ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារដែលរស់​នៅម្ដុំរង្វង់មូលកួរស្រូវ ត្រូវបានកងកម្លាំងទាហានកម្ពុជា​ជម្លៀសមកទីទួលសុវត្ថិភាព នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០នេះ ដោយសារតែទឹកជំនន់កាន់តែខ្ពស់ទៅៗ និងកម្លាំងទឹកកាន់តែហូរបុកខ្លាំងឡើងៗ។  

អ្នកដំណើរបណ្តើរម៉ូតូ និងមនុស្សដើរដោយថ្មើរជើង លើផ្លូវដែលលិចទឺក រូបភាពដោយ៖ ឈឹម សុភទ្ទ

ប្រជាពលរដ្ទាំង​ជាង៣០​គ្រួសារដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពនោះគឺមានទាំងកុមារ មនុស្សចាស់ និងជនពិការ ដោយមានកាន់សម្ភារៈតាមខ្លួនមួយចំនួនដូចជាភួយ ខ្នើយ កន្ទេល មុង ជាដើម។

ការលិចលង់នេះ​កើតឡើង​ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិ លេខ២ ដែលបានរងការខូចខាតមួយចំនួនធំ និងមានទាំងការដាច់ផ្លូវជាកំណាត់ៗផងដែរ។

អ្នកដំណើរតាមផ្លូវជាតិលេខ២បានបណ្តើរម៉ូតូ និងមានអ្នកដំណើរខ្លះទៀតបានដួលម៉ូតូដោយសារតែទឹកជំនន់ទាំងនោះហូរមកខ្លាំងពេក​។

លោក មាស សារ៉ន អាយុ៣៤ឆ្នាំ មុខរបរលក់ពងមាន់អាំង បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០​នេះ​ថា ផ្ទះរបស់គាត់គឺបានលិចប្រហែលត្រឹមដើមទ្រូង។  

ម៉ោងប្រមាណជា៧:​៣០ព្រឹក ទាហានបានជិះកាណូតទៅដឹកគ្រូសាររបស់គាត់ពីផ្ទះដែលលិចទឹក និងព្រមទាំងប្រជាពលរដ្ឋផ្សេងទៀត។

លោក មាស សារ៉ន បាននិយាយថា «ចំពោះអ្វីដែលជាការលំបាក់របស់ខ្ញុំនោះគឺ ពិបាកក្នុងការហូបបាយ និងព្រមទាំងបន្ទោបង់ជាដើម»។

«ចំពោះអនាម័យសម្រាប់ស្ថានភាពទឹកជំនន់នេះគឺគ្មានទេសម្រាប់គ្រួសាររបស់ខ្ញុំ និងប្រជាពលរដ្ឋឯទៀត»។

អ្នកស្រី សាន សុភាព អាយុប្រមាណជាង៣០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ជិតវត្តព្រះធាតុ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ Newsroom Cambodia ថា គាត់មានការព្រួយបារម្មណ៍ចំពោះស្ថានភាពទឹកជំនន់នេះដែលនៅតែបន្តរហូតដល់សព្វថ្ងៃ ដែលបានធ្វើឲ្យគាត់មិនអាចចេញរកស៊ីជាងមួយសប្តាហ៍ហើយ។

កញ្ញា ស៊ុន តាំងអ៊ី អាយុ១៩ឆ្នាំ ជានិស្សិត ឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ Newsroom Cambodia ថានៅពេលដែលទឹកជំនន់អញ្ចឹងគឺមិនបានរៀនតាមអនឡាញទៀតនោះទេ និងមានការលំបាកមួយចំនួនទៀតមានដូចជាខ្លាចពស់ និងសត្វល្អិតផ្សេងទៀត។