អ្នក​វិភាគ​នយោបាយ​ យល់ឃើញថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀនក្រោមបទចោទផ្សេងៗ​ជា​បន្ត​បន្ទា​​ប់ទៀត​នេះ​ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់ឥទ្ធិពលខាងនយោបាយ ប្រឆាំងបក្សជំទាស់ ហើយនេះ​​ក៏​​​​ជាយុទ្ធសាស្រ្តក្នុងការ​​កម្ទេច​​ដៃ​គូប្រកួតនៅក្នុង​សង្វៀន​នយោបាយ​​ ជាជាង​ការ​អនុវត្ត​ច្បាប់ដែរ។

មន្រ្តីគណបក្សភ្លើងទៀនចំនួន ២៣នាក់បន្ថែមទៀតនៅថ្នាក់មូលដ្ឋាន ត្រូវបានកម្លាំងនគរបាលនៃស្នង​​កា​​រ​​រ​​ដ្ឋា​​ននគរបាល ​​ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២៣។ការបន្តចាប់ខ្លួន​​ទៀត​​នេះ បានជំរុញឱ្យកំណើនអ្នកនយោបាយបក្សជំទាស់ បានកើនឡើងប្រមាណ៣០នាក់ហើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា ហៅការចាប់​ខ្លួន និង​ការ​​យាយី រប​​ស់​​​មន្ត្រី​អាជ្ញាធរ​ប្រឆាំង​សកម្មជន​បក្ស​ភ្លើង​នៅ​តែ​បន្ត​កើត​មាន​នេះថា​ វាពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ​។

លោ​ក​​​សង្កេត​ឃើញ​ថា​ នេះ​គឺ​ជា​ចរន្ត​មួយ​នៃ​ការ​តាម​កម្ចាត់​ដៃគូ​​នយោបាយ ដើម្បី​ទប់ស្កាត់​​​កម្លាំង​ក្រុម​បក្ស​​ប្រ​​ឆាំង​​​ ដើម្បីក្តោបក្តាប់អំណាចរបស់​បក្ស​ប្រជាជនកម្ពុជា។​ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាល​​នៅបន្ត​​ធ្វើ​​ដូចនេះ​​ទៀ​ត​ ជាពិសេសការ​រឹត​ត្បឹត​មក​លើ​បក្ស​ក្រៅ​រដ្ឋាភិបាល​ វា​ពុំមែនជាជម្រើស​​ល្អប្រសើរឡើយ ផ្ទុ​​​យ​​​ទៅ​​​វិញ វា​​នឹ​​ងរុញ​ឱ្យ​ស្ថាន​ភាព​នយោបាយ​ជាប់​គាំង​ និងចេះតែបន្តបែកបាក់​ផ្ទៃ​ក្នុង​ជាតិ រកទីបញ្ចប់គ្មាន។

បើតាមអ្នកជំនាញផ្នែកគោលនយោបាយរូបនេះ ការចង់ឈ្នះចង់ចាញ់គ្នា ដោយមិនតម្កល់ផលប្រយោ​​ជន៍​​ជា​​តិជាធំនេះ កម្ពុជានឹងបាត់បង់​អ្នក​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ សម្រាប់​អភិវឌ្ឍន៍​ប្រទេស។​​

លោកបន្ត​ថា​៖ «បើ​យើង​មើល​ជ្រុង​មួយ​ទៀត​ ជា​ទូទៅ​បក្ស​កាន់​អំណាច​ហាក់​ដូច​ជា​អត់​មាន​អ្វី​ត្រូវ​បារម្ភ​រឿ​ង​​​បក្ស​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​ប្រឆាំង​ទេ​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​រក​មធ្យោបាយ រក​វិធីសាស្ត្រ​ក្នុង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ បើក​លំហ​នយោបាយ​ឡើង​វិញ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន​តាម​អនុសញ្ញា​អន្តរជាតិ​នានា​នោះ ដើម្បី​ឱ្យ​កម្ពុជា​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​»។​​​

