អ្នកជំនាញកសិកម្មម្នាក់ បានលើកឡើងពីបញ្ហាប្រឈមរបស់កសិករ និងបានណែនាំដល់កសិករឱ្យងាកមកដាំដំណាំដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការនាំចូលបន្លែពីបរទេស។
ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោកលាស់ លីបលីប អ្នកសារព័ត៌មាន Newsroom Cambodia ជាមួយលោក ចាន់រ៉េត ម្ចាស់អាជីវកម្ម Agro-Nature និងកសិសុខភាពដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្តកសិកម្មនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម និងនៅប្រទេសអ៊ីស្រាអែលរយៈពេលមួយឆ្នាំ ហើយក៏បានប្រឡូកក្នុងវិស័យកសិកម្មអស់រយៈពេល៧ឆ្នាំផងដែរ។
លោក លាស់ លីបលីប៖ សួស្តីបង! ក្នុងនាមបងដែលប្រឡូកក្នុងវិស័យកសិកម្មយូរដែរ រយៈពេល៧ឆ្នាំ អាចនិយាយថាបងជាអ្នកជំនាញមួយក្នុងវិស័យនេះ ហើយបានបើកមុខជំនួញក្នុងវិស័យនេះផងដែរ តើបងយល់ឃើញថា កសិករភាគច្រើនគាត់ជួបប្រទះបញ្ហាប្រឈមអ្វីខ្លះដែរ?
លោក ចាន់រ៉េត៖ បាទ! បើតាមខ្ញុំមើលឃើញបច្ចុប្បន្ន បញ្ហាប្រឈមរបស់កសិករគឺមាន៤ ទី១ គឺបញ្ហាទីផ្សារ ទី២ បញ្ហាទុន ទី៣ បញ្ហាទឹក និងទី៤ បញ្ហាបច្ចេកទេស។
លោក លាស់ លីបលីប៖ ក្នុងនាមបងជាអ្នកបច្ចេកទេស តើយើងគួរមានវិធីសាស្រ្តបែបណាក្នុងការកុំឱ្យពួកគាត់មានបញ្ហាទាំងអស់នេះ?
លោក ចាន់រ៉េត៖ បាទ ចំពោះបញ្ហាទាំងអស់នឹង ទី១គឺយើងត្រូវចួលរួមសហការណ៍ជាមួយគាត់ ចូលរួមធ្វើការផ្សព្វផ្សាយ ហើយនឹងអោយគាត់យល់ដឹងពីបញ្ហាទាំងអស់នឹង ឧទាហរណ៍បញ្ហាទីផ្សារ បញ្ហាទីផ្សារគឺភាគច្រើនកសិករខ្មែរដាំដំណាំអត់ទីផ្សារ ដោយសារដាំតាមគ្នា ហើយនៅរដូវកាលដែលដំណាំបានផលខ្ពស់គឺភាគច្រើនគាត់ដាំដំណាំដូចៗគ្នា ដូច្នេះហើយទើបធ្វើឱ្យគាត់អត់ទីផ្សារ បើសិននៅក្នុងរដូវកាលត្រជាក់ដែលដំណាំសម្បូរ កសិករគួរតែដាំដំណាំមើមដូចជាពពួកខ្ទឹមបារាំង ខ្ទឹមសរ ខ្ទឹមក្រហម ដែលខ្មែរយើងភាគច្រើននាំចូលពីបរទេស តែភាគច្រើនពួកគាត់មិនសូវដាំដំណាំបែបនឹងទេ គាត់ថាគាត់ពិបាកលក់ ឬគាត់អត់ចេះដាំ ប៉ុន្តែពួកគាត់អត់បានសាកល្បងថាដាំវាបែបម៉េច ពួកគាត់អត់ធ្លាប់សាកល្បងទេ។
លោក លាស់ លីបលីប៖ បងបានលើកឡើងថា ពួកគាត់អត់បានសាកល្បងទាក់ទងនឹងការដាំបន្លែផ្សេងៗដែលពួកគាត់អត់ធ្លាប់ដាំ តើបងយល់ឃើញថាពួកគាត់នៅអត់ហ៊ានក្នុងការសាកល្បង ឬក៏ មានបញ្ហាអ្វីមួយដល់ការរាំងស្ទះដល់ពួកគាត់នឹង?
