អ្នកសារព័ត៌មានកម្ពុជាបានពិភាក្សាអំពីការ «រំខាន» មួយចំនួនដោយសារការផ្ទុះឡើងនូវវីរុសកូវីដ ១៩ និងពីអាជ្ញាធរ ខណៈពេលកំពុងបំពេញការងារវិជ្ជាជីវៈក្នុងឆ្នាំ២០២០កន្លងទៅ។

តាមរយៈផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ផេកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេល១ម៉ោង២នាទី និង១៧វិនាទី អ្នកនាង អេង គីមហុង អ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្ដរជាតិ និងលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ (ខេមបូចា) បាននិយាយអំពី ការវិវឌ្ឍនៃសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានក្នុងឆ្នាំកន្លងទៅ។

លោក ណុប វី បានយល់ឃើញថាស្ថានភាពនៃអ្នកការសែតមានភាពលំបាកខ្លះៗកំឡុងពេលបំពេញសកម្មភាពរបស់ខ្លួនហើយពួកគាត់ទទួលបានការយាយីពីដែនសមត្ថកិច្ចដោយដកសម្ភារៈមានកាមេរ៉ា និងប្រដាប់ថតសំឡេងជាដើម។​

«បើសិនជាពីរភាគីហ្នឹងមានការគោរពគ្នា ហើយយល់ដឹងពីការអនុវត្តតួនាទី នោះនឹងកាត់បន្ថយបាននូវការគំរាមកំហែងច្រើនណាស់ទៅដល់បងប្អូនអ្នកសារព័ត៌មាន»។

លោកណុប វី បានបន្តថាក៏មាន អ្នកសារព័ត៌មានមួយចំនួនតូចផងដែរ ដែលបានអនុវត្តខុសក្រមសីលធម៌វិជ្ជាជីវៈក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយត្រង់ចំណុចនេះផងដែរលោកក៏ចង់បានជាយោបល់ ឬការណែនាំពីខាងរដ្ឋាភិបាលក្នុងការពង្រឹមសមត្ថភាព និងក្រមសីលធម៌ដល់អ្នកសារព័ត៌មានដើម្បីបំពេញបេសកម្មរបស់ខ្លួនទៅថ្ងៃក្រោយទៀត។

លោក ណុប វី បានបញ្ជាក់ថា «មនុស្សយើងមិនដែលមានអ្នកណាគេល្អឥតខ្ចោះនោះទេឱ្យតែយើងមានការប្ដេជ្ញាចិត្តមួយទៅជាមនុស្សល្អ មនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ មានភាគីមានសិស្សច្បងអ្នកសារព័ត៌មានច្រើនណាស់ដែលគេចាំចែករំលែក បង្រៀន ណែនាំ ជួយយើងនៅក្នុងការបង្កើតឱ្យមានគោលការណ៍និងក្រមសីលសម្រាប់ការអនុវត្តរបស់យើង»។

នៅក្នុងកាលៈទេសៈនៃការផ្ទុះឡើងនូវមេរោគកូវីដ ១៩ អ្នកការសែតបានជួបទុក្ខលំបាកដូចអ្នកដទៃដែរ។ នេះយោងតាមការលើកឡើងរបស់អ្នកនាង អេង គីមហុង អ្នកសារព័ត៌មានវិទ្យុបារាំងអន្ដរជាតិ ហើយបានអះអាងថាយោបល់របស់នាងមិនតំណាងឲ្យស្ថាប័ននាងនោះទេ។​

អ្នកនាង អេង គីមហុងបាននិយាយថាបានជួបការឧបសគ្គនោះគឺមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីក្រសួងនិមួយៗ ទៅតាមអ្វីដែលអ្នកសារព័ត៌មាន ក៏ដូចជាអ្នកនាងផ្ទាល់ បានសួររកផងដែរ។​

អ្នកនាងបន្តទៀតថា​ «យើងមានអ្នកនាំពាក្យមែនពិត ក៏ប៉ុន្ដែយើងអត់អាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ»​ ។

សម្រាប់សេរីសារព័ត៌មានក្នុងឆ្នាំ២០២០ អ្នកនាងអេង គីមហុង បាននិយាយថាអាចទទួលយកបានក៏ប៉ុន្តែកូវីដ ១៩ គឺជាការរំខាននិងបង្កការភិតភ័យ។

«ងាកមកកម្ពុជាយើងវិញខ្ញុំមិននិយាយថាស្ថានភាពអ្នកកាសែតនៅកម្ពុជាវាល្អឥតខ្ចោះទេ ប៉ុន្តែយើងមើលឃើញយ៉ាងណាក៏ដោយបើទោះបីជាបញ្ហាមួយចំនួនដូចបងណុប វី លើកឡើងអញ្ចឹង មានការរំខានពីអាជ្ញាធរដែលភាគច្រើនជាសន្តិសុខ គាត់មកយីយារផ្នែកដកកាម៉េរ៉ា ឬដកម៉ាស៊ីនថត ទទួលស្គាល់ចំនុចហ្នឹងវាពិតជាមានការរំខានអ្នកសារព័ត៌មាន ហើយយើងមានអីខុស បើគ្រាន់តែសម្ភាសន៏គេ សម្ភាសន៏ប្រភពដែលមានកិច្ចសហការជាមួយយើងហ្នឹង»។

យោងទៅតាមរបាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនប្រចាំឆ្នាំ២០២០ដែលបានចេញនៅថ្ងៃទី១៩ ខែមេសា ប្រទេសកម្ពុជាមានចំណាត់ថ្នាក់នៅលេខរៀងទី១៤៤ក្នុងចំណោមប្រទេស១៨០ ដោយបានធ្លាក់ចុះមួយលេខ រៀងរាល់ឆ្នាំ៕