សហជីពឯករាជ្យ ​និងអង្គការសង្គមស៊ីវិល ចាត់ទុកតួលេខប្រាក់ខែអប្បបរមា​របស់កម្មករ​និយោជិត​ក្នុង​វិស័យកាត់ដេរ ចំនួន ២០៤ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៤នោះ ថាមិនទាន់ឆ្លើយតបនឹងជីវភាពរបស់ពួកគាត់នៅឡើយ ខណៈបច្ចុប្បន្នផ្ទះជួល និងទំនិញស្ទើរគ្រប់មុខបន្តឡើងថ្លៃ ហើយបំណុលធនាគារ ក៏កំពុងគំរាមកំហែងការរស់នៅ។

តាមរយៈកិច្ចប្រជុំចុងក្រោយនៃការ​កំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញ​ថា ក្នុង​ចំណោម​សមាជិក ៥១រូប រួម​មាន សមាជិក ៤៦រូប បាន​បោះ​ឆ្នោត​គាំ​ទ្រ​តួលេខ​ប្រាក់​ឈ្នួល ២០២ដុល្លារ និង៥រូបផ្សេងទៀត បោះឆ្នោតគាំទ្រតួលេខរបស់សហជីព ២១៣ដុល្លារ ខណៈតួលេខ ២០៤​ដុល្លារ​របស់​សហជីពផ្សេងទៀត ​មិន​មាន​សំឡេង​គាំទ្រ​នោះ​ទេ។ ជាលទ្ធផល ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួលអប្បបរមា​​ បានសម្រេចកំណត់យកតួលេខ ២០២​ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤។

បន្ទាប់ពីបោះឆ្នោតរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែម​ ២ដុល្លារក្នុងមួយខែទៀត ដែល​ធ្វើឱ្យតួលេខប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៤ខាងមុននេះ មានចំនួន ២០៤ដុល្លារ ដោយកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ខែគោលនៅឆ្នាំ២០២៣នេះ ដែលមានចំនួន ២០០ដុល្លារ។

ប្រធាន​​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ​កាត់​ដេរ​(ស៊ីខៅឌូ) លោក គង់ អាទិត្យ យល់ថា ការដំឡើងប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិត​នេះ ​​​បង្ហាញ​ពីការ​យកចិត្តទុកដាក់របស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំសហជីពដែលខិតខំចរចា ប៉ុន្តែលោកថាតួលេខបង្កើន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុន​នេះ មិន​អាច​ជួយ​ឱ្យ​កម្មករ​និយោជិត​ងើប​ផុត​ពី​បញ្ហាជីវភាព ដែលកំពុងជួបប្រទះទុក្ខលំបាកដូចជាសងបំណុលធនាគារ បង់ថ្លៃជួលផ្ទះ និងចំណាយប្រចាំថ្ងៃ នៅឡើយ។

លោកថ្លែងថា៖ «បើឡើងតែ ៤ដុល្លារហ្នឹង វាអត់អាចទ្រទ្រង់បាននូវជីវភាពពួកគេ ក្នុងពេលដែលពួកលំបាកនៅពេលបច្ចុប្បន្នហ្នឹងទេ»។

ប្រធានសហភាពការងារកម្ពុជា(CLC) លោក អាត់ ធន់ បង្ហាញការ​មិនពេញចិត្តចំពោះការសម្រេចដំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ ដោយថាតួលេខនេះមិនបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត​ដែលកំពុងរងគ្រោះដោយវិបត្តិអតិផរណា។ ជាមួយគ្នា លោក​មាន​ប្រសាសន៍​​ថា រដ្ឋាភិបាល​ គួរតែតំឡើងប្រាក់ឈ្នួលយ៉ាងតិចឱ្យបាន ២៥០ដុល្លារក្នុងមួយខែ ទើបអាចជួយឱ្យជីវភាពរបស់​ពួក​គាត់​រស់​នៅ​បាន​ល្អ​ប្រសើរ។