លោក ចាន់រ៉េត៖ បញ្ហាទី១ គឺគាត់អត់ដឹងថាទិញពូជនឹងនៅឯណា ទី២គឺគាត់អត់ចេះដាំ មានន័យថាគាត់អត់ធ្លាប់ដាំទេ ប៉ុន្តែពួកគាត់មិនព្យាយាមសិក្សាខ្លួនឯង បានន័យថា ជាទូទៅកសិករដែលជោគ ជ័យភាគច្រើនគាត់សាកល្បងខ្លួនឯង គាត់ស្រាវជ្រាវខ្លួនឯងតាមប្រព័ន្ធអ៊ីធើណេត ឬក៏អាចសាកសួរបច្ចេកទេសពីមន្រ្តីកសិកម្ម តែភាគច្រើនគាត់អត់បានសួរនាំមន្ត្រីកសិកម្មទៅលើដំណាំទាំងអស់នឹងទេ គាត់ដាំតែដំណាំដដែលៗ ធ្លាប់ដាំពីមុនមកនឹង ដូច្នេះហើយទើបធ្វើឲ្យគាត់ពិបាកលក់នៅលើទីផ្សារ។ ហើយបញ្ហាមួយទៀតនឹងគឺថាបច្ចេកទេសព្រោះថាគាត់អត់បានយល់ដឹងពីបច្ចេកទេស ហើយមន្ត្រីកសិកម្មក៏គាត់ពុំបានទៅណែនាំពួកគាត់អោយដាំនូវដំណាំថ្មីទាំងអស់នឹងដែរ គឺដោយសារតែ មន្ត្រីកសិកម្មរបស់យើងមួយចំនួនក៏គាត់មិនទាន់បានយល់ដឹងពីចំណេះពីបច្ចេកទេសក្នុងការដាំដំណាំទាំងអស់នឹងដែរ។
លោក លាស់ លីបលីប៖ ចំពោះបងដែលលើកឡើងទាក់ទងនឹងមន្ត្រីកសិកម្មមួយចំនួនដែលគាត់អត់ទាន់បានផ្តល់ជាការអនុវត្តន៍ទៅដល់កសិករ តើបងគិតថាអានឹងវាជាកំសោយរបស់រាជរដ្ឋាភិ បាលដែរឬទេ?
លោក ចាន់រ៉េត៖ ចំពោះបញ្ហានឹង ខ្ញុំគិតថាវាមិនមែនជាកំសោយរបស់រដ្ឋាភិបាលនោះទេ ពេលខ្លះមន្ត្រីកសិកម្មគាត់បានចុះទៅបណ្តុះបណ្តាលគាត់ដែរប៉ុន្តែពួកគាត់អត់ធ្វើ ហើយម្យ៉ាងវិញទៀតគឺឧទាហរណ៍ថា តំបន់មួយនឹងវាមិនត្រូវជាមួយដំណាំនឹង ហើយម្យ៉ាងវិញទៀតដំណាំនឹងជាដំណាំថ្មី ចឹងទៅវាធ្វើឱ្យមន្ត្រីរបស់យើងមួយចំនួនគាត់ក៏មិនទាន់បានយល់ដឹងដែរ ចឹងហើយគឺជាចាំបាច់យើងអាចឱ្យកសិករគំរូដែលគាត់ដាំដំណាំនឹងមកបង្រៀនកសិករដាំផ្ទាល់ ឬមួយក៏យើងនាំកសិករពីតំបន់ផ្សេងទៅសិក្សានៅតំបន់ដែលកសិករជោគជ័យនឹងដាំដោយផ្ទាល់ ឱ្យពួកគាត់នឹងបានរៀនសូត្រ មើលពីការដាំដុះនឹងដកស្រងបទពិសោធន៍ពីកសិករដែលជោគជ័យដោយផ្ទាល់ ធ្វើបែបនឹងទើបលឿន គឺមានន័យថាធ្វើឱ្យកសិករគាត់ងាយយល់ថាតើការដាំដុះបែបម៉េចទើបធ្វើឱ្យជោគជ័យ ប្រសិនបើឱ្យមន្ត្រីយើងមកបង្រៀនកសិករគាត់មិនងាយនឹងយក នឹងធ្វើតាមទេ ចឹងយើងចាំបាច់ត្រូវតែនាំពួកគាត់ មួយភូមិ ឬពីរភូមិទៅរៀនតែម្តង។
លោក លាស់ លីបលីប៖ ចុះចំពោះការនាំចូលបន្លែពីបរទេស តើបងគិតថា វាជាការប្រកួតប្រជែងទីផ្សារដែលធ្វើឱ្យកសិកររបស់យើងពិបាកក្នុងការលក់ដូរដែរ ឬទេ?
