កម្ពុជា​​បាន​​ចាប់​ផ្ដើម​​ការតស៊ូ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក។ រហូត​មក​ដល់​ពេល​នេ​ កម្ពុជាបានជួបព្រឹត្តិការណ៍ឆ្លង​ក្នុងសហគមន៍បីដងធំៗ ដោយ​ការរាល​ដាល​ក្នុង​សហគមន៍លើកចុងក្រោយ ត្រូវបានប្រកាសរកឃើញនៅថ្ងៃទី២០ កុម្ភៈ ២០២១ ឬ​ត្រូវ​បានហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ គឺជាការឆ្លងមានលក្ខណៈទ្រង់ទ្រាយធំ និង​មាន​រយៈពេល​វែងជាងលើកមុនៗ ដែលមកទល់នឹងពេលនេះ កម្ពុជា​នៅ​តែមិ​ន​ទាន់​អាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ​​​នៅ​ឡើយ​ទេ។

ការបន្ដអូសបន្លាយពេលរាលដាល​នៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាលើកនេះ បាននាំឱ្យ​មា​នបញ្ហា​ប្រឈម​ជាច្រើនដល់ប្រជាជនទូទៅ ទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជា​ការប្រឈមនឹងបញ្ហាជីវភាព សេដ្ឋកិច្ច និង​តម្រូវ​ឱ្យ​មាន​ការផ្អាក​រាល់​សកម្មភាព​​​ផ្សេងៗ ជាពិសេសអត្រា​នៃការឆ្លងស្ថិតក្នុងកម្រិតខ្ពស់មួយ ព្រមទាំង​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​ជាដើម។ ព្រឹត្តិការណ៍ទាំងនេះ ក៏​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ងាយ​មាន​បញ្ហា​ធ្លាក់​ទឹក​ចិត្ត ឬអាចឈានដល់ក្លាយជាមានបញ្ហាសុខភាពផ្លូវចិត្តខ្លាំងថែមទៀតផង​។

ជាអ្នកគូររូប​បែបច្នៃប្រឌិត​​ក្នុង​​ក្រុមហ៊ុនឯកជន​មួយ​នៅរាជធានី​ភ្នំពេញ កញ្ញា ម៉ី លីដា អាយុ២២ឆ្នាំ កំពុងស្នាក់ក្នុងខណ្ឌសែនសុខ បានឆ្លើយឆ្លងជាមួយ Newsroom Cambodia តាម​សារបណ្ដាញសង្គមហ្វេសប៊ុកថា ស្របពេលជំងឺកូវីដ១៩ កំពុងបន្តរាត​ត្បាតនេះ ​កន្លែង​ប្រកបការងាររបស់កញ្ញា​នៅបើកដំណើរការធម្មតា។ កញ្ញាថា កញ្ញា​​នៅបន្ដធ្វើការ និងសម្រេចចិត្តមិនវិលត្រឡប់ទៅស្រុកកំណើតវិញទេ ដោយហេតុថា អាចបញ្ចៀស​ហានិភ័យផ្សេងៗ  ដែលអាចកើតមានដល់ក្រុមគ្រួសារ និងសហគមន៍របស់នាង។

កញ្ញា ម៉ី លីដា៖ «កន្លែងធ្វើការរបស់ខ្ញុំ នៅប​ន្តដំណើរការធម្មតា ដោយពួកយើង​ធ្វើការ​ក្នុង​ស្ទូឌីយូ(Stodio) មានគ្នាតិច អ៊ីចឹងខ្ញុំសម្រេចថានៅបន្តការងារ ដោយអនុវត្ត​វិធាន​ការពារ​ផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយក៏ ខ្ញុំសម្រេចចិត្តថា នឹងមិន​ទៅ​ស្រុក​កំណើត​ទេ ព្រោះក្នុងពេលជំងឺកំពុងរាតត្បាតអ៊ីចឹង ណាមិនទុកចិត្តខ្លួនឯង ណា​មិន​ចង់​នាំ​ទុក្ខ​ដល់ក្រុមគ្រួសារ»។

