ក្រុមអង្គការសង្គមស៊ីវិល ជំរុញទៅរដ្ឋាភិបាលដោះស្រាយបញ្ហាអំពើហិង្សាផ្នែកយេនឌ័រ និងការបៀតបៀនសិទ្ធិស្ត្រី ខណៈពួកគេអះអាងថា ការធ្វើទុក្ខបុកម្នេញដោយហិង្សា និងការបៀតបៀននៅតែបន្តកើតចំពោះស្ដ្រីជាហូរហែរ។
ការជំរុញនេះបានធ្វើឡើងក្នុងកម្មវិធីចេញផ្សាយរបាយការណ៍ ស្តីពី ការតាមដានលើការអនុវត្តអនុសញ្ញា CEDAW សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
អគ្គលេខាធិកានៃអង្គការស៊ី-ដ (NGO-CEDAW) លោកស្រី ជឹម ចាន់នាងមានប្រសាសន៍ថា អំពើហិង្សាលើស្ត្រីក្នុងសង្គមភាគច្រើន និងញឹកញាប់ គឺអំពើហិង្សាក្នុងគ្រួសារ ខណៈស្ត្រីមួយចំនួនក៏នៅតែរងការបៀតបៀននៅក្រៅផ្ទះ តាមទីសាធារណៈ និងកន្លែងធ្វើការផងដែរ។ លោកស្រីបន្តថា បញ្ហាការប្រើអំពើហិង្សាផ្នែកយេនឌ័រ និងការបៀតបៀនទៅលើស្ត្រី ជាពិសេសស្ត្រីជាសមាជិកសហជីព នៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ នៅតែជារឿងគួរឱ្យព្រួយបារម្ភ ដែលជំរុញឱ្យរដ្ឋាភិបាលត្រូវប្រញាប់រួសរាន់ក្នុងការដោះស្រាយបញ្ហាទាំងនេះឱ្យមានប្រសិទ្ធិភាព។
លោកស្រីបន្ដថា៖ «បើរដ្ឋាភិបាលមិនរួសរាន់ក្នុងការដោះស្រាយវិបត្តិរ៉ាំរ៉ៃនោះទេ រវាងកម្មករ និងនិយោជកនោះទេ វាបញ្ជាក់ថា ប្រទេសកម្ពុជាអនុវត្តអនុសញ្ញាស៊ី–ដ នៅមានកម្រិត ឬមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។ ប្រសើនបើទុកបញ្ហាទាំងអស់នោះឱ្យនៅបន្ដរ៉ាំរ៉ៃ វាជាគំរូមួយមិនល្អសម្រាប់ក្រុមហ៊ុនឯកជនផ្សេងទៀតក្នុងការរំលោភបំពានលើវិស័យការងារ»។
ជាមួយគ្នានេះដែរ លោកស្រី ជឹម ចាន់នាង ក៏បានលើកទឹកចិត្តដល់ស្ដ្រី និងសាច់ញាតិជនរងគ្រោះដែលជួបអំពើហិង្សា ឬរំលោភបំពានផ្សេងៗ គួរតែស្វែងរកការអន្តរាគមន៍ និងសេវាពិគ្រោះយោបល់ផ្លូវចិត្ត ដើម្បីជួយដល់ជនរងគ្រោះ ជាជាងការដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលវានឹងធ្វើឱ្យបទល្មើសនៅតែបន្ដកើតមាន។
បើតាមរបាយការណ៍របស់គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្ដ្រី (NGO-CEDAW) ដែលមានកម្រាស់ ៦៤ទំព័រ បានលើកឡើងថា អំពើហិង្សាដែលកើតមានលើស្ត្រីនៅក្នុងគ្រួសារ រួមមាន ការប្រើអំពើហិង្សាលើរាងកាយ អំពើហិង្សាផ្លូវចិត្ត អំពើហិង្សាផ្លូវភេទ និងអំពើហិង្សាសេដ្ឋកិច្ច។ របាយការណ៍ដដែល បន្តថា ការរើសអើង និងអំពើហិង្សាផ្អែកយេនឌ័រ ការរំលោភបំពានផ្លូវភេទទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញទៅលើស្រ្តី និងកុមារ ព្រមទាំងការបៀតបៀនលើស្រ្តីជាកម្មករនិយោជិត និងស្រ្តីក្នុងវិស័យផ្សេងទៀត នៅតែជាក្តីព្រួយបារម្ភ។
