សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់សមាជិកក្រុមខ្មែរថាវរៈចំនួនពីរនាក់ និងសកម្មជនមាតាធម្មជាតិចំនួន៣នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចូលរួមបាតុកម្មរបស់ពួកគេទាមទារឱ្យដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផ្សាយនៅថ្ងៃចន្ទ បញ្ជាក់ថា៖ «នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់សមាជិកក្រុមខ្មែរថាវរៈចំនួនពីរនាក់ និងសកម្មជនមាតាធម្មជាតិកម្ពុជាចំនួន៣នាក់»។
លោក ហ៊ុន វណ្ណៈ និងអ្នកស្រី ឈឿន ដារ៉ាវី សមាជិកក្រុមខ្មែរថាវរៈត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចូលរួមបាតុកម្មរបស់ពួកគេទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន។ ហើយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិត្រូវបានចាប់ខ្លួនបន្ទាប់ពីផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមអំពីគម្រោងដើរទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានជុំវិញការអភិវឌ្ឍបឹងតាមោក ក្នុងរាជធានីភ្នំពេញ៕