អ្នកមានដើមកំណើត​មកពីខេត្តកំពង់ឆ្នាំងរូបនេះ​បន្ថែមថា៖ «កូវីដហ្នឹង វាហាក់ធ្វើ​ឱ្យ​យើង​ព្រួយ​បារម្ភ សូម្បីពេលក្រោកពីដំណេក ឬកំពុងធ្វើការ ដូចថា វានៅជាប់ខួរក្បាលយើង ធ្វើ​ឱ្យ​ខ្វល់ នឹកគិតបារម្ភជាប់រហូត។ កាលពីមុន ក្រោយចេញពីធ្វើការ ខ្ញុំតែង​បាន​ចេញ​ទៅ​ដើរ​ហាត់​ប្រាណ យកខ្យល់អាកាស បន្ធូរភាពតានតឹង​តាមសួន​មាត់ទន្លេអីជាដើម ដល់​ឥឡូវ​ចេញ​ពី​ធ្វើការ ដឹងតែសំដៅផ្ទះហើយ អារម្មណ៍ធុញថប់ តប់ប្រមល់​ប្រាកដជាមាន ចៀស​មិនផុត តែធ្វើម៉េច?»។

ឆ្លើយឆ្លងតាមប្រព័ន្ធទូរសព្ទជាមួយ អ្នកស្រី នូ រាសី ​វ័យ៣៣ឆ្នាំ ​ជា​​អ្នកកាត់​ដេរ​​សម្លៀក​បំពាក់​​ កំពុងរស់នៅ​ក្នុង​សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានរៀបរាប់​ដោយត្អូញត្អែរថា​ អ្នកស្រីបានបាត់បង់ប្រាក់ចំណូលធ្លាប់រកបានជាប្រចាំ និងត្រូវចំណាយពេល​មើល​ថែរទាំ​កូនៗ​ក្មេងៗ​ក្នុង​បន្ទុក​ពីរ​នាក់ ដោយសារតែបញ្ហាកូវីដ១៩ នៅបន្ដរាលដាល។​

អ្នកស្រី រាសី បញ្ជាក់ថា​៖ «កាលពីមុខ សៅរ៍​អាទិត្យ​អី​អាចនាំកូនៗ​ដើរលម្ហែ​ជាមួយ​គ្រួសារ​អ៊ីចឹងទៅ ដល់ឥឡូវនៅតែផ្ទះ បើផ្ទះមាន​ធ្លាធំ​ប្រហែលល្អ តែផ្ទះខ្ញុំស្នាក់នៅ មួយ​បង្វិល​បន្ទប់​​ជាមួយ​កូនៗ​ហ្នឹង ដល់អ៊ីចឹងពេលខ្លះ​ខឹងមួម៉ៅ ស្រែកមាត់ធំមាត់តូចអី ដាក់​ពួក​គាត់​ដែរ តែក៏បានគ្រួសារខ្ញុំជួយរំលែកដែរ ព្រោះគាត់ក៏ត្រូវធ្វើការពីផ្ទះដែរ ដោយសា​រ​កូវីដ​ហ្នឹង។ ហើយអារម្មណ៍​តែងខ្វល់​ខ្វាយ​ក្នុងចិត្ត​ដោយបារម្ភថាអាចត្រូវឆ្លងកូវីដ ឬធ្លាក់​ខ្លួន​ឈឺ​អី​អ៊ីចឹង ចំពេលអាកូវីដ​កំពុងតែមានពាសពេញបែបហ្នឹង»។​

​គិតចាប់ពី ផ្ទុះវត្តមានជំងឺកូវីដ១៩ ក្នុងអំឡុងខែធ្នូ ២០១៩ មកទល់នឹងបច្ចុប្បន្ននេះ មាន​រយៈពេ​ល​ជាង​មួយ​ឆ្នាំ​ទៅហើយ។ បើទោះបីមកដល់ដំណាក់កាលនេះ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ និង​ផលិតវ៉ាក់សាំង មាន​សញ្ញាណ​អាច​ការពារ​ពី​ជំងឺ​នេះបាន​ភាគរយ​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ ក៏ការរីករាលដាលនៅតែបន្តមាន​នៅ​លើ​ពិភពលោក និង​មិនទាន់​មាន​សេចក្ដី​ប្រកាស​ជាក់លាក់​ណាមួយ​ថា ជំងឺឆ្លងតាមផ្លូវដង្ហើមពីមនុស្សទៅមនុស្សប្រភេទថ្មីនេះ អាចមានចំណុចបញ្ចប់នៅពេលណាមួយខាងមុខនោះឡើយ។

