ភេសជ្ជៈកំប៉ុងមានរសជាតិផ្អែម និងអាហារវិចខ្ចប់មួយចំនួន ដែលកំពុងចែកចាយនៅលើទីផ្សារក្នុងប្រទេស កំពុងបង្កការភ័យខ្លាចដល់ថ្នាក់ដឹកនាំ មន្ត្រី និងពលរដ្ឋ ពីការយាយីដល់សុខភាព ដែលការណ៍នេះក្រសួងពាក់ព័ន្ធគួរមានវិធានការទប់ស្កាត់ ដើម្បីការពារសុខភាពសាធារណៈ។
អ្នកស្រី ស្រីមុំ រស់នៅរាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី១៦សីហានេះថា គាត់ព្រួយបារម្ភបញ្ហាសុខភាពកូន និងក្មេងៗដទៃទៀត ក្រោយពួកគេហូបភេសជ្ជៈកំប៉ុងមានជាតិផ្អែម និងនំកញ្ចប់ទាំងនៅផ្ទះ និងទៅសាលារៀន ។
គាត់ចង់ឱ្យអ្នកគ្រប់គ្រងសាលាទាំងអស់ ហាមឃាត់ការលក់ចំណីអាហារនិងគ្រឿងកំប៉ុងក្នុងសាលា ដែលអ្នកស្រីធ្លាប់ឃើញសិស្សខ្លះពុលចំណីរហូតដល់ប្រកាច់ថែមទៀត។
អ្នកស្រីស្នើថា៖«ចង់ឱ្យគ្រូៗកុំឱ្យលក់អីខូចសុខភាពក្មេង។[…]ខ្ញុំអត់ចង់ឱ្យលក់ទេ ព្រោះកូនខ្ញុំនៅរៀនសាលាដែរ។ […]កុំឱ្យមានប៉ះពាល់ដល់សុខភាព»។
នាយិកាវិទ្យាល័យព្រះបាទសុរាម្រឹតដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង អ្នកស្រី លឿង បញ្ញា អំពាវនាវឱ្យអាជីវករក្នុងសាលារៀនទាំងអស់ផ្លាស់ប្តូរការលក់អាហារកញ្ចប់ និងគ្រឿងកំប៉ុង ហើយប្រែមកជាការលក់នំខ្មែរ ក៏ដូចជាទឹកផ្លែឈើធម្មជាតិដូចជាទឹកអំពៅ ទឹកសណ្តែកជាដើម ដូចដែលក្រសួងអប់រំបានណែនាំ ដើម្បីធានាបាននូវសុខភាពល្អរបស់អតិថិជន។
អ្នកស្រី បញ្ញា លើកឡើងទៀតថា កំណើននៃការលក់នំកញ្ចប់ និងភេសជ្ជៈនៅតាមសាលារៀន ធ្វើឱ្យសិស្សប្រឈមនឹងជំងឺធ្ងន់ធ្ងរ ដោយសង្កេតឃើញថា សិស្សនៅក្នុងសាលារបស់អ្នកស្រីឧស្សាហ៍ឈឺ និងមានសុខភាពមិនសូវរឹងមាំ។
អ្នកស្រីថា៖«ខ្ញុំចង់ឃើញអាជីវករបស់យើងហ្នឹង ធ្វើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ហើយហ្នឹងលក់នូវផលិតផលរបស់ខ្មែរ ហើយនិងផលិតផលដែលរក្សារនូវសុខភាព»។
ក្រសួងអប់រំកាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការអនុវត្ត ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។
វិធាននេះ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួននៅតែ មានអាការៈពុលចំណីអាហារ និងភេសជ្ជៈមួយចំនួន ដែលបណ្តាយឱ្យទន់ដៃទន់ជើង និងឈានដល់ការសន្លប់ជាដើម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង គាំទ្រឱ្យមានការលក់ផលិតផលអាហារដែលជារបស់ខ្មែរ ។
លោកសំអាងថា ការធ្វើអាជីវកម្មនំកញ្ចប់ដែលរក្សាទុកយូរ និងការលក់ភេសជ្ជកំប៉ុងមានជាតិផ្អែមខ្លាំង កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដែលធ្វើឱ្យពលរដ្ឋ និងរដ្ឋាភិបាលខាតបង់ថវិកាជាច្រើនដើម្បីព្យាបាលជំងឺ។
លោកថា៖«បើសិនជាយើងទៅលក់តែភេសជ្ជៈកំប៉ុង លក់តែនំកញ្ចប់ហ្នឹងដែលធ្វើឱ្យផលប៉ះពាល់ទៅដល់សុខភាពហ្នឹងខ្ពស់ អាហ្នឹងគឺយើងខាតបង់ច្រើនណាស់។ រដ្ឋខាតបង់ទាំងធនធានមនុស្ស ខាតបង់ទាំងការព្យាបាលគ្រួសារ ខាតបង់ទាំងថវិកាព្យាបាលអីផ្សេងៗ ខាតបង់ទាំងការព្យាបាលជំងឺ»។
