ការប្រឡងសញ្ញាប័ត្របាក់ឌុបនៅកម្ពុជា តែងប្រព្រឹត្តទៅនៅខែសីហាជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ ការប្រឡងរបស់សិស្សថ្នាក់ទី១២ ត្រូវពន្យារទៅខែធ្នូវិញ ដោយសារតែការធ្វើទុក្ខបុកម្នេញពីជំងឺកូវីដ១៩។ ការពន្យារពេលនេះ ធ្វើឲ្យបេក្ខជនត្រូវប្រឈមនឹងបញ្ហាជាច្រើនក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡង។
យុវសិស្ស អ៊ី មករា រៀនថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រាប់ Newsroom Cambodia ថា លោកបានត្រៀមខ្លួនរួចរាល់ជាស្រេចហើយសម្រាប់ការប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។
យុវសិស្សរូបនេះបន្ថែមថា៖ «ខ្ញុំត្រៀមហើយ បើមេរៀនមើលនៅផ្ទះរាល់ថ្ងៃ ផ្អាកការសិក្សាបានរៀននៅផ្ទះ រៀនតាមអនឡាញតាមអីទៅ អីចឹងគ្រប់គ្រាន់ហើយត្រៀមការប្រឡង»។
យុវសិស្ស មករា បន្តថា ខ្លួនមានសង្ឃឹម៧០%សម្រាប់ការប្រឡង ដោយថា បានត្រៀមខ្លួនទុកជាមុនរួចរាល់ ដូចជារៀនគួរ មើលមេរៀននៅផ្ទះជាដើម។
ចំណែកយុវតី វិន មិនា សិស្សថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមបឹងកេងកង ប្រាប់ថា កញ្ញាមានការពិបាកដោយសារតែការរៀនតាមអនឡាញមិនសូវបានដិតដល់ ចំណែកការរៀនដោយខ្លួនឯងតែមួយមុខក៏មិនអាចទៅរួច។ កញ្ញបន្តថា កញ្ញាមានសង្ឃឹមតែ៥០%ប៉ុណ្ណោះចំពោះការប្រឡងនាពេលខាងមុខនេះ។
កញ្ញាថា៖ «ការរៀននៅផ្ទះអត់ដូចរៀននៅសាលាជាមួយគ្រូទេ មានចម្ងល់ក៏ពិបាកសួរដែរ។ ខ្ញុំអត់គិតថាខ្ញុំទៅរួចផង ណាមួយខ្ញុំរៀនអត់ពូកែផង ហើយបើសិនបរិបទសង្គមនៅតែអីចឹង គឺទៅមុខអត់រួច»។
យុវជន ទ្រី គឹមឆ័ង បេក្ខជននិទ្ទេស A ឆ្នាំ២០១៩ នៅវិទ្យាល័យមេមត់ ប្រាប់ Newsroom Cambodia ថា សម្រាប់ការត្រៀមខ្លួន គាត់តែងចូលរៀនគ្រប់ម៉ោងទាំងអស់ ទាំងម៉ោងរដ្ឋ និងម៉ោងគួរ ហើយត្រូវចេះអ្វីដែលគ្រូប្រាប់ និងបានបង្រៀន។
យុវជនរូបនេះបញ្ជាក់ថា៖ «នៅពេលដើមឆ្នាំទី១២ គឺយើងកុំខ្ជិលឲ្យសោះ ពេលនឹងហើយដែលជាពេលយើងត្រូវទន្ទេញសំណួរ ជីវៈ ប្រវត្តិ ឲ្យយល់ឲ្យបានច្រើន បន្ទាប់ពីនឹងយើងនឹងមមាញឹកនឹងមុខវិជ្ជាដទៃទៀតមិនខាន។ រយៈពេល៣ខែមុនប្រឡង យើងត្រូវសួរខ្លួនឯងថា យើងខ្វះខាតអី ត្រូវបំពេញកន្លែងណាខ្លះ ព្រោះបើចង់បាននិទ្ទេសល្អ យើងត្រូវចេះឲ្យស្មើៗគ្នា»។
យុវជនរូបនេះពន្យល់ថា សិស្សានុសិស្សត្រូវស្រាវជ្រាវតាមអ៊ីនធឺណេតឲ្យបានច្រើន ព្រមទាំងយកវិញ្ញាសារចាស់ៗមកធ្វើឡើងវិញ និងត្រូវកំណត់នាទីថាតើមួយវិញ្ញាសារត្រូវចំណាយពេលអស់ប៉ុន្មានដើម្បីឲ្យសមស្របទៅនឹងម៉ោងពេលប្រឡងថ្នាក់ជាតិ។ លោកថា នៅពេលប្រឡងសូមកុំភ័យ ត្រូវចាត់ទុកការប្រឡងនោះស្ថិតក្នុងបរិយាកាសរបស់យើង។
លោកថា៖ «វាមានន័យថាកុំខ្លាច កុំតក់ស្លុត ធ្វើអារម្មណ៍អោយធូរៗ ចាប់ទុកថាការប្រឡងងាយៗ កុំឲ្យវាដាក់សម្ពាធលើយើងបាន (គិតដើម្បីកុំឲ្យភ័យ)។ ខ្ញុំមានពាក្យ៣ឃ្លាគឺ ខ្ញុំអាចធ្វើបាន ខ្ញុំស្រលាញ់ខ្លួនខ្ញុំ ខ្ញុំនឹងមានកិត្តិយស»។