គេសង្កេតឃើញថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់ សកម្មជនគាំទ្រ និង​​​​មន្រ្តី​​បក្សជំទាស់ ត្រូវរង់ចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។ក្នុងចំណោមពួកគេទាំងនោះ មានទាំង​​ក្បា​​លម៉ាស៊ីនដឹកនាំរបស់បក្សជំទាស់នេះផង ត្រូវរង់ការចោទប្រកាន់តាមផ្លូវតុលាការ ក្រោមហេតុ​​ផល​​ផ្សេ​​​ងៗ ដែល​បង្ខំចិត្តឱ្យគេពួកគេ ត្រូវដើរចេញពីបក្សខ្លះ និងអ្នកខ្លះទៀតត្រូវបង្ខំចិត្តចុះ​​ចូ​លជាមួយ​​​គណ​​​បក្ស​ប្រ​​​ជា​​ជ​​ន​​​​ក​ម្ពុជា។

ការយាយី និងធ្វើទុកបុកម្នេញខាងនយោបាយនេះ លោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់មួយរូប ក្នុងចំ​​​ណោមក្បាលម៉ាស៊ីនដឹកបក្សដទៃទៀត បានបង្ខំចិត្តលាលែងពីបក្ស ហើយដីផ្ទះរបស់លោកនៅសង្កាត់​​ទន្លេ​​បាសាក់​ ខណ្ឌចំការមន ត្រូវរដ្ឋាភិបាលរឹបអូស នៅក្នុងអាណត្តិរបស់លោក ហ៊ុន សែន ជាអតីតនាយករដ្ឋ​​មន្រ្តី​​។

លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀននេះ ក៏ត្រូវជាប់បណ្តឹងដែរ ក្រោយពីលោករិះគន់​ដំ​​​ណើ​​​រការ​​បោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ក្រៅពីនេះ លោក ថាច់ សេដ្ឋា ដែល​​ជា​​អ​​នុ​​​ប្រធានគណបក្សមួយរូបទៀត ក៏ត្រូវរង់ការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារព្រៃស ដោយរកឃើ​​ញ​​ថាលោកបានផ្តល់មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ឱ្យទៅម្ចាស់បំណុល ដែលជាមនុស្សស្និទ្ធនឹ​​ងគណ​​ប​​ក្ស​​​​ប្រ​​ជាជនកម្ពុជា។

​នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាកើតឡើង ភាពស្មុគស្មាញផ្នែកនីតិវិធីត្រូវបានគេ​​បង្កើត​​ឡើ​​ង រហូតកំណត់គោលការណ៍ខ្លះ ក្នុងន័យដើម្បីទប់ស្កាត់ អ្នកនយោបាយបក្សជំទាស់ មិនឱ្យចូលរួម​​បោះ​​ឆ្នោ​​ត​​បាន។ក្រៅពីនេះ គណបក្សភ្លើងទៀនក៏ត្រូវបានបិទទ្វារ មិនឱ្យចូលរួមបោះឆ្នោតបានដែរ ក្រោមហេតុ​​ផ​​ល​​​​ខុស​​នីតិវិធី។

នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅគេរំពឹងថារដ្ឋាភិបាលថ្មីអាច​​នឹងមាន​កា​​រ​​ប្រែ​​​​​​ប្រួ​លស្ថាន​​ការណ៍បានល្អប្រសើរជាងមុន ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានក្រុមអ្ន​​កវិភាគស្ថានការណ៍​​នយោ​​បាយ មើលឃើញថា ភាពប្រសើរនេះនៅតែមិនអាចកើតមាន។នៅក្នុងអណត្តិទី៦ សេរីភាពខាងនយោបាយ សេ​​រី​​ភាព​ខាងការបញ្ចេញមតិ និងសិទ្ធិមនុស្សជាដើម ត្រូវរង់ការយាយី និងធ្វើបុកម្នេញមិនឈប់ឈរ។

មិនខុសគ្នាទេ សម្រាប់រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គេសង្កេតឃើញថាវិបត្តិនយោបាយនេះ នៅតែ​​ដោះ​​​​មិនចេញ។ទាំងនៅមុនការបោះឆ្នោត និងដំណាក់កាលបោះឆ្នោត មនុស្សប្រមាណ ៧នាក់ ត្រូវបានចាប់​​ខ្លួ​​ន​​​​​ដាក់ពន្ធនាគារ។ពួកគេរង់ការចោទប្រកាន់ថា មានចេតនាធ្វើឱ្យខូចសន្លឹកឆ្នោត និងប៉ះពាល់​​ដល់ដំ​​ណើ​​រ​​កា​​​របោះឆ្នោតថ្នាក់ជាតិ។

