ក្រសួងអប់រំកម្ពុជា ស្ថានទូតចិន និងអង្គការយូនីសេហ្វ នៅថ្ងៃពុធបានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីសង្កេតមើលការប្រើប្រាស់បរិក្ខាអនាម័យ និងសម្ភារសិក្សា ដែលក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្រាប់ជួយដល់កុមារប្រមាណជា៧ម៉ឺននាក់បានចូលរៀនដោយសុវត្ថិភាពក្នុងអំឡុងការកើតមានជំងឺកូវីដ១៩។
យោងតាមទំព័រហ្វេសបុករបស់អង្គការយូនីសេហ្វកម្ពុជាបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មចិន បានឧបត្ថម្ភសម្ភាររៀន និងបង្រៀន ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យដល់សាលាមត្តេយ្យសិក្សាចំនួន៣,០៦៤ កន្លែងទូទាំងប្រទេសកម្ពុជា។
«ការផ្ដល់សម្ភាររៀន និងបង្រៀន (ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ) ដូចជាឧបករណ៍សម្រាប់លាងសម្អាតដៃចល័ត ធុងចម្រោះទឹក និងសម្ភារលាងសម្អាតដទៃទៀតដែលមានសារៈសំខាន់ចំាបាច់សម្រាប់ការពារសុវត្ថិភាព និងសុខភាពរបស់កុមារតូចៗ។ បច្ចុប្បន្នសម្ភារទាំងអស់នេះកំពុងត្រូវបានចែកជូនការិយាល័យអប់រំស្រុកចំនួន១៨៧ស្រុក នៅក្នុងរាជធានីខេត្តទាំង២៥»។
ចាប់តាំងពីកម្ពុជាមានករណីឆ្លងរាលដាលជំងឺកូវីដ១៩នៅដើមឆ្នាំ២០២០មក កម្ពុជាបានប្រកាសបិទសាលារៀនជាបណ្តោះអាសន្ននៅទូទាំងប្រទេស និងទើបប្រកាសបើកសាលាវិញបណ្តោះអាសន្ននៅដើមខែតុលានេះ ដោយប្រកាសឲ្យគ្រប់សាលាទាំងអស់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបថនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា៕