សហជីពឯករាជ្យ និងអង្គការសង្គមស៊ីវិល ចាត់ទុកតួលេខប្រាក់ខែអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ចំនួន ២០៤ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៤នោះ ថាមិនទាន់ឆ្លើយតបនឹងជីវភាពរបស់ពួកគាត់នៅឡើយ ខណៈបច្ចុប្បន្នផ្ទះជួល និងទំនិញស្ទើរគ្រប់មុខបន្តឡើងថ្លៃ ហើយបំណុលធនាគារ ក៏កំពុងគំរាមកំហែងការរស់នៅ។
តាមរយៈកិច្ចប្រជុំចុងក្រោយនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា ក្នុងចំណោមសមាជិក ៥១រូប រួមមាន សមាជិក ៤៦រូប បានបោះឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួល ២០២ដុល្លារ និង៥រូបផ្សេងទៀត បោះឆ្នោតគាំទ្រតួលេខរបស់សហជីព ២១៣ដុល្លារ ខណៈតួលេខ ២០៤ដុល្លាររបស់សហជីពផ្សេងទៀត មិនមានសំឡេងគាំទ្រនោះទេ។ ជាលទ្ធផល ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចកំណត់យកតួលេខ ២០២ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤។
បន្ទាប់ពីបោះឆ្នោតរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែម ២ដុល្លារក្នុងមួយខែទៀត ដែលធ្វើឱ្យតួលេខប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៤ខាងមុននេះ មានចំនួន ២០៤ដុល្លារ ដោយកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ខែគោលនៅឆ្នាំ២០២៣នេះ ដែលមានចំនួន ២០០ដុល្លារ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ(ស៊ីខៅឌូ) លោក គង់ អាទិត្យ យល់ថា ការដំឡើងប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិតនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំសហជីពដែលខិតខំចរចា ប៉ុន្តែលោកថាតួលេខបង្កើន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុននេះ មិនអាចជួយឱ្យកម្មករនិយោជិតងើបផុតពីបញ្ហាជីវភាព ដែលកំពុងជួបប្រទះទុក្ខលំបាកដូចជាសងបំណុលធនាគារ បង់ថ្លៃជួលផ្ទះ និងចំណាយប្រចាំថ្ងៃ នៅឡើយ។
លោកថ្លែងថា៖ «បើឡើងតែ ៤ដុល្លារហ្នឹង វាអត់អាចទ្រទ្រង់បាននូវជីវភាពពួកគេ ក្នុងពេលដែលពួកលំបាកនៅពេលបច្ចុប្បន្នហ្នឹងទេ»។
ប្រធានសហភាពការងារកម្ពុជា(CLC) លោក អាត់ ធន់ បង្ហាញការមិនពេញចិត្តចំពោះការសម្រេចដំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ ដោយថាតួលេខនេះមិនបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិតដែលកំពុងរងគ្រោះដោយវិបត្តិអតិផរណា។ ជាមួយគ្នា លោកមានប្រសាសន៍ថា រដ្ឋាភិបាល គួរតែតំឡើងប្រាក់ឈ្នួលយ៉ាងតិចឱ្យបាន ២៥០ដុល្លារក្នុងមួយខែ ទើបអាចជួយឱ្យជីវភាពរបស់ពួកគាត់រស់នៅបានល្អប្រសើរ។
លោកថ្លែងថា៖ «ខ្ញុំគិតថាប្រហែលជា ២៥០ដុល្លារឯណោះ បានអាចជួយជីវភាពគាត់ឱ្យសមរម្យបាន ព្រោះបច្ចុប្បន្ននេះគាត់ពិបាកណាស់ ព្រោះមើលការចំណាយជាក់ស្តែងម្នាក់ចូលជិត ៣០០ដុល្លារឯណោះ»។
ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្មករនិយោជិតគួរទទួលបានប្រាក់ឈ្នួលតិចបំផុតពី ៣៧១ដុល្លារក្នុងមួយខែ ទើបឆ្លើយតបទៅនឹងតម្រូវការចំណាយនៅក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ។ ការអះអាងដូច្នេះ ដោយលោកបញ្ជាក់ថា កម្មករនិយោជិតចំណាយថវិកាលើការហូបចុកក្នុងម្នាក់ ១៨០ដុល្លារក្នុងមួយខែ។
លោកមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលយ៉ាងហោចណាស់គួរដំទ្បើងប្រាក់ឈ្នួលអប្បបរមានៅក្នុងកម្រិតយ៉ាងហោចណាស់ ៣៧១ដុល្លារក្នុងមួយខែ»។
ជាក់ស្តែង កម្មការិនីរោងចក្រមួយស្ថិតក្នុងខេត្តកំពង់ចាម អ្នកស្រី រិន វណ្ណនី ចាត់ទុកថា ការដំឡើងប្រាក់ឈ្នួល ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ មិនអាចជួយជីវភាពអ្នកស្រី និងកម្មករនិយោជិតផ្សេងទៀតឱ្យបានធូរស្រាលជាងមុនទេ ដោយថាទំនិញលើទីផ្សារសុទ្ធតែបានឡើងថ្លៃ ហើយថ្លៃឡានជិះទៅធ្វើការ ក៏ឡើងថ្លៃស្របជាមួយការដំឡើងប្រាក់ឈ្នួលនេះថែមទៀត។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំៗថាតិច ដោយសារឥឡូវចំណាយវាច្រើនដែរ ដូចថាឥឡូវអីក៏ឡើងថ្លៃៗ»។
