យុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកដែលកំពុងត្រូវបានគេចែករំលែកតៗគ្នា «តោះលេងហ្គេម#១ដុល្លារដើម្បីកុមារកម្ពុជា» ដែលបង្កើតឡើងក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ បើគិតត្រឹមថ្ងៃសុក្រម្សិលមិញ។
យោងតាមលិខិតថ្លែងអំណរគុណរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឲ្យដឹងថា យុទ្ធនាការ «តោះលេងហ្គេម#១ដុល្លារដើម្បីកុមារកម្ពុជា» បានចាប់ផ្ដើមកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ទី១៣ ម្សិលមិញ ចំនួនទឹកប្រាក់សរុបដែលមន្ទីរពេទ្យកុមារអង្គរទទួលបានពីព្រឹត្តិការណ៍ទាំងមូលគឺ ៣១៧,៨០៣.៩៣ដុល្លារអាមេរិក ដែលក្នុងនោះមានទឹកប្រាក់ចំនួន២៦៦,៤៨៥.៨៩ដុល្លារអាមេរិក បានមកពីការបរិច្ចាគតាមរយៈយុទ្ធនាការ «តោះលេងហ្គេម#១ដុល្លារដើម្បីកុមារកម្ពុជា»។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ជាមួយសាយ មានការគាំទ្រពីមហាជនទូទៅយ៉ាងផុសផុលនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយពួកគេបានផុសរូបខ្លួន១សន្លឹកភ្ជាប់ជាមួយការថតស្រ្គីនគណនីធនាគារព្រមជាមួយការបរិច្ចាគថវិកា១ដុល្លារអាមេរិកសម្រាប់ព្រឹត្តិការណ៍នេះ។
លិខិតដដែលបន្ថែមថា យុទ្ធនាការនេះ មានគោលបំណងជំរុញ និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគ្នាបរិច្ចាគថវិកាចំនួន១ដុល្លា មកកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តប្រតិបត្តិការសេវាព្យាបាល និងថែរទាំដល់កុមារកម្ពុជាតទៅមុខទៀត ខណៈដែលមន្ទីរពេទ្យកំពុងតែជួបការលំបាកក្នុងការស្វែងរកសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
«ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ជាមួយសាយ» បានចាប់ផ្ដើមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ហើយការរត់នេះ គឺតារាចម្រៀងឈ្មោះ អ៊ួន បឋម ហៅសាយ រត់តែម្នាក់ឯងតាមបណ្ដាយផ្លូវជុំវិញព្រំដែនប្រទេសកម្ពុជា សរុបរយៈពេល៩៩ថ្ងៃ។
កាលពីខែធ្នូ ឆ្នាំ២០១៩ លោក នឹម ឈុន្នី សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនបណ្តុះបណ្តាល Vipassa ធ្លាប់បានដាក់គោលដៅរត់ចម្ងាយ៣១៤គីឡូម៉ែត្រ ដោយប្រើពេលវេលា១០ថ្ងៃ ដើម្បីរៃអង្គាសប្រាក់ចំនួន ១០ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបផងដែរ៕