ក្រុមអង្គការ​សង្គមស៊ីវិល ជំរុញទៅរដ្ឋាភិបាលដោះស្រាយបញ្ហា​អំពើហិង្សា​ផ្នែកយេនឌ័រ និង​ការបៀត​បៀន​​សិទ្ធិ​ស្ត្រី ខណៈពួកគេអះអាងថា​ ការធ្វើទុក្ខ​បុកម្នេញ​ដោយហិង្សា និង​ការ​បៀត​បៀន​នៅតែបន្តកើតចំពោះស្ដ្រីជាហូរហែរ។

ការជំរុញនេះបានធ្វើឡើងក្នុងកម្មវិធីចេញផ្សាយរបាយការណ៍ ​ស្តីពី ​ការ​តាម​ដាន​លើ​ការ​អនុវត្ត​អនុសញ្ញា​ CEDAW ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០២២​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

អគ្គលេខាធិកានៃអង្គការស៊ី-ដ (NGO-CEDAW) លោកស្រី ជឹម ចាន់នាងមានប្រសាសន៍ថា អំពើហិង្សាលើស្ត្រី​ក្នុងសង្គមភាគច្រើន និងញឹកញាប់ គឺ​អំពើហិង្សា​ក្នុង​គ្រួសារ ខណៈ​ស្ត្រី​មួយ​​ចំនួន​ក៏​នៅតែរងការបៀតបៀននៅក្រៅផ្ទះ តាមទីសាធារណៈ និងកន្លែងធ្វើការ​ផង​ដែរ។ ​​លោកស្រីបន្តថា បញ្ហា​ការប្រើអំពើហិង្សា​ផ្នែកយេនឌ័រ​ និងការបៀតបៀនទៅលើស្ត្រី ជាពិសេស​ស្ត្រីជា​សមាជិក​សហជីព​ ​នៅមុខ​ក្រុម​ហ៊ុន​​ណាហ្គា​វើលដ៏ នៅតែ​ជារឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ ដែលជំរុញឱ្យរដ្ឋាភិបាល​ត្រូវ​​​ប្រញាប់រួសរាន់ក្នុងការដោះស្រាយបញ្ហាទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធិភាព។

លោកស្រីបន្ដថា៖ «បើរដ្ឋាភិបាលមិនរួសរាន់ក្នុងការដោះស្រាយវិបត្តិរ៉ាំ​រ៉ៃនោះទេ រវាងកម្មករ និងនិយោជក​នោះទេ វាបញ្ជាក់ថា ប្រទេសកម្ពុជាអនុវត្តអនុសញ្ញាស៊ី នៅមានកម្រិត ឬមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។ ប្រសើនបើទុកបញ្ហាទាំងអស់នោះឱ្យ​នៅបន្ដរ៉ាំ​រ៉ៃ​ វាជាគំរូមួយមិនល្អសម្រាប់ក្រុមហ៊ុនឯកជន​ផ្សេងទៀត​ក្នុងការរំលោភបំពានលើវិស័យការងារ»។

ជាមួយគ្នានេះដែរ លោកស្រី ជឹម ចាន់នាង ក៏បាន​លើកទឹកចិត្តដល់​ស្ដ្រី និង​សាច់ញាតិជនរងគ្រោះដែ​ល​ជួបអំពើហិង្សា ឬរំលោភបំពានផ្សេង​ៗ គួរតែ​ស្វែងរកការអន្តរាគមន៍ និង​​សេវាពិគ្រោះយោបល់ផ្លូវចិត្ត ដើម្បីជួយដល់ជនរង​គ្រោះ ជាជាងការដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលវានឹង​ធ្វើឱ្យ​បទល្មើស​នៅតែបន្ដកើតមាន។

បើតាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​គ្រប់​រូបភាព​លើ​ស្ដ្រី (NGO-CEDAW) ដែលមានកម្រាស់ ៦៤​ទំព័រ បាន​លើកឡើងថា ​​អំពើ​ហិង្សាដែលកើតមាន​​លើ​ស្ត្រី​នៅ​ក្នុង​គ្រួសារ​ រួម​​មាន ​ការ​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ ​អំពើហិង្សា​​ផ្លូវ​ចិត្ត​ អំពើ​ហិង្សា​ផ្លូវ​ភេទ ​និង​អំពើ​ហិង្សា​សេដ្ឋកិច្ច។ របាយការណ៍ដដែល បន្តថា ការរើសអើង និងអំពើ​ហិង្សា​ផ្អែក​​យេនឌ័រ​ ការ​រំលោភ​​បំពាន​​ផ្លូវ​ភេទ​ទាំង​ផ្ទាល់​ និង​តាម​ប្រព័ន្ធ​អនឡាញ​ទៅ​​លើ​ស្រ្តី ​និង​កុមារ ​ព្រម​ទាំង​​ការ​បៀត​បៀន​លើ​ស្រ្តី​ជា​កម្មករ​និយោជិត ​និង​ស្រ្តី​ក្នុង​វិស័យ​ផ្សេង​ទៀត ​នៅ​តែ​ជា​ក្តី​ព្រួយ​​បារម្ភ​។

