អ្នកវិភាគនយោបាយ យល់ឃើញថា ការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនក្រោមបទចោទផ្សេងៗជាបន្តបន្ទាប់ទៀតនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់ឥទ្ធិពលខាងនយោបាយ ប្រឆាំងបក្សជំទាស់ ហើយនេះក៏ជាយុទ្ធសាស្រ្តក្នុងការកម្ទេចដៃគូប្រកួតនៅក្នុងសង្វៀននយោបាយ ជាជាងការអនុវត្តច្បាប់ដែរ។
មន្រ្តីគណបក្សភ្លើងទៀនចំនួន ២៣នាក់បន្ថែមទៀតនៅថ្នាក់មូលដ្ឋាន ត្រូវបានកម្លាំងនគរបាលនៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២៣។ការបន្តចាប់ខ្លួនទៀតនេះ បានជំរុញឱ្យកំណើនអ្នកនយោបាយបក្សជំទាស់ បានកើនឡើងប្រមាណ៣០នាក់ហើយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ហៅការចាប់ខ្លួន និងការយាយី របស់មន្ត្រីអាជ្ញាធរប្រឆាំងសកម្មជនបក្សភ្លើងនៅតែបន្តកើតមាននេះថា វាពុំមែនជារឿងថ្មីនោះទេ។
លោកសង្កេតឃើញថា នេះគឺជាចរន្តមួយនៃការតាមកម្ចាត់ដៃគូនយោបាយ ដើម្បីទប់ស្កាត់កម្លាំងក្រុមបក្សប្រឆាំង ដើម្បីក្តោបក្តាប់អំណាចរបស់បក្សប្រជាជនកម្ពុជា។ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលនៅបន្តធ្វើដូចនេះទៀត ជាពិសេសការរឹតត្បឹតមកលើបក្សក្រៅរដ្ឋាភិបាល វាពុំមែនជាជម្រើសល្អប្រសើរឡើយ ផ្ទុយទៅវិញ វានឹងរុញឱ្យស្ថានភាពនយោបាយជាប់គាំង និងចេះតែបន្តបែកបាក់ផ្ទៃក្នុងជាតិ រកទីបញ្ចប់គ្មាន។
បើតាមអ្នកជំនាញផ្នែកគោលនយោបាយរូបនេះ ការចង់ឈ្នះចង់ចាញ់គ្នា ដោយមិនតម្កល់ផលប្រយោជន៍ជាតិជាធំនេះ កម្ពុជានឹងបាត់បង់អ្នកវិនិយោគមកពីក្រៅប្រទេស ដែលជាដង្ហើមសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍ប្រទេស។
លោកបន្តថា៖ «បើយើងមើលជ្រុងមួយទៀត ជាទូទៅបក្សកាន់អំណាចហាក់ដូចជាអត់មានអ្វីត្រូវបារម្ភរឿងបក្សក្រៅរដ្ឋាភិបាល ឬបក្សប្រឆាំងទេ។ ក៏ប៉ុន្តែរដ្ឋាភិបាលគួរតែរកមធ្យោបាយ រកវិធីសាស្ត្រក្នុងស្ដារលទ្ធិប្រជាធិបតេយ្យ បើកលំហនយោបាយឡើងវិញ ដើម្បីឱ្យស្របទៅតាមគោលការណ៍ច្បាប់ដែលកម្ពុជាផ្ដល់សច្ចាប័នតាមអនុសញ្ញាអន្តរជាតិនានានោះ ដើម្បីឱ្យកម្ពុជាឆ្លើយតបនឹងលក្ខខណ្ឌប្រជាធិបតេយ្យ»។
គេសង្កេតឃើញថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់ សកម្មជនគាំទ្រ និងមន្រ្តីបក្សជំទាស់ ត្រូវរង់ចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។ក្នុងចំណោមពួកគេទាំងនោះ មានទាំងក្បាលម៉ាស៊ីនដឹកនាំរបស់បក្សជំទាស់នេះផង ត្រូវរង់ការចោទប្រកាន់តាមផ្លូវតុលាការ ក្រោមហេតុផលផ្សេងៗ ដែលបង្ខំចិត្តឱ្យគេពួកគេ ត្រូវដើរចេញពីបក្សខ្លះ និងអ្នកខ្លះទៀតត្រូវបង្ខំចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ការយាយី និងធ្វើទុកបុកម្នេញខាងនយោបាយនេះ លោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់មួយរូប ក្នុងចំណោមក្បាលម៉ាស៊ីនដឹកបក្សដទៃទៀត បានបង្ខំចិត្តលាលែងពីបក្ស ហើយដីផ្ទះរបស់លោកនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវរដ្ឋាភិបាលរឹបអូស នៅក្នុងអាណត្តិរបស់លោក ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី។
លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀននេះ ក៏ត្រូវជាប់បណ្តឹងដែរ ក្រោយពីលោករិះគន់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ក្រៅពីនេះ លោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សមួយរូបទៀត ក៏ត្រូវរង់ការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារព្រៃស ដោយរកឃើញថាលោកបានផ្តល់មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ឱ្យទៅម្ចាស់បំណុល ដែលជាមនុស្សស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។
នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាកើតឡើង ភាពស្មុគស្មាញផ្នែកនីតិវិធីត្រូវបានគេបង្កើតឡើង រហូតកំណត់គោលការណ៍ខ្លះ ក្នុងន័យដើម្បីទប់ស្កាត់ អ្នកនយោបាយបក្សជំទាស់ មិនឱ្យចូលរួមបោះឆ្នោតបាន។ក្រៅពីនេះ គណបក្សភ្លើងទៀនក៏ត្រូវបានបិទទ្វារ មិនឱ្យចូលរួមបោះឆ្នោតបានដែរ ក្រោមហេតុផលខុសនីតិវិធី។
នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅគេរំពឹងថារដ្ឋាភិបាលថ្មីអាចនឹងមានការប្រែប្រួលស្ថានការណ៍បានល្អប្រសើរជាងមុន ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍នយោបាយ មើលឃើញថា ភាពប្រសើរនេះនៅតែមិនអាចកើតមាន។នៅក្នុងអណត្តិទី៦ សេរីភាពខាងនយោបាយ សេរីភាពខាងការបញ្ចេញមតិ និងសិទ្ធិមនុស្សជាដើម ត្រូវរង់ការយាយី និងធ្វើបុកម្នេញមិនឈប់ឈរ។
មិនខុសគ្នាទេ សម្រាប់រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គេសង្កេតឃើញថាវិបត្តិនយោបាយនេះ នៅតែដោះមិនចេញ។ទាំងនៅមុនការបោះឆ្នោត និងដំណាក់កាលបោះឆ្នោត មនុស្សប្រមាណ ៧នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។ពួកគេរង់ការចោទប្រកាន់ថា មានចេតនាធ្វើឱ្យខូចសន្លឹកឆ្នោត និងប៉ះពាល់ដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិ។
ការធ្វើទុកបុកម្នេញខាងនយោបាយនេះ ហាក់មិនខុសពីអាណត្តិមុនប៉ុន្មាន កាលពីថ្ងៃទី ៨ និងថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២៣ មន្រ្តីបក្សជំទាស់នៅថ្នាក់ក្រោមជាតិប្រមាណ ២៣នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ទៀត។
ការចាប់ខ្លួនដែលធ្វើឡើងដោយនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបានសាច់ញាតិនៃមន្រ្តីទាំងនោះ អះអាងថាធ្វើឡើងដោយគ្មានដីកា និងហេតុផលសមរម្យទេ។អតីតលេខាធិការ នៃគណបក្សភ្លើងទៀន ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រព័ន្ធផ្សាយថា នៅចំពោះមុខការយកចម្លើយពីនគរបាល ពួកគេបានព្យាយាចោទសួរ ពាក់ព័ន្ធការប្រមូលស្នាមមេដៃ ដើម្បីបង្កើតគណបក្សថ្មីឈ្មោះ «បញ្ញទំនើប » និងសួររកអ្នកនៅពីក្រោយ នៃការបង្កើតបក្សថ្មោងថ្មីនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មើលឃើញថា ការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចមានតួនាទីត្រូវគោរព និងអនុវត្ត។