បើតាមវេជ្ជបណ្ឌិតឯកទេសសុខភាពសាធារណៈ លោក គួច ម៉េងលី លើកឡើងថា ភេសជ្ជៈដែលមានរស់ជាតិផ្អែមមិនមែនជាអាហារបំប៉នរាងកាយទេ តែផ្ទុយទៅវិញវាងាយនឹងបង្កជំងឺធ្ងន់ធ្ងរនៅពេលខាងមុខដូចជាទឹកនោមផ្អែម និងខូចក្រលៀនជាដើម។
លោកបញ្ជាក់ថា៖«[…]មានបញ្ហាខូចសុខភាពលើអនាគតដូចជា ទឹកនោមផ្អែម ឡើងខ្លាញ់ ខូចក្រលៀនអីផ្សេងៗ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល លើកទី៤២ បានដាស់តឿនក្រុមអ្នកសិល្បៈ ដែលតែងតែផឹកភេសជ្ជៈផ្អែមៗលើឆាក ដោយលោកថាការធ្វើបែបនោះនាំឱ្យពួកគេប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ស្របពេលជំងឺមួយនេះ កំពុងកើតឡើងទូទាំងពិភពលោក រួមទាំងកម្ពុជា ។
យោងតាមទិន្នន័យនៃការវាយតម្លៃរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដែលបានរកឃើញក្នុងឆ្នាំ២០១៩ បានបង្ហាញថា អ្នកមានជំងឺទឹកនោមផ្អែមនៅកម្ពុជាចំនួន ២២នាក់បានស្លាប់ក្នុង១ថ្ងៃៗ។ ស្ថាប័នអន្តរជាតិនេះ បានរកឃើញទៀតថា អ្នកជំងឺម្នាក់ចំណាយលុយប្រមាណ ២៣៨ដុល្លារក្នុង១ឆ្នាំ ដើម្បីថែរក្សាឱ្យមានលំនឹងជាតិស្ករ ខណៈអ្នកជំងឺទឹកនោមផ្អែមសរុបបានចំណាយថវិកាប្រហែល ១០២លានដុល្លារអាមេរិក។
ស្ថាប័នមួយនេះ បានប៉ាន់ប្រមាណទៀតថា ក្នុងឆ្នាំ២០៣០ខាងមុខ ការចំណាយលើថ្លៃព្យាបាលរក្សាជាតិស្ករលើជំងឺទឹកនោមផ្អែមនៅកម្ពុជា អាចឡើងដល់ជាង១៤០លានដុល្លារអាមេរិកផងដែរ។
គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ កម្ពុជាមានអត្រាស្លាប់នៃអ្នកកើតជំងឺទឹកនោមផ្អែមបានកើនដល់ជាង ៨ ៣២៥នាក់ ខណៈអត្រាអ្នកកើតជំងឺនេះបានកើនដល់ជិត ៥០ម៉ឺននាក់។
បើតាមលោក គួច ម៉េងលី ដើម្បីអាចទប់ស្កាត់ និងដោះស្រាយការចរាចរទំនិញ និងភេសជ្ជៈកំប៉ុងដែលអាចធ្វើឱ្យប៉ះពាល់សុខភាព លុះត្រាតែក្រសួងសាមីដូចជាក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម រឹតបន្តឹងការអនុវត្តច្បាប់របស់ខ្លួនបន្ថែមទៀត។
លោកលើកឡើងថា បើមិនដូច្នេះទេ ពលរដ្ឋនឹងនៅតែវេទនា ហើយសុខភាពនៅតែទ្រុឌទ្រោម ខណៈបញ្ហាសង្គមនៅតែកើតមាន ដោយសារតែមិនមានច្បាប់កំហិត ដើម្បីចាត់វិធានការលើអ្នកដែលពាក់ព័ន្ធនឹងការចែកចាយទំនិញខូចគុណភាព ។
លោកថា៖«គ្រប់សាមីក្រសួងដែលពាក់ព័ន្ធគួរតែយកចិត្តទុកដាក់ចេញជាចរាចរឱ្យបានត្រឹមត្រូវ ចុះអធិការរកិច្ចពិនិត្យឱ្យបានស្រួលបួល បើមិនអ៊ឹចឹងទេប្រជាជនយើង កុមារយើង យុវជនយើងនឹងខូចសុខភាពទូទាំងប្រទេស និងធ្វើឱ្យមានបញ្ហាដល់អនាគតច្រើនណាស់»។
ជុំវិញក្តីកង្វល់នេះ Newsroom Cambodia មិនអាចរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាននៅឡើយទេ គិតត្រឹមថ្ងៃ១៥សីហានេះ ។