ក្រុមការពារប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បង្កើនការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានតាមរយៈការស៊ើបអង្កេត ប្រកបដោយប្រសិទ្ធិភាព ឯករាជភាព និងតម្លាភាពទៅលើគ្រប់ករណីបទល្មើសទាំងអស់ ដែលជនរងគ្រោះ និងសាច់ញាតិរបស់ពួកគេនៅកំពុងរងចាំយុត្តិធម៌នៅឡើយ។
សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើចំទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ដោយសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ(CCIM) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិក្រុមការពារប្រព័ន្ធផ្សព្វផ្សាយ។
សេចក្តីថ្លែងការណ៍រួមនោះបាននិយាយថា «យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធម៌ឲ្យផ្តន្ទាទោសជនល្មើសនៃឧក្រិដ្ឋកម្មប្រព្រឹត្តមកលើអ្នកសារព័ត៌មាន និងសូមឲ្យរដ្ឋាភិបាលធានាសុវត្ថិភាព នឹងសន្តិសុខជូនដល់អ្នកសារព័ត៌មានគ្រប់រូប ដើម្បីឲ្យឲ្យពួកគេអាចអនុវត្តសិទ្ធសេរីភាពចូលរួមរាយការណ៍ព័ត៌មាននានាដែលកំពុងកើតមានឡើងនៅក្នុងសង្គមដោយមិនមានភាពភ័យខ្លាច»។
គិតត្រឹមក្នុងរយៈពេល១០ខែចុងក្រោយនេះ ចាប់ពីខែមករា ដល់តុលា ឆ្នាំ២០២០ ខេមបូចាបានរកឃើញថាអ្នកសារព័ត៌មាន សរុប៥៩នាក់ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហឹង្សា ការចាប់ខ្លួន ការបាត់បង់ជីវិត និងការរងបណ្តឹងពីតុលាការជាដើម។
ក្នុងនោះមានអ្នកសារព័ត៌មានចំនួន២៧នាក់ ត្រូវបានចាប់ខ្លួន ៧នាក់ជាជនរងគ្រោះនៃការប្រើអំពើហឹង្សា និងម្នាក់បានស្លាប់។ នេះយោងតាមខេមបូចា។
ក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានហៅសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំងនោះថា ជាយុទ្ធសាស្ត្រ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាបំភាន់សាធារណៈមតិ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងព័ត៌មាននោះបន្ថែមថា «ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចរបស់ខ្លួនទៅលើអ្នកសារព័ត៌មានដែលខុសច្បាប់កន្លងមក ថាជាការរំលោភបំពាន បំបិទសិទ្ធិ សេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ទៅលើករណីនីមួយៗ នោះឡើយ»៕