លោកបន្តថា ការអះអាងរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធនេះ ហាក់មិនសមទំនង ដែលស្របនឹងស្មារតីច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថា ប្រសិនបើការឃាត់ខ្លួនមន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងក្រោមហេតុផល ប្រមូលស្នាមមេដៃពីពលរដ្ឋដើម្បីបង្កើតគណបក្សថ្មី ក៏គ្មានអ្វីដែលផ្ទុយនឹងច្បាប់ដែរ ខណៈដែលក្រសួងមហាផ្ទៃក៏បានចេញលិខិតអនុញ្ញាតរួមហើយដែរ។
លោកបន្តថា៖«បញ្ហាតុលាការទៀតសោតក៏ចូលរួមវាយតម្លៃទៅលើការអនុវត្តរបស់មន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ថាតើគាត់សំអាងលើអ្វីបានជាទៅចាប់ប្រជាពលរដ្ឋ ដោយពុំមានដីកា ឬក៏ពុំមានច្បាប់ទម្លាប់ត្រឹមត្រូវអ៊ីចឹង? នេះជាបញ្ហាមួយដែលធ្វើឱ្យប៉ះពាល់ទៅដល់សេរីភាពក្នុងការចូលរួម ជីវភាពនយោបាយ របស់សកម្មជននយោបាយនៅកម្ពុជា »។
ជុំវិញរឿងនេះ Newsroom Cambodia ពុំអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៣ ដោយហៅទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែពុំមានអ្នកទទួល។
យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការចាប់ខ្លួននេះ ពុំមែនជាហេតុផលនយោបាយ ដូចការលើកឡើងរបស់អ្នកវិភាគទាំងនោះឡើយ។លោកបន្តថា ការចាប់ខ្លួននេះគឺ ដោយសារតែអ្នកទាំងនោះប្រព្រឹត្តខុសច្បាប់។
បើតាមលោក សុខ ឥសាន ប្រសិនបើពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីនេះ មិនពេញចិត្ត ពួកគេអាចប្រើប្រាស់សិទ្ធិដែលមានស្រាបទៅតុលាការ ដើម្បីតតាំងគ្នាក្នុងការស្វែងរកយុត្តិធម៌បាន។
លោកបន្តថា៖ «ករណីចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនេះ គឺជាការអនុវត្តច្បាប់របស់តុលាការ។ បើសិនជាអ្នកទាំងនោះ គិតថាការចាប់ខ្លួននេះ គឺជាការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិនយោបាយរបស់ពលរដ្ឋ ដាក់ពាក្យបណ្ដឹងទៅ គ្មាននរណាគេហាមយើងណា» ។
បញ្ញត្តិមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មជនក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។សេចក្ដីស្នើទាំងឡាយណាពីប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ដោយឡែក អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែកញ្ញាថា ការបន្តចាប់ខ្លួន មន្រ្តីបក្សក្រៅរដ្ឋាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាននេះ វាជារូបភាពនៃការគំរាមកំហែងខាងនយោបាយសុទ្ធសាធ។
លោកលើកឡើងថា ការធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សភ្លើងទៀននេះ គឺជារឿងដែលគួរឱ្យបារម្ភ ក្នុងពេលដែលលំហសេរីភាពខាងនយោបាយ នៅកម្ពុជាកាន់តែរួមតូចទៅៗ។មិនតែប៉ុណ្ណោះ មកដល់ពេលនេះ លោកអះអាងថា គេនៅមិនទាន់ដឹងពីដើមហេតុនៅពីក្រោយនៃការចាប់ខ្លួននេះនៅឡើយទេ។តែយ៉ាងណា លោកថានេះគឺជាការគំរាមកំហែងផ្នែកនយោបាយ ព្រោះបក្សភ្លើងទៀន នៅក្នុងខេត្តជាប់ព្រំដែនថៃនេះ ក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ មិនចាញ់តំបន់ដទៃទៀតប៉ុន្មានឡើយ។
