រដ្ឋបាលស្រុកព្រៃឈរខេត្តកំពង់ចាម បានស្នើរឱ្យគ្រប់គណបក្សនយោបាយ ម្ចាស់គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុន អាជីវករធ្វើការរុះរើ និងដកស្លាកសញ្ញាគណបក្ស ព្រមទាំងផ្ចាំងយីហោគ្រប់ប្រភេទនៅតាមសងខាងផ្លូវជាតិលេខ៧ ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើការស្ថាបនាពង្រីកផ្លូវ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកព្រៃឈរ ដែលចេញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថាដោយផ្អែកតាមការស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លងត្រូវបានអនុវត្ត រដ្ឋបាលឃុំដែលនៅជាប់ផ្លូវជាតិលេខ៧ត្រូវជូនដំណឹងទៅគ្រប់គណបក្សនយោបាយឱ្យរុះរើស្លាកសញ្ញាគណបក្សរបស់ខ្លួនឱ្យអស់មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្នុងសេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «រដ្ឋបាលឃុំត្រូវជម្រាបទៅគ្រឹះស្ថានសាធារណៈ និងធ្វើការសម្រុះសម្រួលជាមួយក្រុមហ៊ុន អាជីវករ មានស្លាកសញ្ញានៅខាងមុខ ដែលបានតាំងនៅលើចិញ្ចើមផ្លូវ ត្រូវរុះរើចេញឱ្យបានមុនថ្ងៃ២២ ខែតុលា ឆ្នាំ២០២៣»។

ក្នុងសេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ជាពិសេសត្រង់ចំណុច៦កន្លែង ត្រង់ស្ពានអន្លង់ជ្រៃ លូនៅកន្លែងឃុំល្វា មុខរោងចក្រឃុំខ្វិតធំ ស្ពានខ្វិតធំ ស្ពានអូរដា និងស្ពានស្ទឹងប្រយោលឱ្យរួចមុនថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ជាកំហិត៕