របាយការណ៍ដដែលនេះ បញ្ជាក់ទៀតថា ស្ដ្រី និងកុមារីជនជាតិដើមភាគតិចចំនួន ២៥% ត្រូវបានរាយការណ៍ថា ធ្លាប់បានឆ្លងកាត់អំពើហិង្សាលើរាងកាយ, ៥៨% ត្រូវបានរាយការណ៍អំពើហិង្សាសេដ្ឋកិច្ច, ៨៨% ត្រូវបានរាយការណ៍អំពើហិង្សាផ្លូវអារម្មណ៍ ហើយក្នុងចំណោម ៧០%នៃពួកគាត់ពុំបានស្វែងរកការជួយ ឬការគាំទ្រក្នុងទម្រង់ណាមួយពីខាងក្រៅផ្ទះនោះឡើយ។ ក្រៅពីក្រុមជនជាតិភាគតិច របាយការណ៍ថា ក៏មានក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងស្រ្តីមានពិការភាព ក៏ធ្លាប់ឆ្លងកាត់អំពើហិង្សានៅក្នុងកម្រិតខ្ពស់ ហើយត្រូវប្រឈមនឹងឧបសគ្គខ្លាំងក្នុងការទទួលបានយុត្តិធម៌ និងសំណងប៉ះប៉ូវការខូចខាតផ្សេងៗ។
របាយការណ៍នេះ ក៏មានការសម្ភាសន៍ជាមួយកម្មកររោងចក្រកាត់ដេរចំនួន ១ ១៨០នាក់ ក្នុងនោះមាន ៨៥%ជាស្ត្រី ដោយបានរកឃើញថា មានតែ ៦.២៥% ប៉ុណ្ណោះនៃអ្នកឆ្លើយសំណួរ ដែលពុំធ្លាប់លឺឬឃើញការបៀតបៀនផ្លូវភេទ ខណៈអ្នកឆ្លើយសំនួររហូតទៅដល់ ៩៦.៤៧% និយាយថា ជាធម្មតា “ពុំមានអន្ដរាគមន៍” ទេ បន្ទាប់ពីកើតមានឧប្បត្តិហេតុនៃការបៀតបៀនផ្លូវភេទ ហើយ ២.៥៩% រាយការណ៍ថា ជាធម្មតា មានការសម្រុះសម្រួលផ្ទៃក្នុង ហើយមានតែ ០.៩៤% ប៉ុណ្ណោះ ដែលបង្ហាញថា មានការរាយការណ៍ទៅមន្ដ្រីនគរបាល។
របាយការណ៍របស់ NGO CEDAW ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ដោយជំរុញឱ្យមានសកម្មភាពប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យប្រាកដថា ជនរងគ្រោះក្នុងអំពើហិង្សាទាំងអស់ ទទួលបានការកាត់ក្តីនៅតុលាការ ហើយបញ្ចប់ការប្រើប្រាស់ការផ្សះផ្សារ និងទម្រង់ផ្សេងទៀតនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការឆ្លើយតបចំពោះករណីអំពើហិង្សា, កែប្រែគ្រប់ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារឱ្យក្លាយជាបទល្មើសព្រហ្មទណ្ឌ និងការធានាពីភាពស្មើគ្នារបស់ស្រ្តី(៥០%) នៅគ្រប់តំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល។
បន្ថែមពីនេះ របាយការណ៍ដដែលក៏បានជំរុញដល់រដ្ឋាភិបាល ត្រូវដាក់ចេញនូវសកម្មភាពការពារ លុបបំបាត់ការបៀតបៀន និងការប្រើអំពើហិង្សាលើស្រ្តី ព្រមទាំងទម្រង់ផ្សេងៗនៃការរើសអើងផ្នែកយេនឌ័រនៅកន្លែងធ្វើការ, ការពង្រីកសេវាថែទាំសុខភាពបន្តពូជដែលមានគុណភាព និងការអប់រំផ្លូវភេទយ៉ាងទូលំទូលាយថែមទៀតក្នុងកម្មវិធីសិក្សាជាដើម។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)បានលើកឡើងថា