លោកថ្លែងថា៖ «ខ្ញុំគិតថាប្រហែលជា ២៥០ដុល្លារឯណោះ បានអាចជួយជីវភាពគាត់ឱ្យសមរម្យបាន ព្រោះបច្ចុប្បន្ននេះគាត់ពិបាកណាស់ ព្រោះមើលការចំណាយជាក់ស្តែងម្នាក់ចូលជិត ៣០០ដុល្លារ​ឯណោះ»។

ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្មករនិយោជិតគួរទទួល​បានប្រាក់ឈ្នួលតិចបំផុតពី ៣៧១ដុល្លារក្នុងមួយខែ ទើបឆ្លើយតបទៅនឹងតម្រូវការចំណាយនៅក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ។ ការអះអាងដូច្នេះ ដោយលោកបញ្ជាក់ថា កម្មករនិយោជិតចំណាយថវិកាលើការហូបចុកក្នុងម្នាក់ ១៨០ដុល្លារក្នុងមួយខែ។

លោកមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលយ៉ាងហោចណាស់​គួរដំទ្បើងប្រាក់ឈ្នួលអប្បបរមានៅក្នុងកម្រិតយ៉ាងហោចណាស់ ៣៧១ដុល្លារក្នុងមួយខែ»។

​ជាក់ស្តែង កម្មការិនីរោងចក្រមួយស្ថិតក្នុងខេត្តកំពង់ចាម អ្នកស្រី រិន វណ្ណនី ចាត់ទុកថា ការដំឡើងប្រាក់​ឈ្នួល ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ មិនអាចជួយជីវភាពអ្នកស្រី និងកម្មករនិយោជិតផ្សេងទៀតឱ្យបានធូរស្រាលជាងមុនទេ ដោយថាទំនិញលើទីផ្សារសុទ្ធតែបានឡើងថ្លៃ ហើយថ្លៃឡានជិះទៅធ្វើការ ក៏ឡើងថ្លៃស្របជាមួយការដំឡើងប្រាក់ឈ្នួលនេះថែមទៀត។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំៗថាតិច ដោយសារឥឡូវចំណាយវាច្រើនដែរ ដូចថាឥឡូវអីក៏ឡើងថ្លៃៗ»។

ប្រហាក់ប្រហែលគ្នា កម្មការិនីរោងចក្រនៅសង្កាត់ចោមចៅ​ អ្នកស្រី អ៊ុក ចាន់រ៉ា ក៏យល់ថា ការ​តំឡើងប្រាក់​ឈ្នួល ៤ដុល្លារនេះ គឺជាតួលេខតិចតួចបំផុតដែលមិនអាចឆ្លើយតបនឹងតម្រូវការចំណាយបច្ចុប្បន្ន​បាន ព្រោះតែទំនិញ​ និងស្បៀងអាហារ​​សុទ្ធតែឡើងថ្លៃ ខណៈ​ថ្លៃឡានជិះទៅ​ធ្វើការឡើងថ្លៃលើស​មុន ៥ដុល្លារថែមទៀត។

អ្នកស្រីថា៖ «តិចពេក! បើបាន២០៥ ឬ២២០ដុល្លារ​អីទៅវាគ្រាន់បើ។ ទំនិញឥឡូវវាកើនឡើងថ្លៃជាងមុន ចេះតែចាយ​អត់​គ្រាន់ និយាយទៅទំនិញឡើងគ្រប់មុខហ្មង»។

កម្មការិនីរោងចក្រទាំង ២រូបនេះ ស្នើឱ្យ​រដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ និងធ្វើយ៉ាងណាធានាឱ្យកម្មករនិយោជិតមានការងារធ្វើគ្រប់គ្រាន់ ព្រោះបារម្ភពីការបាត់បង់ការងារធ្វើ ដោយហេតុថាបច្ចុប្បន្ននៅកន្លែង​ធ្វើការងារ​របស់ពួកគាត់ ពុំសូវមានការងារធ្វើដូចពីមុននោះទេ ដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះពាក់កណ្តាល។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បានគូសបញ្ជាក់នៅលើទំព័រហ្វេស​ប៊ុក​ផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣​​​ថា ក្រោយ​ពី​កំណត់​ប្រាក់​​ឈ្នួល​កម្មករ​​នៅ​ឆ្នាំ២០២៤​នេះ​រួច រដ្ឋាភិបាលសន្យាពិនិត្យលទ្ធភាពកាត់បន្ថយការចំណាយផ្សេងៗទៀតរបស់កម្មករនិយោជិត។ មិនតែប៉ុណ្ណោះ លោកថានឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជននៅខែវិច្ឆិកាខាងមុខ ដើម្បីបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

