ការប្រឡង​សញ្ញាប័ត្រ​បាក់ឌុបនៅ​កម្ពុជា ​តែង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​សីហា​ជា​រៀងរាល់​ឆ្នាំ។​ ដោយ​ឡែក​​ឆ្នាំ​នេះ ការប្រឡង​របស់​សិស្ស​ថ្នាក់​ទី១២ ត្រូវ​ពន្យារ​ទៅ​ខែ​ធ្នូ​វិញ ដោយសារ​តែ​ការធ្វើ​ទុក្ខបុកម្នេញ​ពី​ជំងឺ​កូវីដ​១៩។ ការ​ពន្យារ​ពេល​នេះ ធ្វើ​ឲ្យ​បេក្ខជន​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ការត្រៀម​ខ្លួន​សម្រាប់​ការប្រឡង។

យុវសិស្ស អ៊ី មករា រៀនថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រាប់ Newsroom Cambodia ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជាស្រេច​ហើយ​សម្រាប់​ការប្រលង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​ពេល​ខាង​មុខនេះ។

យុវសិស្ស​​រូ​ប​នេះ​​បន្ថែម​​ថា៖ «ខ្ញុំ​ត្រៀម​ហើយ បើ​មេរៀន​មើល​នៅ​ផ្ទះ​រាល់​ថ្ងៃ ផ្អាក​ការសិក្សា​បាន​រៀន​នៅ​ផ្ទះ រៀន​តាម​អនឡាញ​តា​ម​អី​ទៅ អីចឹង​គ្រប់គ្រាន់​ហើយ​ត្រៀម​ការ​ប្រឡង»។

យុវសិស្ស មករា បន្តថា ខ្លួន​មាន​សង្ឃឹម​​៧០%​​សម្រាប់​ការប្រឡង ដោយថា បាន​ត្រៀម​ខ្លួន​ទុក​ជាមុន​រួច​រាល់​​ ដូចជា​រៀនគួរ មើល​មេរៀន​នៅ​ផ្ទះ​ជាដើម។

ចំណែក​យុវតី​​ វិន មិនា ​សិស្សថ្នាក់ទី១២ នៅ​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ​ប្រាប់​ថា  កញ្ញា​មាន​ការ​ពិ​បាក​ដោយសារ​តែ​ការរៀន​តាម​អនឡាញ​​មិន​សូវ​​បាន​ដិត​ដល់ ចំណែក​ការ​រៀន​ដោយ​ខ្លួន​ឯង​តែ​មួយ​មុខ​ក៏​មិន​អាច​ទៅ​រួច​​។ កញ្ញបន្តថា កញ្ញា​មាន​សង្ឃឹម​តែ​៥០%​ប៉ុណ្ណោះ​ចំពោះ​ការប្រឡ​ង​នា​ពេល​ខាង​មុខ​នេះ។

កញ្ញាថា៖ «ការរៀ​ន​នៅ​ផ្ទះ​អ​​ត់ដូច​រៀន​នៅ​សាលា​ជាមួយ​គ្រូ​ទេ មាន​ចម្ងល់​ក៏​ពិបាក​សួរ​ដែរ។ ខ្ញុំ​អត់​គិត​ថា​​ខ្ញុំ​ទៅ​រួច​ផង ណា​មួយ​ខ្ញុំ​រៀន​អត់​ពូកែ​ផង ហើយ​បើ​សិន​បរិបទ​សង្គម​នៅ​តែ​អីចឹង គឺ​ទៅ​មុខ​អត់​រួច​»។

យុវជន ទ្រី គឹមឆ័ង បេក្ខជន​និទ្ទេស A ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មេមត់ ​ប្រាប់ Newsroom Cambodia ថា សម្រាប់​ការត្រៀម​ខ្លួន គាត់​តែង​ចូលរៀន​គ្រប់​ម៉ោង​ទាំងអស់ ទាំង​ម៉ោង​រដ្ឋ និង​ម៉ោង​គួរ ហើយ​ត្រូវ​ចេះ​​អ្វី​ដែល​គ្រូ​ប្រាប់ និង​បាន​បង្រៀន។

យុវជន​រូបនេះ​បញ្ជាក់​ថា៖ «នៅ​ពេល​ដើម​ឆ្នាំ​ទី​១២ គឺ​យើង​កុំ​ខ្ជិល​ឲ្យ​សោះ ពេល​នឹង​ហើយ​ដែល​ជា​ពេលយើង​ត្រូវ​ទន្ទេញ​សំណួរ ជីវៈ ប្រវត្តិ ឲ្យយល់​ឲ្យ​បាន​ច្រើន បន្ទាប់ពី​នឹង​យើង​នឹង​មមា​ញឹក​នឹង​មុខ​វិជ្ជា​ដទៃទៀ​ត​មិន​ខាន។ រយៈពេល៣ខែមុនប្រឡង យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ យើង​ខ្វះខាត​អី ត្រូវ​បំពេញ​កន្លែង​ណា​ខ្លះ ព្រោះ​បើ​ចង់​បាន​និទ្ទេស​ល្អ យើង​ត្រូវ​ចេះឲ្យ​ស្មើៗ​គ្នា»។