លោកបន្តថា៖ ការចាប់ខ្លួននេះគឺជា ន័យថា ជាការគំរាមកំហែងទៅដល់សកម្មជនក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនកាន់តែខ្លាំង។ យើងគិតថាករណីនេះ ពុំគួរឱ្យកើតមានសម្រាប់សង្គមកម្ពុជាយើងដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដោយឡែក ការចាប់ខ្លួននេះ ពុំមានកំហុសឆ្គងពុំមានហេតុផលជាក់លាក់» ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការចាប់សកម្មជនបក្សភ្លើងទៀននេះ មានខ្លះចាប់ទាំងយប់ និងខ្លះទៀតត្រូវចាប់ខ្លួនដោយពុំមានដីកាពីតុលាការក៏មានដែរ។
បើតាមលោក ស៊ឹង សែនករុណា ប្រសិនបើការចាប់ខ្លួននេះមានដីកាកោះហៅពីតុលាការ តាមនីតិវិធីច្បាប់ គឺជារឿងដែលត្រឹមត្រូវ។ដោយឡែក លោកថាប្រសិនបើសកម្មជនទាំងនោះ ពុំបានប្រព្រឹត្តកំហុសណាមួយទេ អាជ្ញាធរពាក់ព័ន្ធគួរដោះលែងអ្នកទាំងនោះ ឱ្យមានសេរីភាពឡើងវិញ។
លោកបន្តថា៖«ការចាប់ខ្លួនដែលពុំមានដីកាត្រឹមត្រូវ នេះជាការកត់សម្គាល់មួយថា បើបទល្មើសនោះកើតឡើងដោយពុំមានបទល្មើសជាក់ស្ដែងវាគឺជាអំពើបំពាននីតិវិធីផ្លូវច្បាប់ ទាក់ទងនឹងក្រមព្រហ្មទណ្ឌនឹងហើយ។ ចំណុចទី២នោះបើសិនជាការចាប់ខ្លួនដោយតែ ការធ្វើសកម្មភាពផ្នែកនយោបាយ និងការប្រមូលស្នាមមេដៃនោះក៏រឹតតែខុសច្បាប់ទៅទៀត ព្រោះនោះគឺជាសិទ្ធិចូលរួមនយោបាយរបស់ពួកគាត់»។
បើទោះបែបណា សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ឯម សុវណ្ណារ៉ា មើលឃើញថាចរន្តនៃការគំរាមកំហែងរបស់បក្សកាន់អំណាច តាមរយៈប្រព័ន្ធតុលាការមកលើបក្សភ្លើងទៀននេះ នឹងធ្វើឱ្យសេរីភាពខាងការបញ្ចេញមតិ និងការចូលរួមផ្នែកនយោបាយរបស់បក្សជំទាស់កាន់តែចង្អៀត។លើសពីនេះទៀត សហគមន៍អន្តរជាតិ ក៏ពុំសូវបានចាប់អារម្មណ៍លើបញ្ហានៅកម្ពុជាផង។
កត្តានេះលោកថា ជាហេតុធ្វើឱ្យរដ្ឋាភិបាលអាណត្តិថ្មីនេះ ហាក់ពុំសូវមានឆន្ទៈដើម្បីស្ដារប្រជាធិបតេយ្យឱ្យបានល្អប្រសើរ បើទោះត្រូវរង់ការរិះគន់ពីសហគមន៍អន្តរជាតិក្តី។
លោកបន្តថា៖«អ្នកនយោបាយ រដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាអ្នកនយោបាយវ័យក្មេងគួរតែឈរលើគោលការណ៍សហគមន៍អន្តរជាតិ ព្រោះសម័យកម្ពុជា ជាសម័យសកលភាវូបនីយកម្ម យើងមិនអាចរស់នៅតែឯងទេ។ អ្វីដែលសហគមន៍អន្តរជាតិលើកឡើងឱ្យបើកលំហសេរីភាពនយោបាយ ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ រដ្ឋាភិបាល គួរតែឆ្លើយតបនឹងមតិរបស់លោកខាងលិចជាពិសេសសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីយើងអាចរក្សាបានទំនាក់ទំនងការទូត និងរក្សាបានផលប្រយោជន៍ពាណិជ្ជកម្ម ជាជាងដែលផ្ដេកផ្ដួលតែទៅរកប្រទេសកុម្មុយនីស្ត ដែលមានចិនជាដើម»។
ទាក់ទិនចរន្តនយោបាយនេះ ក្រុមអ្នកវិភាគ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ មិនដូរទម្លាប់ដឹកនាំ ដោយប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋជាមូលដ្ឋានទេ កម្ពុជាអាចនឹងបាត់បង់ឋានៈជាប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងពីរគឺសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប៕