតាមខេត្តរតនគិរី ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប៕