លោកបានលើកឡើង​ថា៖ «ខ្ញុំនឹងបន្តជំរុញដល់ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត»។

តែយ៉ាងណា បើតាមលោក គង់ អាទិត្យ ជាចំណុចអាទិភាព រដ្ឋាភិបាលគួរតែគិតគូពីបញ្ហាប្រឈមរបស់​កម្មករនិយោជិតចំនួន៣ រួមមាន ការឡើងថ្លៃទំនិញ ការឡើងថ្លៃសាំង និងកន្លែងស្នាក់នៅ។

លោកបញ្ជាក់ថា៖ «កម្មករគាត់ជួបប្រទះខ្លាំង៣ គឺ​ទី១​​អាហារ ទី២គឺសាំង និងទី៣គឺផ្ទះជួល។ យើងឃើញហើយបើសិនជារដ្ឋាភិបាលគាត់អាចធ្វើការកែទម្រង់ ឬសម្រួល​ទៅលើតម្លៃក្នុងរឿងទាំង៣ហ្នឹងបានគឺវាជារឿងល្អ»។

ចំណែក លោក ឃុន ថារ៉ូ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរ​​ធ្វើកំណែ​ទម្រង់​ស៊ីជម្រៅ​សម្រាប់ការលើកកម្ពស់ផ្នែកផលិតកម្មបន្ថយការចំណាយថ្លៃដើម​​សម្រាប់វិស័យឯកជន និងធានា​ប្រាក់ឈ្នួល​រស់នៅ​សមរម្យសម្រាប់កម្មករនិយោជិត។ មួយវិញទៀត ត្រូវធានាចំពោះការមិនបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធពីសហគមន៍​អឺរ៉ុប ដើម្បីនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក បើពុំនោះទេ លោកបញ្ជាក់ថា វិស័យវាយនភណ្ឌនឹងជួបប្រទះវិបត្តិផ្នែកការងារ ហើយកម្មករខ្មែរប្រមាណ ១លាននាក់ នឹ​​ង​​​​រង​ផល​ប៉ះពាល់ដោយ​ផ្ទាល់ និងមនុស្សចំនួន ២លាននាក់ រងផលប៉ះពាល់ដោយប្រយោល។

អ្នកគ្រប់គ្រង​​កម្មវិធីការងារនៃអង្គការ​សង់ត្រាល់ដដែល បញ្ជាក់​ថា នៅក្នុងឆ្នាំ២០២៣នេះ មានរោងចក្រចំនួន ២០​ហើយ បានបិទទ្វារ ព្យួរ​ការងារកម្មករ និងបញ្ឈប់ការងារកម្មករក្នុង​ទ្រង់​ទ្រាយ​ធំ ក្នុងនោះកម្មករជិត ២ម៉ឺននាក់ ទទួលរងផលប៉ះពា​​ល់​ពីវិបត្តិគ្មានការងារនេះ។

ប្រភពដដែលបន្តថា រោងចក្របិទទ្វារភាគច្រើនជារោងចក្រដេរសម្លៀកបំពាក់ និងស្បែកជើងដែលមានទីផ្សា​​​រធំនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកថា កន្លងមក កម្ពុជាបានទទួលអត្ថប្រ​យោ​​ជ​ន៍​​ច្រើន​ពី​ប្រព័ន្ធ​អនុ​​គ្រោះ​​ពន្ធទាំង GSP របស់សហរដ្ឋអាមេរិក និងEBA របស់សហគមអឺរ៉ុប ដែលកម្ពុជាទទួលបានផលចំណេញសរុប ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