យុវជន​រូប​នេះ​ពន្យល់ថា សិស្សា​នុសិស្សត្រូវ​​ស្រាវជ្រាវ​តាមអ៊ីនធឺណេត​ឲ្យ​បាន​ច្រើន ព្រម​ទាំង​យក​វិញ្ញាសារ​ចាស់ៗ​មក​ធ្វើ​ឡើង​វិញ និង​ត្រូវកំណត់​នាទីថាតើ​មួយ​វិញ្ញាសារ​ត្រូវ​ចំណាយ​ពេល​អស់​ប៉ុន្មាន​ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​ម៉ោង​ពេល​ប្រឡង​ថ្នាក់​ជាតិ។ លោក​​ថា នៅពេលប្រឡងសូមកុំភ័យ ត្រូវ​ចាត់​ទុក​ការប្រឡង​នោះ​ស្ថិត​ក្នុងបរិយាកាសរបស់យើង។

លោក​ថា៖ «វាមានន័យថាកុំខ្លាច កុំតក់ស្លុត ធ្វើអារម្មណ៍អោយធូរៗ ចាប់ទុកថាការប្រឡងងាយៗ កុំឲ្យវាដាក់សម្ពាធលើយើងបាន (គិតដើម្បីកុំឲ្យ​ភ័យ)។ ខ្ញុំមានពាក្យ៣ឃ្លាគឺ ខ្ញុំ​អាច​ធ្វើបាន ខ្ញុំ​ស្រលាញ់​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​មាន​កិត្តិយស»។

លោកបន្ថែមថា ក្នុងសម័យកូវីដនេះ សិស្សប្អូន ត្រូវ​ខិតខំ​ប្រឹង​សិក្សា​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ជាពិសេស​ព្យាយាម​ធ្វើ​លំហាត់​ចាស់ៗ​ដែល​ល្អៗ​ដែល​មាន​នៅ​តាមអ៊ីនធឺណិត ឬ​ក៏​ទិញ​សៀវភៅ​យក​មក​មើល​ឬ ក៏អនុវត្តន៍តែម្តង។ លោក​ថា ភាសា​អង់គ្លេស​គឺ​សំខាន់​ណាស់ វា​អាច​ជួយ​ប្អូនៗ​ឲ្យ​ទទួល​បាន​និទ្ទេស​ល្អ។

លោក​ថា៖ «អ្វី​ដែល​ពិសេស​គឺ​កុំ​ភ្លេច​ភាសា​អ​ង់គ្លេស បើ​ចង់​បាន​និទ្ទេស​ល្អ​ដល់​កម្រិត​និទ្ទេស A ឬ​ក៏ B​ ភាសា​អង់គ្លេ​ស​គឺជា​កន្លែង​ដែល​សំខា​ន់សម្រាប់​ជួយ​យើង​ឲ្យ​បា​និទ្ទេស​ល្អ​ហ្នឹង»។

កញ្ញា ហ៊ង់ សុខហ៊ាង ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០១៦ មកពីខេត្តក្រចេះ បានប្រាប់ Newsroom Cambodia ថា ជាបទពិសោធន៍ផ្ទាល់​របស់កញ្ញា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការប្រឡង កញ្ញា​បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​តាំង​ពី​ដើម​រហូត​ដល់​ចុង​ឆ្នាំ។

កញ្ញា​ថា៖ «កុំ​ចាំ​ពី​ព្រោះ​ពេល​វេលា​១ឆ្នាំ​សិក្សា គឺ​លឿន​ខ្លាំង​ណាស់ ដូច្នេះ​ចូរ​កុំ​បណ្តោយ​ពេល​វេលា​ឲ្យ​កន្លង​ហួស។ ត្រូ​វ​ខំប្រឹង​រៀន​ពី​ឥឡូវ កុំ​ចាំ​ដល់​តែ​ជិត​ប្រឡង​អី​ក្រែង​ស្តាយ​ក្រោយ។ ហើយ​កុំ​ខ្ជិល វា​មិនមែន​ជាពេ​លដែ​លត្រូ​វ​ខ្ជិល​នោះ​ទេ ព្រោះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិ​ត​វិទ្យាល័យ ហើយ​វា​ជា​ស្ពាន​ដ៏មាំ​សម្រាប់​អនាគត»។