កម្មករនិយោជិតជាស្ត្រីដែលធ្វើការលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត បានរងនូវការបៀតបៀនពីសំណាក់ភ្ញៀវ និងការរំលោភបំពានសិទ្ធិការងារជាដើម។ លោកស្រីបានលើកឡើងនូវករណីកូដករណាហ្គាវើលដ៍ ដែលកូដករជាស្ត្រីបានរងនូវការបៀតបៀនប៉ះពាល់លើរាងកាយពីសំណាក់ក្រុមសន្តិសុខខណ្ឌ អំឡុងពេលពួកគាត់ធ្វើកូដកម្ម និងការរំលោភបំពានសិទ្ធិការងារ រហូតដល់មានការបញ្ឈប់ពួកគាត់ពីការងារ និងការប្តឹងផ្តល់នូវតុលាការផងដែរ។
លោកស្រីថា៖ «មានការប្រើប្រាស់ប្រព័ន្ធតុលាការដដែល អត់មានអីថ្មី ហើយមានការចាប់ដាក់ពន្ធនាគារ ក៏ដូច ជាការគំរាមកំហែងទៅលើកម្មករនិយោជិកដទៃទៀត កុំឱ្យប្រើសិទ្ធិរបស់ពួកគាត់ តែរឿងហ្នឹងកើតឡើងដដែល ប៉ុន្ដែវាមិនអាចបញ្ឈប់ការទាមទាររបស់កម្មករនិយោជិតផងដែរ»។
អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស្រីណែត មានប្រសាសន៍ថា ចំពោះការលើកឡើងរបស់សង្គមស៊ីវិល និងអ្វីដែលមាននៅក្នុងរបាយការណ៍នោះ គឺក្រសួងបានដោះស្រាយជាបន្តបន្ទាប់ និងបានធ្វើសកម្មភាពច្រើនដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់ សិទ្ធិរបស់ស្រី្ដ និងលើកកម្ពស់សិទ្ធិសមភាពយេនឌ័រ។ លោកស្រីបន្តថា ក្នុងការឆ្លើយតប និងចូលរួមទប់ស្កាត់អំពើហិង្សាលើស្ដ្រី និងក្មេងស្រី មិនថាក្រុមគោលដៅណាទេ គឺក្រសួងបាន រៀបចំឱ្យមានមុំច្បាស់លាស់ សម្រាប់ការផ្ដល់សេវាដល់ជនរងគ្រោះ។
លោកស្រីបានបញ្ជាក់៖ «យើងបានរៀបចំគោលនយោបាយ យើងមានយុទ្ធសាស្ដ្រនារីរតនៈ យើងមាន ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើលើស្រ្ដី យើងមានផែនការសកម្មភាពស្ដីអំពីការបង្កាការ ទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះវ័យជំទង់ យើងបានរៀបចំគេហៅថាជាយន្ដការក្នុងការឆ្លើយតប និងទប់ស្កាត់ទៅនឹងអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាអំពើហិង្សាលើស្ដ្រី ជាការរំលោភបំពាន ហើយយន្ដការទាំងអស់ហ្នឹង គឺយើងរៀបចំជាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អន មានប្រសាសន៍ដែរថា ក្រសួងប្រឆាំងដាច់ខាតចំពោះការរើសអើង និងការបៀតបៀនទៅលើស្ត្រីនៅកន្លែងការងារ។ លោកបន្ដថា គិតមកដល់ពេលនេះ ក្រសួងនៅមិនទាន់បានទទួលបណ្តឹងណាមួយនៅឡើយ អំពីករណីបៀតបៀនស្រ្តីក្នុងវិស័យការងារ។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើមានករណីនេះ[អំពើហិង្សា និងការបៀតបៀន]កើតឡើង សូមជនរងគ្រោះដាក់ពាក្យប្តឹងមកក្រសួងការងារដើម្បីមានវិធានការជាបន្ទាន់»៕