លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ បានចូលរួមពិធីបុណ្យកឋិនទានក្នុងខេត្តស្វាយរៀងមួយថ្ងៃ ក្រោយពីលោកបានចុះចែកអំណោយដល់ពលរដ្ឋក្នុងខណ្ឌដង្កោដែលរងគ្រោះដោយទឹកជំនន់។ នេះបើតាមការបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃអាទិត្យ។
លោក កឹម សុខា បាននាំយកនូវត្រៃចីវរ និងបច្ច័យពីពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ប្រគេនដល់ព្រះសង្ឃនៅក្នុងវត្តចន្ទបុប្ជារាម ស្ថិតក្នុងឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។ នេះបើតាមសំណេររបស់លោក។
សំណេរនោះបន្ថែមថា៖ «ស្របដំណើរឆ្លងកាត់ថ្ងៃនេះដែរ ខ្ញុំក៏បាននាំយកពូជដូងក្រអូបមួយចំនួន ដែលជាអំណោយរបស់សប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ចែកជូនប្រជាពលរដ្ឋយើងនៅខេត្តព្រៃវែង និងស្វាយរៀងផងដែរ»។
ការធ្វើពិធីបុណ្យសាសនានេះ គឺក្រោយពីលោក កឹម សុខា ដែលកំពុងជាប់បណ្តឹងតុលាការនៅឡើយ បានធ្វើការចែកអំណោយដល់ប្រជាពលរដ្ឋដល់រងគ្រោះដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងរងផលប៉ះពាល់ខ្លាំង និងតាមបណ្តាខេត្តមួយចំនួនទៀតដូចជាបាត់ដំបង ព្រះសីហនុ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងខេត្តបន្ទាយមានជ័យ លោក កឹម សុខា ត្រូវបានអាជ្ញាធរឃុំចំណោម ស្រុកមង្គលបូរី បានរារាំង តែត្រូវបានសម្របសម្រួលវិញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
តាមរយៈសារជាសំឡេងផ្ញើរទៅកាន់អាជ្ញាធរថ្នាក់ខេត្តទាំងអស់លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យសម្រួលដល់អ្នកនយោបាយ គណបក្សនយោបាយ និងសប្បុរសជនទាំងអស់ដែលចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះ។ លោកបញ្ជាក់ថា កិច្ចការដែលរដ្ឋាភិបាលកំពុងធ្វើ គឺជាកិច្ចការមនុស្សធម៌ និងមិនប្រកាន់បក្សពួកនយោបាយទេ។
មេធាវីការពារក្ដីឲ្យលោក កឹម សុខា លោក លោក ផេង ហេង បដិសេធមិនឆ្លើយសំនួរ ទាក់ទងនឹងការដើរហើររបស់លោក កឹម សុខា ដោយលោករុញឲ្យទៅសួរខាងតុលាការ។
ចំណែកមេធាវីតំណាងឲ្យរដ្ឋាភិបាល លោក គី តិច មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួននៅយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ ក្រោយត្រូវបានចាប់ និងឃុំខ្លួន ហើយដាក់ឲ្យនៅក្រៅឃុំរហូតមកដល់ពេលនេះ លោកត្រូវបន្តនៅក្រៅឃុំ ដោយមិនទាន់កំណត់ថ្ងៃបើកសវនាការឡើងវិញនៅឡើយ៕