ការធ្វើទុកបុកម្នេញខាងនយោបាយនេះ ហាក់មិនខុសពីអាណត្តិមុនប៉ុន្មាន កាលពីថ្ងៃទី ៨ និងថ្ងៃទី៩ ខែ ក​​ញ្ញា ឆ្នាំ២០២៣ មន្រ្តីបក្សជំទាស់នៅថ្នាក់ក្រោមជាតិប្រមាណ ២៣នាក់ ត្រូវបានចាប់ខ្លួន​​ជាបន្ត​​បន្ទា​​ប់​​ទៀ​​ត​​។

 ការចាប់ខ្លួនដែលធ្វើឡើងដោយនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបាន​​សា​​ច់​​ញាតិនៃមន្រ្តីទាំងនោះ អះអាងថាធ្វើឡើងដោយគ្មានដីកា និងហេតុផលសមរម្យទេ។អតីត​​លេ​​ខា​​ធិ​​កា​​​​រ នៃគណបក្សភ្លើងទៀន ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រព័ន្ធផ្សាយថា នៅចំពោះមុខការយក​​ច​​ម្លើយពីនគរបាល ពួកគេបានព្យាយាចោទសួរ ពាក់ព័ន្ធការប្រមូលស្នាមមេដៃ ដើម្បីបង្កើតគណ​​បក្សថ្មី​​ឈ្មោះ «បញ្ញទំនើប » និងសួររកអ្នកនៅពីក្រោយ នៃការបង្កើតបក្សថ្មោងថ្មីនេះ។ 

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ  លោក សេក  សុជាតិ មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​កាលពី​ពេលថ្មីៗ​នេះ​ បានបង្ហាញឱ្យឃើញពី​ការ​រំលោភ​សិទ្ធិ​មនុ​​ស្ស​ និង​សិទ្ធិ​នយោបាយ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចមានតួនាទីត្រូវគោរព និងអនុវត្ត​។

លោក​បន្ត​ថា ការ​អះអាង​របស់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​នេះ​ ហាក់​​​មិន​សម​ទំនង​ ដែល​ស្រប​នឹង​ស្មារតី​ច្បាប់​ដែ​ល​​​​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។​​ លោក​ថា ​ប្រសិនបើ​​​​ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្រោម​ហេតុផល ​ប្រមូល​ស្នាម​មេដៃ​ពី​​ពលរដ្ឋ​ដើម្បី​បង្កើត​គណបក្ស​ថ្មី ក៏​គ្មាន​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់​ដែរ​​ ខណៈ​ដែល​ក្រ​សួ​ង​​មហា​ផ្ទៃ​ក៏​បាន​ចេញ​លិខិត​អនុញ្ញាត​រួម​ហើយដែរ​។

លោកបន្ត​ថា៖«បញ្ហា​តុលាការ​ទៀត​សោត​​ក៏​ចូល​រួម​វាយ​តម្លៃ​ទៅ​លើ​ការ​អនុវត្ត​របស់​មន្រ្តី​អាជ្ញាធរ មាន​សម​​ត្ថ​​​​កិច្ច​នៅ​ក្នុង​មូលដ្ឋាន ថា​តើ​គាត់​សំអាង​លើ​អ្វី​បាន​ជា​ទៅ​ចាប់​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ដីកា ​ឬ​ក៏​ពុំ​មាន​ច្បា​​ប់​ទម្លាប់​​ត្រឹម​ត្រូវ​អ៊ីចឹង? នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ក្នុង​ការ​ចូល​រួម ជីវភា​​ព​ន​​យោ​​បាយ របស់​សកម្មជន​នយោបាយ​នៅ​​កម្ពុជា »។

ជុំ​វិញ​រឿង​នេះ Newsroom Cambodia ពុំ​អាច​ទាក់ទង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹម​ខឿន  និង​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​ នៅ​ថ្ងៃ​ទី​១៣​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។

យ៉ាងនេះក្តី​ អ្នក​នាំ​​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ពុំ​មែ​​ន​​​ជា​​​ហេតុផល​នយោបាយ ​ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ទាំង​នោះ​ឡើយ​។លោក​បន្ត​ថា​ ការ​ចាប់​ខ្លួននេះ​​​គឺ ដោយ​សារ​តែ​អ្នក​ទាំង​នោះ​​ប្រព្រឹត្ត​ខុស​​ច្បាប់។

