សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM កាលពីសុក្របានចេញសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពរបស់សមត្ថកិច្ច ដែលធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានជាបន្ទាន់ បន្ទាប់ពីអ្នកសារព័ត៌មានចំនួន៦នាក់ត្រូវបានសម្លុត និងគំរាមកំហែងក្រោមទិដ្ឋភាពផ្សេងៗគ្នាពីសំណាក់សមត្ថកិច្ច។
ក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី២៣ ខែតុលានេះបញ្ជាក់ថា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានការព្រួយបារម្ភកាន់តែខ្លាំងក្រោយពេលដែលអ្នកសារព័ត៌មានត្រូវបានរារាំង និងគំរាមកំហែងនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ ខណៈដែលពួកគេកំពុងផ្តិតយករូបភាព និងយកព័ត៌មានពីការតវ៉ារបស់សកម្មជនដែលជាស្ត្រីនៅខាងមុខស្ថានទូតចិន ដើម្បីទាមទារឲ្យប្រទេសកម្ពុជាជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ។
សេចក្តីថ្លែងការណ៍ដដែលនោះបន្ថែមថា អ្នកយកព័ត៌មានរបស់វីអូឌី (VOD) ម្នាក់ត្រូវបានសមត្ថកិច្ចសម្លុត ហើយដេញតាមគាត់ នៅពេលគាត់ឈរនៅជិតស្ថានទូតចិនតាមដានសមត្ថកិច្ចដែលសួរនាំស្ត្រីម្នាក់ដែលកំពុងតវ៉ានៅទីនោះ។ អ្នកយកព័ត៌មានរបស់វីអូឌីម្នាក់ទៀតថា សមត្ថកិច្ចបានដេញចាប់យកទូរសព្ទរបស់គាត់នៅពេលគាត់ព្យាយាមថតរូប។ ចំណែកអ្នកផលិតព័ត៌មានឱ្យវីអូឌីពីររូបផ្សេងទៀតត្រូវបានសាកសួររយៈពេលខ្លី និងមានការរុញច្រានពួកគេផងដែរ នៅមុនពេលពួកគេត្រូវបានបណ្តេញចេញពីកន្លែងដែលពួកគេយកព័ត៌មាន។
«ចំណែកអ្នកសារព័ត៌មានម្នាក់ទៀតរបស់ VOD ដែលកំពុងតែផ្សាយផ្ទាល់ (Live) សកម្មភាពតវ៉ារបស់សកម្មជនត្រូវបានសមត្ថកិច្ចបញ្ជាឱ្យបញ្ឈប់ការផ្សាយ។ លើសពីនេះ សមត្ថកិច្ចបានដកហូតយកម៉ាស៊ីនថតរូបដែលពាក់ជាប់នឹងករបស់អ្នកសារព័ត៌មានម្នាក់ នៅកាសែតខ្មែរថែមស៍ ហើយបានបញ្ជាឱ្យគាត់ ព្រមទាំងអ្នកថតរូបឱ្យទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លុបរូបថត និងឈប់ថតរូបពីព្រឹតិ្តការណ៍នោះទៀតផង»។
នាយកប្រតិបត្តិ ខេមបូចា លោក ណុប វី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «នេះគឺជាសញ្ញាគំរាមកំហែងដែលមិនអាចទទួលយកបាន នៅពេលដែលអ្នកសារព័ត៌មានកំពុងបំពេញវិជ្ជាជីវៈរបស់ពួកគេ បែរជាអាជ្ញាធរហាក់ចាត់ទុកថាអ្នកសារព័ត៌មានគឺជាអ្នកឃ្លាំមើលយ៉ាងសំខាន់ ដែលធ្វើឱ្យពួកគេពិបាកបង្ក្រាបលើក្រុមតវ៉ា»។
ចំណែកនាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោក អ៊ិត សូធឿត លើកឡើងថា៖ «ការគំរាមកំហែងនេះនឹងកាន់តែដាក់សម្ពាធ និងរឹតត្បិតដល់សេរីភាពអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា ក្នុងការអនុវត្តនូវវិជ្ជាជីវៈរបស់ពួកគេដែលត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ»។
ក្នុងអំឡុងនៃការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានទាំង៦នាក់នោះដែរ អាជ្ញាធរខណ្ឌចំការមនបានបង្ក្រាប និងចាប់ខ្លួនស្ត្រីបីនាក់ក្នុងពេលដែលពួកគេមានគ្នាប្រមាណ២០នាក់ ព្យាយាមទៅប្រមូលផ្តុំស្រែកតវ៉ា និងដាក់ញតិ្តជូនស្ថានទូតចិនក្នុងរាជធានីភ្នំពេញ ស្នើសុំឲ្យប្រទេសចិនដកមូលដ្ឋានទ័ពចិន នៅក្នុងប្រទេសកម្ពុជា និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្ដារ ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា។
ស្ថាប័នការពារអ្នកសារព័ត៌មានទាំងពីរបន្ថែមក្នុងសេចក្តីថ្លែងការណ៍រួមនោះថា៖ «សូមអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមត្ថកិច្ច ដែលធ្វើទុក្ខបុកម្នេញដល់អ្នកសារព័ត៌មាន និងធានាសុវត្ថិភាព និងសន្តិសុខដល់អ្នកសារព័ត៌មានគ្រប់រូបដើម្បីឱ្យពួកគេ អាចអនុវត្តសិទ្ធិសេរីភាព និងបំពេញវិជ្ជាជីវៈបានត្រឹមត្រូវ ដើម្បីចូលរួមរាយការណ៍ពីរឿងរ៉ាវ និងបទល្មើសនានាដែលកំពុងកើតឡើងនៅក្នុងសង្គមដោយមិនមានការភ័យខ្លាច»។
ចាប់តាំងពីដើមឆ្នាំ២០២០មក ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាននៅតែកើតឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មានមួយរូបឈ្មោះ ហ៊ីម ម៉ាត់ ដែលជាប្រធានក្រុមអ្នកសារព័ត៌មានទូរទស្សន៍អនឡាញឈ្មោះ UMA TV Online រងការប្រើហិង្សា នៅពេលលោកកំពុងចុះយកព័ត៌មានអំពីបទល្មើសព្រៃឈើ នៅចំណុចជិតស្ពានសេកុង ក្នុងខេត្តស្ទឹងត្រែង។
កាលពីចុងខែកញ្ញាកន្លងទៅ ក៏មានករណីអំពើហិង្សាលើអ្នកសារព័ត៌មានអនឡាញចំនួន ៤រូបក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានធ្វើឱ្យអ្នកសារព័ត៌មានម្នាក់ក្នុងចំណោម៤នាក់នោះរងរបួសធ្ងន់ត្រង់ឆ្អឹងជំនីរ និងម្នាក់ទៀតរងរបួសស្រាលផងដែរ។
បើតាមរបាយការណ៍ដែលចេញដោយខេមបូចា ចាប់តាំងពីខែកក្កដា ដល់កញ្ញា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន១៥នាក់រងនូវការបៀតបៀន តាមរយៈការប្រើហិង្សា និងការចាប់ខ្លួន ចោទប្រកាន់តាមផ្លូវច្បាប់ផ្សេងៗ៕