កញ្ញាបន្ថែមថា ត្រូវ​ធ្វើ​លំហាត់​ឲ្យ​បាន​ច្រើន ព្រោះ​ការធ្វើ​លំហាត់​បានច្រើន​អាច​ធ្វើ​ឲ្យ​យើ​ង​ចាំ​រូបមន្ត និង​របៀប​ធ្វើ​ដែល​អាច​ជួយ​យើង​ក្នុង​ពេល​ប្រឡង។ រៀន​គិតលេខ​ដោយ​ខ្លួនឯង​ពេល​ធ្វើ​លំហាត់។ រៀន​គិត​លេខ​ដោយ​ដៃ​ដោយ​មិ​ន​ប្រើ​ម៉ាស៊ីន​គិត​លេខ ព្រោះ​ពេល​ប្រឡង​ឧបករណ៍​ទាំងនោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ចូល​ឡើយ។ បើមិនចេះត្រង់ចំនុចណា សូមកុំខ្មាសអៀន​ក្នុង​ការសួរ​គ្រូ ឬ​មិត្តភក្តិ​​ណា​ដែល​គេ​ចេះ។

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី១០​ ខែ​សីហា ឆ្នាំ​២០២០​ ដោយ​សម្រេច​​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​​៩ និង​ទី​​១២ នៃ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចូល​រៀន​​​នៅ​​ដំណាក់កាល​ទី​​២ ​​​ក្នុង​ទ្រង់ទ្រាយ​តូច​ចំនួន​​១៥​​នាក់​ក្នុង​​១​​ថ្នាក់ ​ដោយ​​គោរព​តាម​វិធាន​អនាម័យ​នៃ​ក្រសួង​​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការប្រឡង​​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ខែធ្នូ ឆ្នាំ​២០២០​។

លោក នុត ងួនលី នាយក​សាលា​វិទ្យាល័យ​ជាស៊ីម​បឹងកេងកង មាន​ប្រសាសន៍​ថា សាលា​បាន​ណែនាំ​សិស្ស​ឱ្យ​ប្រឹងប្រែង​រៀន​ទាំង​ពី​ចម្ងាយ និង​រៀន​ផ្ទាល់​ តាម​​បណ្តាញ​សង្គម​​តេលេក្រាម​ និង​តាម​បច្ចេកវិទ្យា​ផ្សេងៗ ​ដោយ​មាន​ការសហការរវាង​គ្រូ និងសិស្ស»។ លោក​ថា ចំពោះ​ការរៀន​នៅ​សាលា​គឺ​មាន​ការបែកចែក​ឱ្យ​រៀន​តែ​មុខ​វិជ្ជា​ណា​ដែល​ត្រូវ​ប្រឡង​ប៉ុណ្ណោះ ហើយ​សិស្ស​ត្រូវ​យក​កិច្ចការ​ទៅ​ធ្វើ​នៅ​ផ្ទះ។

លោកបញ្ជាក់ថា៖ «សិស្សខ្លួនឯង​គឺ​ត្រូវ​ចេះ​បែងចែកកាលវិភាគនៃការរៀនសូត្រ តាម​ដែល​ខ្លួន​ពេញ​ចិត្ត កាលណា​យើង​រៀន​ច្របូក​ច្របល់​គឺ​មិន​បាន​ជោគជ័យ​ទេ»។

លោកបន្តថា សិស្ស​​ត្រូវ​​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​វិញ្ញាសារ​ចាស់ៗ​ដែល​ធ្លាប់​ចេញ​យក​ធ្វើ​ឡើង​វិញ​ទាំងអស់ កន្លែង ​ណា​​មិ​ន​ច្បាស់អា​ចម​កសួរ​គ្រូ។ ហើយ​ចំពោះ​គ្រូ​វិញ ក៏​ត្រូវ​ស្រាវជ្រាវ​ឯកសារ​ធ្លាប់​ចេញ​កន្លង​មក​យក​មក​បង្រៀន​ដល់​សិស្ស​ផង​ដែរ។

លោកថា៖ «មកដល់ពេលនេះ យើងរៀនតែវិញ្ញាសារត្រៀម គ្រូ​ខ្លះ​គាត់​យក​វិញ្ញាសារ​ចាស់ៗ​មក​ចងក្រង​ជា​វិញ្ញាសារ​បង្រៀន​តែម្ដ​ង»។

លោកនាយក​សាលា​រូប​នេះ​​​បាន​​​ផ្ដាំផ្ញើ​ឱ្យសិស្សបន្ដប្រឹងប្រែងបន្ថែម ធ្វើយ៉ាងណា​ឱ្យ​ដំណើរកា​រ​នៃ​ការសរសេរ​ពេល​ប្រឡង​បាន​លទ្ធផល​ល្អ៕