នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាទិវារំឮកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលកិច្ចព្រមព្រៀងនេះ បានបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា ធានាឲ្យបាននូវការបង្រួបបង្រួមជាតិនៃជម្លោះនយោបាយគ្រប់ភាគី រយៈពេលជិតបីទសវត្សរ៍មកហើយ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន មើលឃើញពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានៅមានភាពខ្វះចន្លោះនៅឡើយ បើទោះបីជារដ្ឋាភិបាលអះអាងថា កម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីក៏ដោយ។
ជាក់ស្តែងទៅហើយ វត្តមានភាពនៃពហុគំនិតមិនស្របគ្នា តែងតែលេចចេញឡើងក្នុងប្រទេសប្រជាធិបតេយ្យ ដើម្បីឆ្លុះបញ្ចាំងពីភាពខ្វះខាត និងបំពេញគ្នាទៅវិញទៅមក តែទោះជាមានការខ្វែងគំនិតគ្នាយ៉ាងណា ក៏ត្រូវតែមានការអត់ធ្មត់ និងព្យាយាម ដែលជាមាគ៌ារបស់ព្រះពុទ្ធយកមកដោះស្រាយ។
លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន គឺបានចម្លងចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសគ្រប់គ្រាន់ហើយ ប៉ុន្តែលោកថា អ្វីដែលមើលឃើញថាបញ្ហាក្នុងពេលបច្ចុប្បន្ន គឺស្មារតីបង្រួបបង្រួមជាតិ និងឯកភាពជាតិ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលដែលកើតឡើងក្រោយកិច្ចព្រមព្រៀងនេះ ត្រូវទទួលខុសត្រូវក្នុងការធ្វើឱ្យមានឯកភាពជាតិ និងបង្រួបបង្រួមជាតិ ប៉ុន្តែអ្វីដែលមើលឃើញមកដល់ពេលនេះ រដ្ឋាភិបាលនៅតែប្រកាសថាមានពួកឧទ្ទាមក្រៅច្បាប់ អីចឹងក្នុងសង្គមមួយដែលមានជនឧទ្ទាមក្រៅច្បាប់នោះ គឺមិនអាចនិយាយបានថា ជារដ្ឋាភិបាលបានធ្វើដោយជោគជ័យទៅលើការបង្រួបបង្រួមជាតិទេ»។
លោកបន្ថែមថា អំពីស្មារតីនៃការដឹកនាំប្រទេសនៅក្នុងរបបប្រជាជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ពិសេសក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
លោកថា៖ «កម្ពុជាហាក់ដូចជាមានភាពចម្រូងចម្រាស់ច្រើន មានការរិះគន់ច្រើន ទាំងក្នុងស្រុក និងក្រៅស្រុកទៅលើដំណើរការប្រជាធិបតេយ្យដែលហាក់ដូចជាដើរចេញកាន់តែឆ្ងាយទៅរករបបផ្ដាច់ការ ហើយការរំលោភសិទ្ធិមនុស្សដូចមានរបាយការណ៍អន្តរជាតិជាដើម»។
«ចំណែក ស្មារតីបូរណភាពទឹកដី និងអធិបតេយ្យភាព ដោយសារពេលនេះយើងឃើញមានការរុញច្រានគ្នាទៅវិញទៅមករវាងមហាអំណាច ទាក់ទិនទៅនឹងភូមិសាស្រ្តនយោបាយអញ្ចឹង នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសហត្ថលេខីទាំងអស់ត្រូវតែធានាឲ្យបាននូវឯករាជ្យភាព បូរណភាពទឹកដីកម្ពុជា»។
«មួយវិញទៀត ទាក់ទងនឹងការរំលោភរបស់ប្រទេសជិតខាងមកលើទឹកដីកម្ពុជា ក៏កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានចេញឲ្យប្រទេសជិតខាងធ្វើការធានា ថា កម្ពុជាជាប្រទេសមួយដែលមានផែនទីកំណត់មានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងមិនអាចប្រទេសណារំលោភបាន។ តែឥឡូវយើងឃើញការបោះតង់របស់វៀតណាមនៅតាមបណ្ដោយព្រំដែន ក៏មិនទាន់ច្បាស់ថាត្រូវដោះស្រាយយ៉ាងណា នេះសុទ្ធតែជាមូលហេតុដែលពលរដ្ឋលើកយកកិច្ចព្រមព្រៀងនេះដើម្បីមករំឮកឡើងវិញ ប្រាប់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់»។
លោក ស្រ៊ុន ស្រ៊ន យុវជនម្នាក់ដែលសកម្មក្នុងការផ្សព្វផ្សាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស មើលឃើញពីកិច្ចព្រមព្រៀងនេះថា បង្កើតឱ្យបាននូវបូរណភាពជាតិ ឯករាជ្យភាពជាតិទាំងស្រុងចេញពីបរទេស និងការបង្កើតអធិបតេយ្យភាព សន្តិសុខសន្តិភាពជាតិខ្មែរ។
«រដ្ឋាភិបាលអនុវត្តន៍តែរដ្ឋធម្មនុញ្ញដែលកើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ដូច្នេះរដ្ឋាភិបាលហាក់ដូចជាមិនសូវជាអើពើយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅអនុវត្តន៍ទេ ដូចជាការលុបចោលទៅលើសន្ធិសញ្ញាបំពេញបន្ថែមនានា មុន២៣ តុលា ១៩៩១ ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ឃើញថា មានបញ្ហាជាច្រើនដែលរដ្ឋាភិបាលគួរតែពិចារណាហើយ និងពិនិត្យឡើងវិញនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាពិសេសឆ្លើយតបនឹងរដ្ឋធម្មនុញ្ញដែលប្រទេសកម្ពុជាយើងបានប្តេជ្ញាអនុវត្តន៍។