បើតាមលោក សុខ ឥសាន ប្រសិនបើពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីនេះ មិនពេញចិត្ត ពួកគេអាច​​ប្រើ​​​​ប្រាស់សិទ្ធិដែលមានស្រាបទៅតុលាការ ដើម្បីតតាំងគ្នាក្នុងការស្វែងរកយុត្តិធម៌បាន។

លោក​បន្ត​ថា​៖ «ករណី​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​។​ បើ​សិន​ជា​អ្នក​ទាំ​​ង​​​នោះ​ គិត​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ ដាក់​ពាក្យ​បណ្ដឹ​​ង​​ទៅ​ គ្មាន​នរណា​គេ​ហាម​យើង​ណា​​» ។​

បញ្ញត្តិ​មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្មជន​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំង​ឡា​យ​ណា​ពី​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ​។

ដោយឡែក អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ​​រ៉ុង ឈុន ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែ​កញ្ញា​ថា ការបន្តចាប់ខ្លួន មន្រ្តីបក្សក្រៅរដ្ឋាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាននេះ វាជារូបភាពនៃកា​​រគំ​​រា​​ម​​កំហែងខាងនយោបាយសុទ្ធសាធ។

លោក​លើក​ឡើង​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ភ្លើង​ទៀន​នេះ ​​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​ ក្នុង​ពេ​​លដែលលំហសេរីភាពខាងនយោបាយ នៅកម្ពុជាកាន់តែរួមតូចទៅៗ។មិនតែប៉ុណ្ណោះ មក​ដល់​ពេល​នេះ​ លោកអះអាងថា គេនៅមិនទាន់​ដឹង​ពី​ដើម​ហេតុ​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​ខ្លួននេះនៅ​ឡើយ​ទេ។តែ​យ៉ាងណា លោក​ថា​នេះ​​​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ ព្រោះ​បក្ស​ភ្លើង​ទៀន​​ នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​​​នេះ ក៏ទទួល​បា​​ន​​​ការ​គាំទ្រ​​ពី​ប្រជាពលរដ្ឋ មិនចាញ់តំបន់ដទៃទៀតប៉ុន្មានឡើយ។

លោក​បន្តថា៖ ការ​ចាប់​ខ្លួន​នេះ​គឺ​​ជា​ ​ន័យ​ថា​ ជា​ការ​គំរាម​កំហែង​ទៅ​ដល់​សកម្មជន​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន​កាន់​តែ​ខ្លាំង​។ យើង​គិត​ថា​ករណីនេះ ពុំ​​គួរ​ឱ្យ​កើត​មាន​សម្រាប់​សង្គម​កម្ពុជា​យើង​ដែ​ល​​​ប្រកាន់​គោល​ការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ដោយ​ឡែក ​ការ​ចាប់​ខ្លួន​នេះ ពុំ​មាន​កំហុស​ឆ្គង​ពុំ​មាន​ហេតុ​ផល​ជាក់លាក់» ។​

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក (Adhoc)​ លោក​ ស៊ឹង សែន​ករុណា​ សង្កេតឃើញថា ការ​ចាប់​ស​​កម្មជន​បក្ស​ភ្លើង​ទៀន​នេះ មាន​ខ្លះ​ចាប់​ទាំង​យប់ និង​ខ្លះ​ទៀត​ត្រូវចាប់​ខ្លួន​ដោយ​ពុំ​មាន​ដីកា​ពីតុ​​លា​​ការក៏មានដែរ។