លោក ចាន់រ៉េត៖ ចំពោះការនាំចូលបន្លែពីបរទេស អានេះជាបញ្ហាសំខាន់មួយ ព្រោះថាកសិករខ្មែរយើងគាត់មិនទាន់អាចផលិតបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារបានពេញលេញទេ ចឹងហើយចាំបាច់ក្នុងដំណាក់កាលដែលយើងមិនទាន់អាចផលិតផ្គត់ផ្គង់ខ្លួនឯងឱ្យបានគ្រប់គ្រាន់យើងត្រូវតែនាំចូល ប៉ុន្តែក្នុងន័យនឹងគឺកសិករខ្មែរយើងគឺតែចាប់ផ្តើមមើលថាតើដំណាំណាដែលយើងនាំចូលពីបរទេស យើងមើលថាដំណាំណាដែលនាំចូលចឹងយើងត្រូវតែដាំដំណាំនឹងឱ្យបានច្រើន ឧទាហរណ៍ដំណាំខ្ទឹម ដំណាំការ៉ុត ស្ពៃក្តោប ស្ពៃបូកគោ ឬក៏ផ្កាខាត់ណាខៀវអីនឹងដែលពីមុនយើងគិតថាដាំអត់បានប៉ុន្តែឥឡូវយើងចាប់ផ្តើមដាំបានហើយ ចឹងយើងគួរតែនាំគ្នាដាំដំណាំនឹងអោយបានច្រើន។
លោក លាស់ លីបលីប៖ ចំពោះការយល់ឃើញរបស់បងទាក់ទងទៅនឹងបន្លែខ្មែរ ហើយនឹងបន្លែបរទេស តើបងគិតថាបន្លែទាំង២នឹងខុសគ្នាយ៉ាងម៉េចដែរ?
លោក ចាន់រ៉េត៖ បន្លែបរទេសយើងមិននិយាយថារបស់វៀតណាម ឬរបស់ចិន មិនល្អជាងរបស់ខ្មែរយើងនោះទេ យើងអាចនិយាយបានថាបន្លែរបស់គេមួយចំនួនក៏មានគុណភាពល្អ បន្លែមួយចំនួនក៏វាមានសារធាតុគីមីលើសកម្រិតចឹងទៅ ចឹងហើយបើសិនជាយើងដែលជាជនជាតិខ្មែរគួរតែគាំទ្រ ផលិតផលខ្មែរទៅ ព្រោះថាផលិតផលខ្មែរមានប្រភពច្បាស់លាស់ជាងផលិតផលវៀតណាម យើងអត់ដឹងថានៅវៀតណាមគេប្រើអ្វី នៅចិនគេប្រើអ្វីទេ ចឹងយើងអត់ដឹងសោះ ដូច្នេះហើយបើសិនជាយើងបារម្ភថាវាប៉ះពាល់សុខភាពយើងគួរតែប្រើផលិតផលខ្មែរ ហើយជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងឱ្យកសិករខ្មែរមានជីវភាពធូរធារផងដែរ។
លោក លាស់ លីបលីប៖ បងបានប្រាប់ខ្ញុំថាបងជាម្ចាស់ហាងបន្លែតើបន្លែនឹងមកពីខាងណាដែរ បាទ?
លោក ចាន់រ៉េត៖ បន្លែទាំងអស់នោះយើងយកមកពីច្រើនខេត្ត យើងមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តបៃលិន ខេត្តព្រះវិហារ និងខេត្តមណ្ឌលគីរី។
លោក លាស់ លីបលីប៖ តើបន្លែទាំងអស់នោះជាបន្លែប្រភេទបែបម៉េចដែរ?
លោក ចាន់រ៉េត៖ បាទ បន្លែទាំងអស់នោះគឺភាគច្រើនជាបន្លែសុវត្ថិភាព ហើយក៏មានមួយចំនួនជាបន្លែសរីរាង្គផងដែរ។
លោក លាស់ លីបលីប៖ ទាក់ទងនឹងការលក់របស់បងវិញ តើវាមានការលំបាកអ្វីទេ ក្នុងការលក់បន្លែខ្មែររបស់យើង?
លោក ចាន់រ៉េត៖ បាទ យើងមានបញ្ហាប្រឈមច្រើន ដោយសារបន្លែរបស់យើងគឹចាំបាច់ត្រូវតែបន្លែសុវត្ថិភាពហើយមានប្រភពច្បាស់លាស់ ហើយយើងដឹងហើយថាខ្មែរយើងកសិករមួយចំនួនគាត់ ដាំបន្លែអត់សូវបានល្អ ហើយទៀងទាត់ទេចឹងយើងពិបាកក្នុងការស្វែករកបន្លែសុវត្ថិភាពឱ្យមានគ្រប់មុខដើម្បីលក់នៅលើទីផ្សារ អីចឹងហើយឃើញថាបន្លែរបស់យើងមួយចំនួនយើងខ្វះ រដូវកាលខ្លះយើងខ្វះ ៣ទៅ៤មុខ រដូវកាលខ្លះយើងខ្វះទៅដល់១០មុខអីក៏មានដែរ ចឹងហើយវាលំបាក មិនដូចជាបន្លែរបស់វៀតណាមដែលគេលក់លើទៅផ្សាទូទៅ គឺបន្លែនាំចូលចឹងគេមានគ្រប់មុខទាំងអស់ ដូច្នេះហើយយើងខុសគ្នាត្រង់ថាបន្លែរបស់យើងមានមិនគ្រប់ដូចជាបន្លែលក់លើទីផ្សារទូទៅទេ។
លោក លាស់ លីបលីប៖ ចុះទាក់ទងទៅនឹងតម្លៃវិញ តើបងយល់ថាតម្លៃបន្លែខ្មែរ ហើយបន្លែវៀតណាមវាមានលក្ខណៈបែបណាដែរ?