អ្នកស្រីលើកឡើងថា៖ «សិទ្ធិមូលដ្ឋានសំខាន់ៗ ដូចសេរីភាពនៃការបញ្ចេញមតិ ឬជួបជុំគ្នាដោយសន្តិវិធី ឬចងក្រងជាសមាគមជាដើមហ្នឹង គឺមានការប្រឈម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសលំហូរសង្គមស៊ីវិលរងនូវការគំរាមកំហែងជាខ្លាំងមែនទែន ខណៈមានការរំលាយគណបក្សជំទាស់ដ៏សំខាន់មួយ (នៅកម្ពុជា)»។
អ្នកស្រីបន្តថា ការគំរាមកំហែងដល់អង្គការសង្គមស៊ីវិលមួយចំនួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដូចជាការចាប់ខ្លួនសកម្មជន និងយុវជនជាបន្តបន្ទាប់ជាដើម។
«នៅពេលដែលយើងនិយាយដល់សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយវិញ គឺជាចំណោទដែលរដ្ឋាភិបាលកម្ពុជាយើងត្រូវធ្វើកិច្ចការជាច្រើនដែលខ្លួនត្រូវបង្ហាញថា បានប្តេជ្ញាទៅតាមស្មារតីកិច្ចព្រមព្រៀងនេះ ជាពិសេសគឺទៅតាមរដ្ឋធម្មនុញ្ញដែលបានចែង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា បើនិយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមានការអនុវត្តទៅលើកិច្ចព្រមព្រៀងនេះទៀតទេ មានតែការអនុវត្តទៅលើរដ្ឋធម្មនុញ្ញ ហើយកិច្ចព្រមព្រៀងនេះធ្វើទៅលើភាគីជម្លោះប្រដាប់អាវុធកម្ពុជា មិនមែនធ្វើជាមួយបរទេសណាឡើយ។
«(កិច្ចព្រមព្រៀងនេះ) អត់មានលក្ខណៈជាច្បាប់ដើម្បីដាក់ទៅតុលាការអន្តរជាតិក្នុងការកាត់ទោសភាគីណាមួយបានឡើយ អីចឹងការអនុវត្តកិច្ចព្រមព្រៀងគឺអនុវត្តន៍ទៅលើរដ្ឋធម្មនុញ្ញ»។
លោកបន្ថែមថា ប្រទេសណាក៏ដោយ មិនដែលមានការអនុវត្តរដ្ឋធម្មនុញ្ញបានពេញលេញទេ គេមានតែកែទម្រង់ តាក់តែងច្បាប់ឱ្យឆ្លើយតបការយល់ដឹងអំពីច្បាប់ និងការអនុវត្តច្បាប់តែប៉ុណ្ណឹង សូម្បីសហរដ្ឋអាមេរិក។ តែយ៉ាងណា ការពង្រឹងនីតិរដ្ឋប្រឆាំងនឹង និទណ្ឌភាព ពង្រឹងសេចក្ដីត្រូវការទទួលខុសត្រូវទាំងប្រជាពលរដ្ឋទាំងមន្ត្រីរដ្ឋាភិបាល ទើបជាដំណោះស្រាយល្អ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ រដ្ឋាភិបាលអាណត្តិទី១រហូតដល់នីតិកាលទី៦ គឺបាននិងកំពុងអនុវត្តន៍យ៉ាងត្រឹមត្រូវ ដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ បានសម្រេចលទ្ធផលមួយចំននួនធំ។
លោកថា៖ «មានការដកកងទ័ពបរទេសចេញពីកម្ពុជាដោយមានការត្រួតពិនិត្យពីអន្តរជាតិដោយត្រឹមត្រូវ។ រីឯជនភៀសខ្លួនដែលនៅលើទឹកដីថៃត្រូវបានប្រមូលយកមកទឹកដីកម្ពុជាធ្វើសមាហរន្តកម្មក្នុងមាតុភូមិកម្ពុជា ដោយរស់រួមជាមួយគ្នាប្រកបដោយសុខដុមរមនា។ ការធានាឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា ក្រោមកិច្ចព្រមព្រៀងបានចែងហើយថា អត់មានការឈ្លានពានពីខាងក្រៅទេ ដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា អីចឹងរាល់ថ្ងៃនេះអធិបតីភាព និងឯករាជ្យភាពកម្ពុជាអត់មានប៉ះពាល់ ឬរង្គោះរង្គើរឡើយដោយប្រការណាមួយទេ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបន្ថែមថា បើសិនជាមានការឈ្លានពានទឹកដីកម្ពុជាមែន សហប្រធាននៃកិច្ចព្រមព្រៀងប៉ារីសគេនឹងកោះប្រជុំភ្លាមៗដើម្បីរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការ ប៉ុន្តែលោកថា ក្នុងរយៈពេល២៩ឆ្នាំហើយ មិនមានបញ្ហាអ្វីកើតឡើងទេ។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលជាខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គេឃើញអាជ្ញាធររាជធានីភ្នំពេញ បានបំបែកការប្រមូលផ្តុំរបស់ក្រុមប្រជាពលរដ្ឋប្រមាណជាជិត២០នាក់ដែលព្យាយាមទៅប្រមូលផ្តុំដាក់ញត្តិនៅស្ថានទូតចិនប្រចាំកម្ពុជា ដោយបានឃាត់ខ្លួនអ្នកប្រមូលផ្តុំចំនួន៣នាក់។ ចំណែកអ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍សិទ្ធិមនុស្សមួយចំនួនក្នុងព្រឹត្តិការនោះ ក៏ត្រូវបានអាជ្ញាធរគំរាមកំហែងដកហូតម៉ាស៊ីនថត និងទូរស័ព្ទផងដែរ៕