លោកបន្ថែមថា ក្នុងសម័យកូវីដនេះ សិស្សប្អូន ត្រូវខិតខំប្រឹងសិក្សាដោយខ្លួនឯងឲ្យបានច្រើន ជាពិសេសព្យាយាមធ្វើលំហាត់ចាស់ៗដែលល្អៗដែលមាននៅតាមអ៊ីនធឺណិត ឬក៏ទិញសៀវភៅយកមកមើលឬ ក៏អនុវត្តន៍តែម្តង។ លោកថា ភាសាអង់គ្លេសគឺសំខាន់ណាស់ វាអាចជួយប្អូនៗឲ្យទទួលបាននិទ្ទេសល្អ។
លោកថា៖ «អ្វីដែលពិសេសគឺកុំភ្លេចភាសាអង់គ្លេស បើចង់បាននិទ្ទេសល្អដល់កម្រិតនិទ្ទេស A ឬក៏ B ភាសាអង់គ្លេសគឺជាកន្លែងដែលសំខាន់សម្រាប់ជួយយើងឲ្យបានិទ្ទេសល្អហ្នឹង»។
កញ្ញា ហ៊ង់ សុខហ៊ាង ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០១៦ មកពីខេត្តក្រចេះ បានប្រាប់ Newsroom Cambodia ថា ជាបទពិសោធន៍ផ្ទាល់របស់កញ្ញា ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង កញ្ញាបានខិតខំប្រឹងប្រែងរៀនសូត្រតាំងពីដើមរហូតដល់ចុងឆ្នាំ។
កញ្ញាថា៖ «កុំចាំពីព្រោះពេលវេលា១ឆ្នាំសិក្សា គឺលឿនខ្លាំងណាស់ ដូច្នេះចូរកុំបណ្តោយពេលវេលាឲ្យកន្លងហួស។ ត្រូវខំប្រឹងរៀនពីឥឡូវ កុំចាំដល់តែជិតប្រឡងអីក្រែងស្តាយក្រោយ។ ហើយកុំខ្ជិល វាមិនមែនជាពេលដែលត្រូវខ្ជិលនោះទេ ព្រោះជាឆ្នាំចុងក្រោយនៃជីវិតវិទ្យាល័យ ហើយវាជាស្ពានដ៏មាំសម្រាប់អនាគត»។
កញ្ញាបន្ថែមថា ត្រូវធ្វើលំហាត់ឲ្យបានច្រើន ព្រោះការធ្វើលំហាត់បានច្រើនអាចធ្វើឲ្យយើងចាំរូបមន្ត និងរបៀបធ្វើដែលអាចជួយយើងក្នុងពេលប្រឡង។ រៀនគិតលេខដោយខ្លួនឯងពេលធ្វើលំហាត់។ រៀនគិតលេខដោយដៃដោយមិនប្រើម៉ាស៊ីនគិតលេខ ព្រោះពេលប្រឡងឧបករណ៍ទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យយកចូលឡើយ។ បើមិនចេះត្រង់ចំនុចណា សូមកុំខ្មាសអៀនក្នុងការសួរគ្រូ ឬមិត្តភក្តិណាដែលគេចេះ។
ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដោយសម្រេចអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀននៅដំណាក់កាលទី២ ក្នុងទ្រង់ទ្រាយតូចចំនួន១៥នាក់ក្នុង១ថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០។
លោក នុត ងួនលី នាយកសាលាវិទ្យាល័យជាស៊ីមបឹងកេងកង មានប្រសាសន៍ថា សាលាបានណែនាំសិស្សឱ្យប្រឹងប្រែងរៀនទាំងពីចម្ងាយ និងរៀនផ្ទាល់ តាមបណ្តាញសង្គមតេលេក្រាម និងតាមបច្ចេកវិទ្យាផ្សេងៗ ដោយមានការសហការរវាងគ្រូ និងសិស្ស»។ លោកថា ចំពោះការរៀននៅសាលាគឺមានការបែកចែកឱ្យរៀនតែមុខវិជ្ជាណាដែលត្រូវប្រឡងប៉ុណ្ណោះ ហើយសិស្សត្រូវយកកិច្ចការទៅធ្វើនៅផ្ទះ។
លោកបញ្ជាក់ថា៖ «សិស្សខ្លួនឯងគឺត្រូវចេះបែងចែកកាលវិភាគនៃការរៀនសូត្រ តាមដែលខ្លួនពេញចិត្ត កាលណាយើងរៀនច្របូកច្របល់គឺមិនបានជោគជ័យទេ»។
លោកបន្តថា សិស្សត្រូវស្រាវជ្រាវរកឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងវិញ្ញាសារចាស់ៗដែលធ្លាប់ចេញយកធ្វើឡើងវិញទាំងអស់ កន្លែង ណាមិនច្បាស់អាចមកសួរគ្រូ។ ហើយចំពោះគ្រូវិញ ក៏ត្រូវស្រាវជ្រាវឯកសារធ្លាប់ចេញកន្លងមកយកមកបង្រៀនដល់សិស្សផងដែរ។
លោកថា៖ «មកដល់ពេលនេះ យើងរៀនតែវិញ្ញាសារត្រៀម គ្រូខ្លះគាត់យកវិញ្ញាសារចាស់ៗមកចងក្រងជាវិញ្ញាសារបង្រៀនតែម្ដង»។
លោកនាយកសាលារូបនេះបានផ្ដាំផ្ញើឱ្យសិស្សបន្ដប្រឹងប្រែងបន្ថែម ធ្វើយ៉ាងណាឱ្យដំណើរការនៃការសរសេរពេលប្រឡងបានលទ្ធផលល្អ៕