សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​នឹងបើកសវនាការជំនុំជម្រះ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​សមាជិក​ក្រុម​ខ្មែរ​ថា​វរៈ​ចំនួន​ពីរនាក់ និង​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​​នាក់​ ​ដែល​ត្រូវ​បានចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការចូលរួម​បាតុកម្ម​របស់​ពួកគេ​ទាមទារឱ្យ​ដោះ​លែង​មេដឹក​​នាំ​សហជីព លោក រ៉ុង ឈុន។

​យោងតាមគេហទំព័រ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ផ្សាយ​នៅ​ថ្ងៃ​​ចន្ទ បញ្ជាក់​ថា៖ «នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្អែក​នេះ សាលា​ឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ​នឹង​​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​ខ្មែរថាវរៈ​ចំនួន​ពីរ​នាក់ និង​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ចំនួន​៣​នាក់»។

លោក ហ៊ុន វណ្ណៈ និងអ្នកស្រី ឈឿន ដារ៉ាវី សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធ​នឹង​ការចូលរួម​បាតុកម្ម​របស់​ពួកគេ​ទាមទារ​ឱ្យ​ដោះ​លែង​​​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន។ ហើយ​នៅ​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី សកម្ម​​ជន​មាតា​ធម្មជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​អំពី​គម្រោង​​ដើរ​​ទៅ​​កាន់​​ផ្ទះ​​នា​យក​​រដ្ឋមន្ត្រី ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន​ជុំវិញ​ការអភិវឌ្ឍ​បឹង​តាមោក ក្នុង​រាជ​ធានី​ភ្នំពេញ៕