សហរដ្ឋអាមេរិក បានផ្តល់ថវិកាសរុប១០ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ដើម្បីជួយក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជាដែលបានសម្លាប់មនុស្សអស់២៥នាក់ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៧៨,០៥៦គ្រួសារ ក្នុងរាជធានី ខេត្តចំនួន១៩។
ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID បានផ្តល់ថវិកានេះតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីផ្តល់ជំនួយដល់មនុស្សដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។
ស្ថានទូតអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៏ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ថាអ្នកជំនាញផ្នែកគ្រោះមហន្តរាយនៃទីភ្នាក់ងារ USAID និងបន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុក និងដៃគូ។
គិតតាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យ នៅកម្ពុជា៕