លទ្ធផលតេស្តទាំងពីរលើកចំពោះមនុស្ស ១១៦៦នាក់ ដែលបានពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា» បានរកឃើញថាមនុស្ស ១១៤០នាក់អវិជ្ជមានកូវីដ១៩ ខណៈមនុស្ស៣នាក់ ត្រូវបានតេស្តរកឃើញវិជ្ជមាន និង២៣នាក់កំពុងធ្វើការវិភាគបន្ត។ នេះយោងតាមក្រសួងសុខាភិបាល។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាការធ្វើតេស្តលើមនុស្សចំនួន១១៦៦នាក់ គឺជាអ្នកមានការពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងគ្រី នៅកម្ពុជាកាលពីថ្ងៃ៣ វិច្ឆិកា ឆ្នាំ២០២០នេះ។
ចំពោះលទ្ធផលសម្រាប់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានប្រកាសមានអ្នកឆ្លង៣នាក់ ដោយរួមមានលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា លោក ស ចិត្រា្ត ជាអគ្គលេខាធិការង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកអគ្គរាជទូតហុងគ្រី ប្រចាំកម្ពុជា និងវៀតណាម។
អង្គរក្សផ្ទាល់របស់រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ត្រូវបានតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៧ វិច្ឆិកា ២០២០ និងមួយថ្ងៃក្រោយមក ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្អាកសាលារៀនទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយលើកមូលហេតុជៀសវាងការរីករាលដាលក្នុងសហគមន៍ និងរងចាំលទ្ធផលតេស្តរកកូវីដ ១៩ លើអ្នកពាក់ព័ន្ធ។
បន្ថែមពីនេះផងដែរ ក្រសួងសុខាភិបាលបានប្រកាសក្រើនរម្លឹកឲ្យ អ្នកដែលបានធ្វើតេស្តលើកទី១ និងទី២ អវិជ្ជមាន ឲ្យធ្វើការបន្តធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល១៤ថ្ងៃនៅតាមផ្ទះ។