ក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែមិថុនានេះ បានប្រកាសចាប់ផ្តើមទទួលពាក្យប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌរបស់ក្រសួងប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងចេញដោយគណ:កម្មធិការប្រឡងនៃក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានបញ្ជាក់អំពីគោលការណ៍ចំបាច់៦យ៉ាងដែលបេក្ខជន ឬបេក្ខនារីដែលមានបំណងចង់ធ្វើការងារក្នុងក្រសួងទេសចរណ៍។
លក្ខខណ្ឌទាំង៦នោះរួមមាន ទី១ បេក្ខជនអាចដាក់ពាក្យដោយផ្ទាល់នៅក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានីខេត្តដែលបានជ្រើសរើស ឬដាក់ពាក្យតាមអនឡាញ (Online) តាមរយ: QR-Code។ ទី២ ត្រូវធានាថា បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ទាំងពីរលើករួចហើយ។ ទី៣ ត្រូវយកកាតឬ លិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងមកជាមួយនៅថ្ងៃប្រឡង។ ទី៤ ត្រូវមានលិខិតបញ្ជាក់ចេញពីក្រសួងសុខាភិបាល ចំពោះបេក្ខជនដែលមែនទាន់បានចាក់វ៉ាក់សាំង។ ទី៥ ចំពោះបេក្ខជនណាដែលមិនមានលិខិតបញ្ជាក់សុខភាពពីក្រសួងសុខាភិបាល គឺមិនត្រូវបានអនុញ្ញាតឱ្យប្រឡងឡើយ។ ទី៦ កាលបរិច្ឆេទ និងមណ្ឌលប្រឡងនឹងបញ្ជាក់់នៅពេលក្រោយ។
គួរបញ្ជាក់ថា នេះជាការប្រកាសជ្រើសរើសឲ្យចូលប្រឡងជាលើកទីពីរ បន្ទាប់ពីក្រសួងទេសចរណ៍បានពន្យាពេលទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងជ្រើសរើសបេក្ខជន សម្រាប់ឆ្នាំ២០២១នេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