បញ្ហាជាសកលមួយនេះ​ជារបត់ប្រឈមថ្មី ចំពោះ​ប្រជាជនទូទាំងពិភពលោកត្រូវតស៊ូ ហែល​ឆ្លង​គ្រប់ការលំបាក និងចូលរួមការពារ​ទប់ស្កាត់ការរាតត្បាត ព្រមទាំ​ង​ក្លាយជា​បន្ទុក​ថ្មី​មួយ ដែលតម្រូវឱ្យ​មនុស្សជាតិ​រៀនសម្របខ្លួន​រស់នៅជាមួយ។​

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកជំនាញឯកទេសជំងឺផ្លូវចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​​ចិត្ត​សង្គម​អន្តរវប្បធម៌ ហៅកាត់ថា ធីភីអូ (TPO) បានប្រាប់ Newsroom Cambodia ថា ក្នុងអំឡុងពេលកូវីដនេះ​បញ្ហាប៉ះពាល់សុខភាពផ្លូវចិត្ត​អាចកើតមានដល់មនុស្សគ្រប់គ្នា មិនមែនប្រឈមសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ។ លោក​ថា​ ជំងឺផ្លូវចិត្តជាជំងឺ​បន្ទុក​មួយ​ផ្សេង​ទៀតដែលឈានដល់អាចឆាបឆក់យកជីវិតមនុស្សផងដែរ ខណៈដែល​រយៈពេលជំងឺ​កូវីដ១៩កំពុងបន្តអូសបន្លាយរាតត្បាត ដែល​អាចកើត​មាន​ចំពោះម​នុស្សគ្រ​ប់​ស្រទាប់​វណ្ណៈ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់​ថា៖ «ក្រុមមនុស្ស​ដែលងាយរងការធ្លាក់ទឹកចិត្ត ឬជួបបញ្ហាសុខភាពផ្លូវចិត្ត​ក្នុងរយៈពេល​កូវីដនេះ គឺអ្នកធ្លាប់មានបញ្ហាសុខភាពផ្លូវចិត្តពីមុន ក្រុមស្ត្រីមេផ្ទះ ក្រុមមនុស្សចាស់ មេគ្រួសារ [អ្នកទទួលបន្ទុកចិញ្ចឹមគ្រួសារ] មន្ត្រី​ជួរមុខ [ធ្វើការងារដើម្បីប្រយុទ្ធការពារនឹងជំងឺកូវីដ] និងក្រុមគ្រូពេទ្យជួរមុខជាដើម»។​

លោក​បន្ថែមថា ហេតុការណ៍នៃជំងឺកូវីដ១៩ គឺជារឿងមួយហួសអំពីសមត្ថភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុងការទប់ទល់ អ៊ីចឹងអាចបង្កឱ្យមានការ​ភ័យបារម្ភ​ ប៉ុន្តែ​លោក​ថា ពលរដ្ឋ​គួរ​តែ​ផ្ដោតលើអ្វី​ដែល​អាច​ធ្វើ​បាន ដូចជាគោរពវិធានការពារជាដើម។

លោក​បញ្ជាក់​ថា៖ «ការកាត់បន្ថយព័ត៌មាននាំឱ្យភ័យខ្លាច រៀនធ្វើសមាធិ ហាត់​ដំណក​ដង្ហើម ធ្វើលំហាត់ប្រាណ នេះជាវិធីដកឃ្លាចេញពីភាពភ័យ ដែលនាំឱ្យធុញថប់។  កុំ​ដោយ​សារ​ការភ័យធ្វើឱ្យយើងភ្លេចធ្វើការងារស្នូលសំខាន់របស់យើង ហើយត្រូវសម្របរៀនរស់ក្នុងបរិបទថ្មីនេះ»។

អង្គការ ធីភីអូ បានបើកឱ្យមានការជួបពិភាក្សាតាមប្រព័ន្ធអនឡាញ ចាប់តាំងពីមានផ្ទុះកូវីដ​១៩ កាលពីឆ្នាំ២០២០មក។

