ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុប និងព្យួរអាជ្ញាបណ្ណក្រុមហ៊ុនទូរគមនាគមន៍ចំនួន១៧ បន្ទាប់ពីក្រសួងរកឃើញថា ប្រតិបត្តិករមួយចំនួនបានគេចវេសការបង់ពន្ធជូនរដ្ឋជាច្រើនឆ្នាំ ខ្លះមិនមានប្រតិបត្តិការ និងខ្លះទៀតបានលាក់ចំណូលរបស់ខ្លួន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងគមនាគមន៍ដែលចេញផ្សាយនៅថ្ងៃទី២០ ខែតុលានេះ ក្រសួងបានសម្រេចលុប និងព្យួរអាជ្ញាបណ្ណក្រុមហ៊ុនទាំងនោះ ក្រោយពីក្រសួងបានចាត់ក្រុមអធិការកិច្ចរបស់ខ្លួន ចុះត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយប្រមូលបាននូវព័ត៌មានអំពីស្ថានភាពដំណើរការអាជីវកម្ម ស្ថានភាពបច្ចេកទេស ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្រសួងបានសម្រេចលុប និងព្យួរអាជ្ញាបណ្ណទាំង១៧ក្រុមហ៊ុន ដែលមានភាពអសកម្ម ដូចជាមិនមានសកម្មភាពអាជីវកម្ម គ្មានបុគ្គលិកបម្រើការងារ មិនបានធ្វើស្វ័យប្រកាសបង់ចំណូល និងកាតព្វកិច្ចផ្សេងៗតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងពុំបានផ្ដល់ឯកសារបច្ចេកទេសជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្ថែមថា៖ «កន្លងមកក្រសួងបានចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ឲ្យគោរពតាមច្បាប់ស្តីពីទូរគមនាគមន៍ និងប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ ប៉ុន្តែក្រសួងសង្កេតឃើញថា ប្រតិបត្តិករមួយចំនួននៅតែមិនអនុវត្ត ឬមិនទាន់បានអនុវត្តពេញលេញតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណ។ ហេតុដូច្នេះ ក្នុងករណីប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករទាំងនោះនឹងប្រឈមការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ»។
ក្រសួងបានបញ្ជាក់ថា ក្នុងករណីដែលមានការតវ៉ាទាក់ទងនឹងការលុបអាជ្ញាបណ្ណនេះ ប្រតិបត្តិករត្រូវទូទាត់បំណុលដែលជំពាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធដារ និងត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
Newsroom Cambodia បានព្យាយាមទាក់ទងទៅក្រុមហ៊ុនមួយចំនួនដែលត្រូវបានក្រសួងប្រៃសណីយ៍ព្យួរ និងលុបអាជ្ញាបណ្ណ ប៉ុន្តែមិនមានការឆ្លើយតប។
យ៉ាងណាក្តីបុគ្គលិកក្រុមហ៊ុន Xnet ដែលស្ថិតនៅក្នុងតារាងត្រូវបានលុបអាជ្ញាបណ្ណមួយដែរ បានបញ្ជាក់ប្រាប់ Newsroom Cambodia ថា សេវាកម្មរបស់ខ្លួននៅបន្តដំណើរការជាធម្មតា ហើយក្រុមហ៊ុនទើបតែបានទទួលលិខិតពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃពុធនេះដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណាពីថ្នាក់លើនៅឡើយ៕