(ភ្នំពេញ)៖ សាលាឧទ្ធរណ៍នៅថ្ងៃអង្គារ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សមាជិកក្រុមខ្មែរថាវរៈចំនួនពីរនាក់ និងសកម្មជនមាតាធម្មជាតិចំនួន៣នាក់ ដែលបានស្នើសុំនៅក្រៅឃុំក្រោយត្រូវបានចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មេធាវីការពារក្តីឲ្យសកម្មជនទាំង៥នាក់ លោក លី សុចិត្រា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២០ ខែតុលា ក្រោយតុលាការបញ្ចប់សវនាការអសាធារណៈថា តុលាការមិនអនុញ្ញាតឲ្យអ្នកទាំង៥នៅក្រៅឃុំនោះទេ ដោយតុលាការលើកឡើងថា ទុកឲ្យតុលាការបន្តនីតិវិធីស៊ើបសួរបន្ត។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានទាំង៥នាក់ដែលក្នុងនោះរួមមានលោក ហ៊ុន វណ្ណៈ និង អ្នកស្រី ឈឿន ដារ៉ាវី សមាជិកក្រុមខ្មែរថាវរៈ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចូលរួមបាតុកម្ម ទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន។ ហើយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិត្រូវបានចាប់ខ្លួនបន្ទាប់ពីផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមអំពីគម្រោងដើរទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានជុំវិញការអភិវឌ្ឍបឹងតាមោក ក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នអ្នកទាំង៥កំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដោយត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ដែលមានចែងពីការផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី៦ខែ រហូតដល់២ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៤លានរៀល។
អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ Newsroom Cambodia នៅព្រឹកថ្ងៃពុធទី២១តុលានេះថា សកម្មជនទាំង៥នាក់គួរតែត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ។ អ្នកស្រីបន្ថែមថា អ្នកទាំង៥មិនគួរត្រួវបានចាប់ខ្លួនតាំងពីដំបូងមកម៉្លេះ ដោយសារពួកគេគ្រាន់តែអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការជួបជុំ បញ្ចេញមតិដោយសន្តិវិធីប៉ុណ្ណោះ។
អ្នកស្រីថា៖ «សាលាឧទ្ធរណ៍លោកគួរតែពិចារណាទៅលើចំណុចពាក់ព័ន្ធ ហើយនិងជាពិសេសពួកគាត់គួរតែត្រូវបានមើលឃើញថា ជាយុវជនសកម្ម ជាពលរដ្ឋដែលគ្រាន់តែអនុវត្តនូវសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការបញ្ចេញមតិ ហើយនឹងជួបជុំគ្នាដោយសន្តិវិធីនេះចា៎»។
Newsroom Cambodia មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យថ្មីរបស់សាលាឧទ្ធរណ៍បាននៅឡើយ៕