លោកវេជ្ជបណ្ឌិត សុធារ៉ា បានបញ្ជាក់ផងដែរថា ធីភីអូ មាន​សហការ​ធ្វើកម្មវិធី «កុំលាក់​ទុក​ក្នុងចិត្ត» ដែលមានបំណងចង់ឱ្យអ្នកមានបញ្ហា បាន​ទម្លាយ​អ្វី​ដែល​តាន​តឹង​ក្នុង​ចិត្ត កុំលាក់ទុក។ លោក​ថា យុទ្ធនាការនេះ​បានលេចចេញជាផ្លែផ្កា ដោយអ្នកជួបបញ្ហា​​​ទាក់ទង​ទៅ​លោក​​មានការកើនឡើងច្រើន ដោយក្នុងមួយថ្ងៃមានចំនួនអ្នកខល​​ពី​២០ ទៅ​៣០នាក់។

កម្មវិធីខល​ជួបពិភាក្សា​បើកដំណើរការ​ចាប់ពីពេលថ្ងៃដល់យប់ ហើយ​វេលា​មាន​អ្នកខល​មកច្រើន គឺចន្លោះពីម៉ោង៨ ដល់១២យប់។ លោក​ ឈឹម សុធារ៉ា​ បញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុង​មួយសប្ដាហ៍​ទទួលបានអតិថិជន​១០០នាក់ និងឃើញថា តម្រូវការ​ការប្រឹក្សា​តាម​ប្រព័ន្ធ​ទូរស័​ព្ទ​​បានកើនឡើងចំនួនបីដង បើធៀបនឹងកាលមិនទាន់មានជំងឺកូវីដ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា​ បន្ថែម​ថា ការកើនឡើងនៃអ្នក​មក​ប្រឹក្សាអំ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត ជា​សញ្ញា​ល្អមួ​យ មិនមែនបានន័យថាការមានវិបត្តិផ្លូវចិត្ត​ជាសញ្ញាល្អទេ ប៉ុន្ដែ​ជា​សញ្ញា​​បង្ហាញ​ថា ពួក​គាត់​យល់​ឃើញ និងមានភាពក្លាហាន ដោយឈប់លាក់ទុកក្នុងចិត្ត ហើយស្វះស្វែងរកជំនួយ និង​រក​ដំណោះស្រាយ។

លោកវេជ្ជបណ្ឌិតជំនាញបញ្ហាផ្លូវចិត្តរូបនេះ​ក៏បានផ្ដល់ការណែនាំ និងដំបូន្មានផងដែរថា៖ «ការផ្ដល់​កម្លាំងចិត្ត និងយកចិត្តទុកដាក់​ពីសំណាក់មនុស្សនៅជុំវិញខ្លួន ពិតជា​ត្រូវការ​ចាំបាច់​ណាស់​សម្រាប់អ្នកងាយរងការធ្លាក់ទឹកចិត្ត ឬជួបវិបត្តិសុខភាពផ្លូវចិត្ត ពិសេស​​អំឡុង​ពេល​កូវីដ​នេះ។ ហើយការចូលរួម រួបរួម លើកទឹកចិត្ត មើលថែរទាំគ្នាទៅវិញទៅមក គឺសំខាន់​ខ្លាំងណាស់ ដើម្បីឆ្លងកាត់ដំណាក់កាលលំបាកនេះ ឈានទៅរក​ភាព​ល្អប្រ​សើរ​វិញ មានន័យថាមិនគួរបន្ទោស ឬចោទដាក់គ្នា ថាអ៊ីចឹង​អ៊ីចុះ​ជាដើម។‍ ជួយខ្លួនឯងបាន គឺដូចជួយមនុស្សគ្រប់គ្នា»។​

លោកបន្ថែម៖ «ការរក្សា និងភ្ជាប់ទំនាក់ទំនង  បើទោះមិនអាចជួបគ្នាពេលនេះ ទៅ​កាន់​ក្រុម​គ្រួសារ មនុស្សជុំវិញខ្លួន តាមប្រព័ន្ធទូរសព្ទ វីឌីអូខល (Video Call) ទង្វើទាំងអស់នេះ ក៏ជាកត្តាមួយអាចជួយធ្វើឱ្យផ្លូវចិត្តមានភាពប្រសើរ។ កាលណាសុខភាពផ្លូវចិត្តរឹងមាំ កម្លាំង​ចិត្ត​រឹងមាំ គឺអាចយកឈ្នះអ្វីៗ​បានទាំងអស់»៕​