(ភ្នំពេញ)៖ អាជីវករមួយចំនួនដែលលក់ដូរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ត្អូញត្អែរអំពីទឹកជំនន់ជន់លិច តាមតំបន់មួយចំនួន ថាធ្វើឲ្យពួកគាត់បាត់បង់ចំណូលដោយសារមិនអាចចេញរកស៊ីបាន និងធ្វើឱ្យការចំណាយរបស់គាត់កាន់តែច្រើនជាងមុន។
ការត្អូញត្អែររបស់អាជីវករដែលជាអ្នកលក់លតឆា មីឆា បបរគ្រឿង និងជាងប៉ះកង់ម៉ូតូទាំងនោះ ធ្វើឡើងខណៈដែលទឹកជំនន់ក្នុងតំបន់មួយចំនួននៅរាជធានីភ្នំពេញពីកាន់តែបន្តកើនឡើង។
អ្នកលក់លតឆាម្នាក់ លោក សាន់ ផាត អាយុ ៣៦ ឆ្នាំ មកពីខេត្តស្វាយរៀង បានប្រាប់ Newsroom Cambodia ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ លោកលក់មិនសូវដាច់ដោយសារភ្លៀងធ្លាក់ បណ្តាលឲ្យទឹកជន់កាន់តែខ្លាំងទៅៗ។
«ពីមុនខ្ញុំរកចំណូលបានច្រើនគួរសម ប៉ុន្តែរាល់ពេលទឹកលិចភ្នំពេញអីចឹងរកមិនសូវបានដូចមុនទេ»។ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលកុំលុបបឹងបន្តទៅទៀត ពីព្រោះវាមិនចំណេញដល់ប្រជាជនទេ»។
អាជីវករលក់បបរតាមរទេះ អ្នកស្រី វី សុម៉ាលី មានអាយុ៣០ឆ្នាំ មកពីខេត្តបាត់ដំបង ប្រាប់ Newsroom Cambodia ថា ប្រសិនបើនៅរាជធានីភ្នំពេញនៅតែភ្លៀង ហើយទឹកលិចអញ្ចឹង អ្នកស្រីប្រហែលទៅរកស៊ីនៅភូមិ ឬស្រុកកំណើតរបស់អ្នកស្រីវិញ ។ ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកស្រីមើលឃើញថា រយៈពេលជិតមួយសប្តាហ៍ហើយទឹកជំនន់មិនទាន់ស្រកនៅឡើយ។
ចំណែកឯជាងប៉ះម៉ូតូម្នាក់លោក ហួច ស្រេង បានប្រាប់ Newsroom Cambodia ថា ប៉ុន្មានថ្ងៃមកនេះមិនសូវមានអ្នកប៉ះម៉ូតូនោះទេ ដោយសារតែភាគច្រើនគេមិនសូវធ្វើដំណើរ។
របាយការណ៍គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បញ្ជាក់ថា ទឹកភ្លៀងនៅតែបន្តធ្លាក់ មានខ្យល់ព្យុះបណ្ដាលឱ្យទឹកជន់លិចគ្របដណ្តប់ ១៩ រាជធានី ខេត្ត។ របាយការណ៍ដដែលបន្ថែមថា គិតមកដល់ថ្ងៃទី១៥ ខែតុលា យ៉ាងហោចណាស់មានប្រជាជន១៣នាក់ បានបាត់បង់ជីវិតដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងនោះមានក្មេង៥នាក់៕