ក្រសួងអប់រំ​កម្ពុជា​ ស្ថានទូត​ចិន និង​អង្គការ​​យូនីសេហ្វ នៅ​ថ្ងៃ​ពុធ​បាន​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្កេត​មើល​ការប្រើប្រាស់​បរិក្ខា​អនាម័យ និង​សម្ភារ​សិក្សា ដែល​ក្រសួង​ពាណិជ្ជកម្ម​​​ចិន បាន​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​កុមារ​ប្រមាណជា​៧​ម៉ឺន​នាក់​បាន​ចូល​រៀន​ដោយ​សុវត្ថិភាព​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ​១៩។ ​

យោងតាមទំព័រហ្វេសបុករបស់​អង្គការ​យូនីសេហ្វ​កម្ពុជា​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មចិន បាន​ឧបត្ថម្ភ​​សម្ភាររៀន និងបង្រៀន ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យដល់​សាលា​មត្តេយ្យ​​សិក្សា​​ចំនួន​៣,០៦៤ កន្លែង​ទូទាំងប្រទេស​កម្ពុជា។

«ការផ្ដល់សម្ភាររៀន និងបង្រៀន (ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ) ដូចជាឧបករណ៍​សម្រាប់​​លាង​សម្អាត​ដៃ​ចល័ត ធុង​ចម្រោះ​ទឹ​ក និង​សម្ភារ​លាង​សម្អាត​ដទៃ​ទៀត​ដែល​មាន​សារៈសំខាន់​ចំាបាច់​​​សម្រាប់​ការពារ​សុវត្ថិភាព និង​សុខភាព​របស់​កុមារ​តូចៗ។ បច្ចុប្បន្ន​សម្ភារ​ទាំងអស់​នេះ​កំពុង​ត្រូវ​បាន​ចែក​ជូន​ការិយាល័យ​អប់រំ​ស្រុក​ចំនួន​១៨៧​ស្រុក នៅ​ក្នុង​រាជធានី​ខេត្ត​ទាំង​២៥»។

ចាប់​តាំង​ពី​​កម្ពុជា​មានករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅដើម​​ឆ្នាំ​២០២០​មក កម្ពុជា​បាន​ប្រកាស​បិទ​សាលា​រៀន​​ជាបណ្តោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស និង​ទើប​ប្រកាស​បើក​សាលា​វិញ​បណ្តោះ​អាសន្ន​​​នៅ​ដើម​ខែ​តុលា​នេះ ដោយ​ប្រកាស​ឲ្យ​គ្រប់​សាលា​ទាំងអស់​អនុវត្ត​គោល​ការណ៍​ប្រតិ​បត្តិ​​ស្តង់​ដា សម្រាប់​ដំណើរការ​គ្រឹះស្ថាន​សិក្សាឡើងវិញ​ក្នុង​បរិបថ​នៃ​ជំ​ងឺកូវីដ-១៩ របស់​ក្រសួង​អប់រំ យុវជន និងកីឡា៕​