បើតាមលោក ស៊ឹង សែនករុណា ប្រសិនបើ​ការ​ចាប់​ខ្លួន​នេះ​មាន​ដីកា​កោះហៅ​ពីតុលាការ ​តាម​​​​​នីតិវិធី​ច្បាប់​ គឺ​ជា​រឿងដែល​ត្រឹម​ត្រូវ​។ដោយឡែក លោក​ថា​​ប្រសិនបើសកម្មជន​ទាំងនោះ​ ​ពុំ​បាន​ប្រព្រឹត្តកំហុស​ណា​មួយ​ទេ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះលែង​អ្នកទាំងនោះ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក​បន្ត​​ថា៖«ការ​ចាប់​ខ្លួន​ដែល​ពុំ​មាន​ដីកា​ត្រឹម​ត្រូវ​ នេះ​ជា​ការ​កត់​សម្គាល់​មួយ​ថា​ បើ​បទល្មើស​នោះ​កើត​ឡើង​ដោយ​ពុំ​មាន​បទល្មើស​ជាក់​ស្ដែង​វា​គឺ​ជា​​អំពើ​បំពាន​នីតិ​វិធី​ផ្លូវ​ច្បាប់​ ទាក់ទង​នឹង​ក្រម​ព្រហ្មទណ្ឌ​នឹង​ហើ​​យ​​​។ ចំណុច​ទី​២​នោះ​បើ​សិន​ជា​ការ​ចាប់​ខ្លួន​ដោយ​តែ​ ការ​ធ្វើ​សកម្មភាព​ផ្នែក​នយោបាយ និង​ការ​ប្រមូល​ស្នា​​ម​​មេដៃ​នោះ​ក៏​រឹត​តែ​ខុស​ច្បាប់​ទៅទៀត​ ព្រោះ​នោះ​គឺ​ជា​សិទ្ធិ​ចូល​រួម​នយោបាយ​របស់​ពួក​គាត់»។

បើទោះបែបណា សម្រាប់អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​ឯម សុវណ្ណារ៉ា មើលឃើញថា​ចរន្ត​នៃ​ការ​គំ​​រា​​​ម​កំហែង​របស់​បក្ស​កាន់​អំណាច​ តាម​រយៈ​ប្រព័ន្ធ​តុលាការ​​​មក​លើ​បក្ស​ភ្លើង​ទៀន​នេះ​ នឹង​ធ្វើ​ឱ្យ​សេរីភាព​​ខា​​ង​​​ការ​​បញ្ចេញមតិ និង​ការ​ចូល​រួម​ផ្នែក​​ន​​យោបា​​យ​របស់​បក្ស​ជំទាស់​​កាន់​តែ​ចង្អៀត​​។លើសពីនេះទៀត ​ស​​ហ​​គមន៍​​អន្តរជាតិ​ ក៏​ពុំ​សូវ​បាន​ចាប់​អារម្មណ៍​លើ​​បញ្ហា​នៅ​កម្ពុជាផង។

កត្តា​នេះ​លោក​ថា ​ជា​ហេតុ​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ ហាក់​​ពុំ​សូវ​មាន​ឆន្ទៈ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ​ បើទោះត្រូវរង់ការរិះគន់ពីសហគមន៍អន្តរជាតិក្តី។

លោក​បន្តថា៖«អ្នកនយោបាយ រដ្ឋាភិបាល​ថ្មី ​ដែល​សុទ្ធ​តែ​ជា​អ្នក​នយោបាយ​វ័យ​ក្មេង​គួរ​តែ​ឈរ​លើ​គោលការណ៍​សហគមន៍​អន្តរជាតិ ព្រោះ​សម័យ​កម្ពុជា​ ជា​សម័យ​សកលភាវូបនីយកម្ម យើង​មិន​អាច​រស់​នៅ​តែ​ឯង​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​លើក​ឡើង​​ឱ្យ​បើក​លំហ​សេរីភាព​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ រដ្ឋាភិបាល គួរ​តែ​ឆ្លើយ​តប​នឹង​មតិ​របស់​លោក​ខាង​លិច​ជា​ពិសេស​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​យើង​អាច​រក្សា​បាន​ទំនាក់ទំនង​ការទូត ​និង​រក្សា​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម ជា​ជាង​ដែល​ផ្ដេកផ្ដួល​តែ​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​ ដែល​មាន​ចិន​ជា​ដើម​»

ទាក់ទិនចរន្តនយោបាយនេះ ក្រុមអ្នកវិភាគ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ មិន​​ដូរ​​ទម្លាប់ដឹកនាំ ដោយប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ​​ជាមូល​​ដ្ឋា​​​នទេ កម្ពុជាអាចនឹងបាត់បង់ឋានៈជាប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងពីរគឺសហរដ្ឋអាមេរិក និ​ង​​​ស​​​​ហភា​​ពអ៊ឺរ៉ុប៕