ប្រហាក់ប្រហែលគ្នា កម្មការិនីរោងចក្រនៅសង្កាត់ចោមចៅ អ្នកស្រី អ៊ុក ចាន់រ៉ា ក៏យល់ថា ការតំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ គឺជាតួលេខតិចតួចបំផុតដែលមិនអាចឆ្លើយតបនឹងតម្រូវការចំណាយបច្ចុប្បន្នបាន ព្រោះតែទំនិញ និងស្បៀងអាហារសុទ្ធតែឡើងថ្លៃ ខណៈថ្លៃឡានជិះទៅធ្វើការឡើងថ្លៃលើសមុន ៥ដុល្លារថែមទៀត។
អ្នកស្រីថា៖ «តិចពេក! បើបាន២០៥ ឬ២២០ដុល្លារអីទៅវាគ្រាន់បើ។ ទំនិញឥឡូវវាកើនឡើងថ្លៃជាងមុន ចេះតែចាយអត់គ្រាន់ និយាយទៅទំនិញឡើងគ្រប់មុខហ្មង»។
កម្មការិនីរោងចក្រទាំង ២រូបនេះ ស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ និងធ្វើយ៉ាងណាធានាឱ្យកម្មករនិយោជិតមានការងារធ្វើគ្រប់គ្រាន់ ព្រោះបារម្ភពីការបាត់បង់ការងារធ្វើ ដោយហេតុថាបច្ចុប្បន្ននៅកន្លែងធ្វើការងាររបស់ពួកគាត់ ពុំសូវមានការងារធ្វើដូចពីមុននោះទេ ដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះពាក់កណ្តាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រោយពីកំណត់ប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០២៤នេះរួច រដ្ឋាភិបាលសន្យាពិនិត្យលទ្ធភាពកាត់បន្ថយការចំណាយផ្សេងៗទៀតរបស់កម្មករនិយោជិត។ មិនតែប៉ុណ្ណោះ លោកថានឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជននៅខែវិច្ឆិកាខាងមុខ ដើម្បីបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
លោកបានលើកឡើងថា៖ «ខ្ញុំនឹងបន្តជំរុញដល់ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត»។
តែយ៉ាងណា បើតាមលោក គង់ អាទិត្យ ជាចំណុចអាទិភាព រដ្ឋាភិបាលគួរតែគិតគូពីបញ្ហាប្រឈមរបស់កម្មករនិយោជិតចំនួន៣ រួមមាន ការឡើងថ្លៃទំនិញ ការឡើងថ្លៃសាំង និងកន្លែងស្នាក់នៅ។
លោកបញ្ជាក់ថា៖ «កម្មករគាត់ជួបប្រទះខ្លាំង៣ គឺទី១អាហារ ទី២គឺសាំង និងទី៣គឺផ្ទះជួល។ យើងឃើញហើយបើសិនជារដ្ឋាភិបាលគាត់អាចធ្វើការកែទម្រង់ ឬសម្រួលទៅលើតម្លៃក្នុងរឿងទាំង៣ហ្នឹងបានគឺវាជារឿងល្អ»។
ចំណែក លោក ឃុន ថារ៉ូ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរធ្វើកំណែទម្រង់ស៊ីជម្រៅសម្រាប់ការលើកកម្ពស់ផ្នែកផលិតកម្មបន្ថយការចំណាយថ្លៃដើមសម្រាប់វិស័យឯកជន និងធានាប្រាក់ឈ្នួលរស់នៅសមរម្យសម្រាប់កម្មករនិយោជិត។ មួយវិញទៀត ត្រូវធានាចំពោះការមិនបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធពីសហគមន៍អឺរ៉ុប ដើម្បីនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បើពុំនោះទេ លោកបញ្ជាក់ថា វិស័យវាយនភណ្ឌនឹងជួបប្រទះវិបត្តិផ្នែកការងារ ហើយកម្មករខ្មែរប្រមាណ ១លាននាក់ នឹងរងផលប៉ះពាល់ដោយផ្ទាល់ និងមនុស្សចំនួន ២លាននាក់ រងផលប៉ះពាល់ដោយប្រយោល។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ដដែល បញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ មានរោងចក្រចំនួន ២០ហើយ បានបិទទ្វារ ព្យួរការងារកម្មករ និងបញ្ឈប់ការងារកម្មករក្នុងទ្រង់ទ្រាយធំ ក្នុងនោះកម្មករជិត ២ម៉ឺននាក់ ទទួលរងផលប៉ះពាល់ពីវិបត្តិគ្មានការងារនេះ។
ប្រភពដដែលបន្តថា រោងចក្របិទទ្វារភាគច្រើនជារោងចក្រដេរសម្លៀកបំពាក់ និងស្បែកជើងដែលមានទីផ្សារធំនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកថា កន្លងមក កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនពីប្រព័ន្ធអនុគ្រោះពន្ធទាំង GSP របស់សហរដ្ឋអាមេរិក និងEBA របស់សហគមអឺរ៉ុប ដែលកម្ពុជាទទួលបានផលចំណេញសរុប ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