(ភ្នំពេញ)៖ និស្សិត​ដែល​ជួល​បន្ទប់​ស្នាក់​នៅ​ដើម្បី​បន្ត​ការសិក្សា​តាម​សាកល​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​​ត្អូញត្អែរ​​​ពីទឹកជន់​លិច​​បន្ទ​ប់​​ពួកគេរាល់ពេល​ភ្លៀងម្តងៗ បណ្តាល​ឲ្យ​ពិបាកក្នុង​ការ​រស់​នៅ និង​ខក​ខាន​ការ​ធ្វើ​ដំណើរ​​។

កញ្ញា វ៉ង ស្រីម៉ៃ ​និស្សិតឆ្នាំទី២ឯកទេស សង្គមកិច្ច​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មណ្ឌល២ ប្រាប់ Newsroom Cambodia នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នេះ​ថា​ ​បន្ទប់​​ដែល​កញ្ញា​​ជួល​នៅ​ម្តុំ​​លូ​ប្រាំ សង្កាត់បឹង​ទំពុន ខណ្ឌ​ស្ទឹង​មាន​ជ័យ តែង​លិចចូល​ដល់​បន្ទប់​​ត្រឹម​ជង្គង់ រាល់​ពេល​មាន​ភ្លៀង​ធំម្តងៗ។ ​​កញ្ញា​បន្ត​ថា រាល់​ពេល​លិច​ធ្វើ​ឲ្យទទឹក​​សម្ភារៈផ្សេងៗ  និង​ធ្វើ​ឲ្យ​បន្ទប់​ទឹក​ស្ទះ​ប្រើ​ការ​មិន​បាន​។

«ពេលខ្ញុំ​បរិភោគ​វិញ​ពិបាក​នៅ​ក្នុង​ការ​ធ្វើម្ហូប​ដាំបាយ​ លាង​ចាន​ ហើយ​ពេល​ខ្លះ​ម៉ូតូ​របស់​ខ្ញុំ​ដែល​ដាក់​នៅ​ក្នុង​បន្ទប់​នោះ​ត្រូ​​វ​បាន​ទឹក​ចូល​នៅ​ក្នុង​បំពង់​ស៊ីម៉ាំង​។ ហើយ​មាន​ពេល​ខ្លះ​ក៏​ខ្ញុំ​ឃើញ​មាន​សត្វ​តូច​ល្អិត​ចូល​ទៅ​ក្នុង​បន្ទប់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​ខ្លាច​មិន​ហ៊ាន​គេង  ចំណែក​ក្លិន​ទឹក​ដែល​ហូរ​ចូល​ក្នុង​បន្ទប់​វិញ គឺ​ស្អុយ​ហើយ​ពណ៌​ឡើង​ខ្មៅ»។

និស្សិតម្នាក់ទៀតដែលមករស់នៅក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​៣ឆ្នាំ​មក​ហើយ​នោះ​ គឺ​កញ្ញា បាង វណ្ណា ជា​និស្សិត​ឆ្នាំទី៣​ផ្នែក​គីមី​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មណ្ឌល​១​បាន​ប្រាប់ Newsroom Cambodia ថា កញ្ញា​ខាន​ទៅ​រៀន​ និង​ទៅ​ធ្វើការ​ប្រហែល​ជា​ពីរ​បី​ថ្ងៃ​ហើយ ដោយសារ​តែ​​មិនអាច​ធ្វើ​ដំណើរ​​បាន ដោយសារ​ទឹក​លិច​ខ្ពស់​ពេក កញ្ញា​បាន​រៀបរាប់​បន្ត​ទៀត​ថា កញ្ញា​មិន​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​​ទេ​នៅពេលដែល​កញ្ញា​មក​រស់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​​៣ឆ្នាំ​នេះ ។

ចំណែកឯកញ្ញា នា ស្រីលីស និស្សិត​ផ្នែកធនាគារ​នៅ​វិទ្យាស្ថានសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​​​ស្នាក់​នៅបន្ទប់​ជួល​ម្តុំទួល​សង្កែ​ ​ប្រាប់ Newsroom Cambodia ថា នៅ​ពេល​ដែល​មាន​ភ្លៀង​លិច​ចូល​ដល់​ក្នុង​ផ្ទះ​ម្តងៗ តែង​បណ្តាល​ឲ្យខូច​ខាត​សម្ភារៈ​​មួយ​ចំនួន​ ដោយសារ​ភ្លៀង​ហូរ​លឿន​ខ្លាំង​រើ​មិនទាន់។

កញ្ញា​បញ្ជាក់ថា៖ «វាលិចភ្លាមៗ ពេល​ខ្លះទៀត​នៅ​ពេល​ដែល​មាន​ភ្លៀង​លិច​យើង​មិន​បាន​នៅ​ផ្ទះ គឺ​វាបា​ន​បង្ក​ឲ្យ​ខូចខាត​របស់​ផ្សេង​ដែល​មាន​នៅ​ក្នុ​ងផ្ទះ​ដូចជា អង្ករ និង​របស់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​អីចឹង»។

កញ្ញាបានបន្តថា​ ពេល​លិច​ម្តងៗ កញ្ញា​ត្រូវ​ប្រឈម​នឹង​ភាព​លំបាក​ទាំង​ការ​​បរិភោគ​​បាយ មិនមាន​កន្លែងគេង ហើយ​ទឹក​លិច​ចូល​មាន​ក្លិន​ស្អុយ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិ​ពល​ព្យុះ​ពី​ប្រទេស​វៀត​ណាម បណ្តាល​ឲ្យ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹក​ជំនន់​នៅ​ខេត្ត​​ប្រមាណជា​១០​នៅ​ទូទាំង​ប្រទេស។

ក្រសួងធនធានទឹក និងឧតុនិយម ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​​នៅ​ថ្ងៃទី១៣ ខែតុលា ​នេះ អំពាវ​នាវឲ្យ​ប្រជាពលរដ្ឋ​​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​បញ្ជាក់​ថា ព្យុះ​ទី១៦ ឈ្មោះ ណាង​កា (Nangka​) និង​ព្យុះ​ទី១៧ ឈ្មោះ សូ​ដែល (Saudel​) ​​មាន​កម្លាំង​ខ្លាំង នឹង​មាន​ឥទ្ធិពល​លើ​ផ្នែក​ខ្លះ​នៃ​ប្រទេស​វៀតណាម រួច​បន្ថយឥទ្ធិពល​ជាបន្តបន្ទាប់ ដោយ​បន្ត​ឆ្លងកាត់​ចូល​ប្រទេស​កម្ពុជាតាម​ខេត្តរតនគិរី ចាប់ពី​ថ្ងៃទី១៨​-១៩ ខែតុលា ក្នុង​កម្លាំង​ជា​វិសម្ពាធ និង​សម្ពាធ​ទាប៕​