លោក កឹម សុខា មេដឹកនាំគណបក្ស​ប្រឆាំង​​ដែលកំពុង​ស្ថិត​ក្រោមការ​ឃ្លាំមើល​របស់​តុលាការ បាន​​ចូលរួម​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​ខេត្ត​ស្វាយរៀង​មួយ​ថ្ងៃ​ ក្រោយពី​លោក​បាន​ចុះ​ចែក​អំណោយ​​​ដល់​ពលរដ្ឋ​ក្នុង​ខណ្ឌ​ដង្កោ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។ នេះ​បើ​តាម​ការបង្ហោះ​នៅ​ក្នុង​ទំព័​រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ថ្ងៃអាទិត្យ​​។​

លោក កឹម សុខា បាននាំ​យក​នូវ​ត្រៃ​ចីវរ​ និង​បច្ច័យ​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ប្រគេន​ដល់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ចន្ទបុប្ជារាម ស្ថិត​ក្នុង​ឃុំ​ចន្រ្តី ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង។ នេះ​បើ​​តាម​សំណេរ​របស់​លោក។

សំណេរ​នោះ​បន្ថែម​ថា៖ «ស្រប​ដំណើរ​ឆ្លងកាត់​ថ្ងៃនេះ​ដែ​រ ខ្ញុំ​ក៏​បាន​នាំ​យក​ពូជ​ដូង​ក្រអូប​មួយ​ចំនួន ដែល​ជា​អំណោយ​របស់​សប្បុរសជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ចែក​ជូន​ប្រជាពលរដ្ឋ​យើង​នៅ​ខេត្ត​ព្រៃវែង​ និង​ស្វាយរៀង​ផង​ដែរ»។

ការ​ធ្វើ​ពិធី​បុណ្យ​សាសនា​នេះ គឺក្រោ​យ​ពី​លោក​ កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​តុលាការ​នៅ​ឡើយ បាន​ធ្វើការ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដល់​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ដូចជា​បាត់ដំបង ព្រះសីហនុ ពោធិ៍សាត់ និង​ខេត្ត​បន្ទាយ​មានជ័យ​ផង​ដែរ។

ក្នុង​ខេត្ត​បន្ទាយ​មានជ័យ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ចំណោម ស្រុក​មង្គល​បូរី បាន​រារាំង តែ​​ត្រូវ​បាន​សម្រប​សម្រួល​វិញ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។​

តាមរយៈ​​សារ​​​ជា​សំឡេង​​ផ្ញើរ​​ទៅ​កាន់​​អាជ្ញាធរ​​ថ្នា​ក់​​ខេត្ត​​ទាំងអស់​​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​​ប្រាប់​​ឱ្យ​សម្រួល​​ដល់​​អ្នក​​នយោបាយ គណបក្ស​នយោបាយ និង​សប្បុរសជន​​ទាំងអស់​​ដែល​​ចុះ​​ចែក​​អំណោយ​​ដល់​​ពលរដ្ឋ​​រងគ្រោះ។ លោក​​បញ្ជាក់​ថា កិច្ចការ​ដែល​​រដ្ឋាភិបាល​​កំពុង​​ធ្វើ​ គឺ​ជា​​កិច្ចការ​​មនុស្ស​ធម៌​ និង​​មិន​​ប្រកាន់​​បក្សពួក​​នយោបាយ​​ទេ។

មេធាវី​ការពារ​ក្ដី​​ឲ្យ​លោក កឹម សុខា លោក លោក ផេង ហេង បដិសេធមិនឆ្លើយសំនួរ ទាក់​ទង​នឹង​ការដើរ​ហើរ​របស់​លោក កឹម សុខា ដោយលោក​រុញឲ្យទៅសួរខាងតុលាការ។

ចំណែកមេធាវី​តំណាងឲ្យរដ្ឋាភិបាល លោក គី តិច មិនអាច​​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នៅ​ឡើយ។

លោក​ កឹម សុខា​ ត្រូវ​បានអាជ្ញាធរ​​​ចាប់​ខ្លួន​នៅ​​យប់​ថ្ងៃទី​២​ ឈាន​ចូល​ថ្ងៃ​ទី៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ពី​បទ​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស»។ ក្រោយត្រូវបាន​ចាប់ និង​ឃុំ​ខ្លួន ហើយ​ដាក់​ឲ្យ​នៅក្រៅឃុំ​រហូត​មក​ដល់​​ពេល​នេះ​ លោក​ត្រូវ​បន្ត​​នៅក្រៅ​ឃុំ​ ​ដោយ​មិនទាន់​កំណត់​ថ្ងៃ​បើក​​​សវនាកា​រ​ឡើង​វិញ​​នៅឡើយ៕ ​