(ភ្នំពេញ)៖ អាជីវករមួយចំនួន​ដែលលក់ដូរ​តាមដងផ្លូវក្នុ​ងរាជធានីភ្នំពេញ  ត្អូញត្អែរ​អំពី​​ទឹក​ជំនន់​ជន់​លិច​ ​តាម​តំបន់​មួយ​ចំនួន  ថា​ធ្វើ​ឲ្យ​ពួក​គាត់បាត់បង់​ចំណូល​ដោយសារ​​មិន​អាច​ចេញ​រកស៊ី​បាន និង​ធ្វើ​ឱ្យ​ការចំណាយ​របស់​គាត់​កាន់តែ​ច្រើន​ជាងមុន។

ការ​ត្អូញត្អែរ​របស់​អាជីវករ​ដែល​ជា​អ្នក​លក់លតឆា មីឆា បបរគ្រឿង និងជាងប៉ះកង់ម៉ូតូទាំង​នោះ ធ្វើ​ឡើង​ខណៈដែល​ទឹក​ជំនន់​​​ក្នុង​តំបន់​មួយ​ចំនួន​នៅ​​រាជធានី​ភ្នំពេញ​ពី​​កាន់តែ​បន្ត​​កើន​ឡើង។

អ្នក​លក់​លតឆា​ម្នាក់ លោក សាន់ ផាត ​អាយុ ៣៦ ឆ្នាំ មកពីខេត្តស្វាយរៀង បាន​ប្រាប់​ Newsroom Cambodia ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ លោក​លក់​មិន​សូវ​ដាច់​ដោយ​សារ​​​​ភ្លៀង​ធ្លាក់​ បណ្តាល​ឲ្យ​ទឹកជន់​កាន់តែខ្លាំងទៅៗ។

«ពីមុនខ្ញុំរកចំណូលបានច្រើនគួរសម ប៉ុន្តែ​រាល់ពេល​​ទឹក​លិច​ភ្នំពេញ​អី​ចឹង​រក​មិន​សូវ​បាន​ដូច​មុន​ទេ»។ ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កុំ​លុប​បឹង​បន្ត​ទៅ​ទៀត ​ពីព្រោះ​វា​មិន​ចំណេញ​ដល់​ប្រជាជន​ទេ»។

អាជីវករលក់បបរតាម​រទេះ អ្នកស្រី វី សុម៉ាលី មាន​អាយុ​៣០​ឆ្នាំ មកពីខេត្តបាត់ដំបង ប្រាប់ Newsroom Cambodia ថា ប្រសិនបើនៅ​រាជធានី​ភ្នំពេញ​នៅ​តែ​ភ្លៀង ហើយ​ទឹក​លិច​អញ្ចឹង​ អ្នកស្រី​ប្រហែល​ទៅរកស៊ីនៅភូមិ​ ឬស្រុកកំណើតរបស់អ្នកស្រី​វិញ ។ ការលើកឡើង​បែបនេះ បន្ទាប់ពី​អ្នកស្រី​មើល​ឃើញ​ថា រយៈពេល​ជិត​មួយ​សប្តាហ៍​ហើយ​ទឹក​ជំនន់​មិន​ទាន់​ស្រក​នៅ​ឡើយ​។

ចំណែកឯជាងប៉ះម៉ូតូម្នាក់លោក ហួច ស្រេង បានប្រាប់ Newsroom Cambodia ថា ប៉ុន្មានថ្ងៃ​មក​នេះ​មិន​សូវ​មាន​អ្នក​ប៉ះ​ម៉ូតូ​​នោះ​ទេ ដោយសារ​តែ​ភាគច្រើន​គេ​មិន​សូ​វ​ធ្វើ​ដំណើរ​។

របាយការណ៍​គណៈកម្មាធិកាជាតិ​គ្រប់គ្រង​​គ្រោះ​ម​ហន្តរាយ ចេញ​កាល​ពី​​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បញ្ជាក់​ថា ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ មាន​ខ្យល់​ព្យុះ​បណ្ដាល​ឱ្យ​ទឹក​ជន់​លិច​គ្រប​ដណ្តប់ ​១៩ រាជធានី ខេត្ត។ របាយការណ៍​ដដែល​បន្ថែម​ថា គិត​មក​ដល់​ថ្ងៃទី១៥ ខែតុលា យ៉ាង​ហោច​ណាស់​មាន​ប្រជាជន​១៣​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះម​ហន្តរាយ​ទឹកជំនន់ ក្នុងនោះមាន​ក្មេង៥នាក់៕​