លោក ចាន់រ៉េត៖ បាទ ចំពោះខ្ញុំយល់ថា បន្លែខ្មែរយើងមានតម្លៃខ្ពស់ជាង បន្លែនាំចូលដោយសារតែ ខ្ញុំទិញបន្លែកុងត្រាពីកសិករ ជាបន្លែសុវត្តិភាពចឹងវាមានតម្លៃខ្ពស់ជាងបន្លែលើទីផ្សារធម្មតា។
លោក លាស់ លីបលីប៖ បើទាក់ទងទៅនឹងបញ្ហាដែលកសិករជួបប្រទះហើយនឹងបញ្ហាដែលបងជួបប្រទះ តើបងគិតថារដ្ឋាភិបាលគួរមានវិធានការបែបណាក្នុងការចូលរួមគាំទ្រទៅដល់វិស័យកសិកម្ម?
លោក ចាន់រ៉េត៖ ចំពោះបញ្ហាដែលរដ្ឋាភិបាលគួរតែជួយចូលរួម គាំទ្រវាមានបញ្ហាដូចជាវិស័យការដឹកជញ្ជូនគឺរដ្ឋាភិបាលគួរគ្រប់គ្រង់ទៅលើការដឹកជញ្ជូនព្រោះថាការដឹកជញ្ជូនបច្ចុប្បន្នមានតម្លៃថ្លៃ ហើយមួយទៀតរដ្ឋាភិបាលគួរតែជួយផ្តល់ទុន ដើម្បីគាំទ្រទៅដល់អាជីវកម្មដែលរកស៊ីទៅលើការ លក់បន្លែ ផ្លែឈើសុវត្តិភាពក្នុងស្រុករបស់យើងនឹង ព្រោះថាអាជីវកម្មមួយចំនួន ខ្វះខាតទុកដើម្បីបង្វិល ឬទិញពីកសិករដើម្បីជួយទៅដល់កសិករ ហើយបច្ចុប្បន្នខ្ញុំឃើញថារដ្ឋាភិបាលគឺបានជួយទៅដល់កសិករច្រើនតាមរយះគម្រោង ASPIRE ផងដែរ។
លោក លាស់ លីបលីប៖ តើបងមានមតិយោបល់អ្វីបន្ថែម ទៅលើអ្វីដែលយើងបានជជែកគ្នានេះ?
លោក ចាន់រ៉េត៖ បាទ គឺខ្ញុំចង់សំណូមពរឱ្យកសិករខ្មែរយើងគឺគាត់ចូលរួមដាំដំណាំដែលយើងនាំចូលពីបរទេសច្រើន ហើយជាបន្លែសុវត្ថិភាព កុំប្រើប្រាស់សារធាតុគីមី ដូចដែលច្បាប់មិនអនុញ្ញាត្តិហើយមុនពេលប្រមូលផលនឹង សូមកុំប្រើប្រាស់ថ្នាំមុនរយះពេល១៥ថ្ងៃ បានន័យថាដើម្បីរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ ហើយសូមឱ្យកសិករខ្មែរនឹងចាប់អារម្មណ៍ទៅដល់ការដាំបន្លែប្រភេទថ្មីៗដែលយើងនាំចូលពីបរទេសឱ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលពីបរទេសហើយមួយទៀតគឺសំណូមពរដល់អ្នកប្រើប្រាស់ផងដែរ ឱ្យចូលរួមគាំទ្រផលិតផលខ្មែរកុំគាំទ្រតែផលិតផលនាំចូលពីបរទេសច្រើនពេកព្រោះថាប្រសិនបើជាយើងមិនទិញទេក៏គ្មានការនាំចូលដែរ ចឹងហើយប្រសិនបើយើងចង់ឱ្យកាត់បន្ថយការនាំចូលលុះត្រាតែយើងឈប់ទិញបន្លែនាំចូលទើបអាចកាត់បន្ថយបន្លែនាំចូលបាន។
លោក លាស់ លីបលីប៖ អរគុណច្រើន ក្នុងការចំណាយពេលដ៏មានតម្លៃរបស់បងក្នុងការចូលរួមជជែកលើបញ្ហាដែលកសិករជួបប្រទះ ។ អរគុណច្រើនបង សូមជម្រាបលា៕