សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយ១៥០លានដុល្លាដល់ប្រទេសទន្លេមេគង្គចំនួនប្រាំ ដែលកំពុងជួបប្រទះការគំរាមកំហែងដោយគ្រោះរាំងស្ងួត ឧក្រិដ្ឋកម្មឆ្លងដែន និងជំងឺរាតត្បាតសកល។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីពេលថ្មីៗនេះបានប្រកាសអំពីគម្រោងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសតំបន់ទន្លេមេគង្គ ដោយសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយ១៥០លានដុល្លា ដើម្បីគាំទ្រភាពស្វ័យគ្រប់គ្រង និងភាពឯករាជ្យផ្នែកសេដ្ឋកិច្ចទៅលើប្រទេសចំនួនប្រាំ ដែលស្ថិតនៅតាមដងទន្លេមេគង្គ រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងប្រទេសកម្ពុជាផងដែរ។
បើតាមសេចក្ដីថ្លែងការណ៍របស់លោក Pompeo កាលពីថ្ងៃ ១៤ កញ្ញា បញ្ជាក់ថា៖ «ភាពជាដៃគូសហរដ្ឋអាមេរិក និងបណ្ដាប្រទេសទន្លេមេគង្គ មានការតាំងចិត្តដើម្បីស្វ័យភាព ឯករាជ្យភាពសេដ្ឋកិច្ច អភិបាលកិច្ចល្អ និង ការអភិវឌ្ឍប្រកបដោយចីរភាពជាមួយប្រទេសជាដៃគូនៅក្នុងតំបន់ទន្លេមេគង្គ»។
ក្នុងការគាំទ្រនេះ សហរដ្ឋអាមេរិកនឹងផ្ដល់៥៤លានដុល្លារសម្រាប់ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ៥២លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៣៣លានដុល្លារសម្រាប់អភិវឌ្ឍន៍ទីផ្សារថាមពល និង២លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស៕