របាយ​ការណ៍ដដែលនេះ បញ្ជាក់ទៀត​​ថា ស្ដ្រី និងកុមារីជនជាតិដើមភាគតិច​​ចំនួន​ ២៥% ត្រូវ​​​បាន​​រាយ​ការណ៍​ថា ធ្លាប់បាន​ឆ្លងកាត់អំពើហិង្សាលើរាងកាយ, ៥៨% ត្រូវ​បាន​រាយ​ការណ៍​អំពើហិង្សា​សេដ្ឋកិច្ច, ៨៨% ត្រូវបាន​រាយការណ៍អំពើហិង្សាផ្លូវអារម្មណ៍ ហើយ​ក្នុង​ចំណោម ៧០%​នៃពួក​គាត់​ពុំបាន​ស្វែង​​រក​ការ​ជួយ ឬការ​គាំទ្រក្នុ​ង​ទម្រង់​ណា​មួយពីខាង​ក្រៅ​ផ្ទះ​នោះ​ឡើយ។​ ក្រៅពីក្រុម​ជន​ជាតិ​ភាគ​តិច​ របាយការណ៍ថា ក៏មាន​ក្រុម​​អ្នក​​ស្រឡាញ់​​​​ភេទ​​ដូ​ច​​គ្នា និង​​ស្រ្តី​មាន​ពិការ​ភាព​ ក៏​ធ្លាប់​ឆ្លង​កាត់​អំពើ​ហិង្សា​នៅ​ក្នុង​កម្រិត​ខ្ពស់ ហើយ​​​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ខ្លាំង​​ក្នុង​ការ​ទទួល​បាន​យុត្តិ​ធម៌​ និង​សំណង​ប៉ះប៉ូវ​ការ​​ខូច​​​ខាត​​​ផ្សេងៗ។​

របាយការណ៍នេះ ក៏មានការសម្ភាសន៍ជាមួយកម្មកររោងចក្រកាត់ដេរចំនួន ១ ១៨០នាក់ ក្នុងនោះមាន ៨៥%ជាស្ត្រី ដោយបានរកឃើញថា មានតែ ៦.២៥% ប៉ុណ្ណោះ​នៃ​អ្នក​ឆ្លើយ​សំណួរ​​ ដែល​ពុំធ្លាប់លឺ​ឬឃើញការបៀតបៀនផ្លូវភេទ ខណៈ​អ្នកឆ្លើយ​សំនួររហូតទៅដល់ ៩៦.៤៧% និយាយ​​ថា ជាធម្មតា “ពុំមានអន្ដរាគមន៍” ទេ បន្ទាប់​ពីកើតមាន​ឧប្បត្តិហេតុ​នៃការ​បៀត​បៀន​ផ្លូវ​ភេទ ហើយ ២.៥៩% រាយការណ៍ថា ជាធម្មតា មានការសម្រុះសម្រួលផ្ទៃក្នុង ហើយ​មាន​តែ ០.៩៤% ប៉ុណ្ណោះ ដែលបង្ហាញថា មានការរាយការណ៍ទៅមន្ដ្រីនគរបាល។

របាយ​ការណ៍​របស់ ​NGO CEDAW ​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​​ដល់​​រដ្ឋាភិបាល ដោយ​ជំរុញឱ្យមានសកម្ម​ភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដើម្បី​ធ្វើ​ឱ្យ​​​ប្រាកដ​ថា​ ជន​រង​គ្រោះ​ក្នុង​​អំពើ​​ហិង្សា​ទាំង​អស់ ​ទទួល​បាន​ការ​កាត់​ក្តី​នៅ​តុលាការ​ ហើយ​បញ្ចប់​ការ​ប្រើ​ប្រាស់​ការ​ផ្សះ​ផ្សារ ​និង​​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ករណី​អំពើ​ហិង្សា, កែប្រែគ្រប់ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារឱ្យ​ក្លាយជាបទល្មើសព្រហ្មទណ្ឌ និងការធានាពីភាពស្មើគ្នារបស់ស្រ្តី(៥០%) នៅគ្រប់តំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល។

បន្ថែមពីនេះ របាយការណ៍ដដែលក៏បានជំរុញដល់រដ្ឋាភិបាល ត្រូវដាក់ចេញនូវសកម្មភាពការពារ លុប​បំបាត់ការបៀតបៀន និងការប្រើអំពើហិង្សាលើស្រ្តី ព្រមទាំងទម្រង់ផ្សេងៗនៃការរើសអើងផ្នែកយេនឌ័រនៅកន្លែងធ្វើការ,​ ការពង្រីកសេវាថែទាំសុខភាពបន្តពូជដែលមានគុណភាព និងការអប់រំផ្លូវភេទយ៉ាងទូលំទូលាយថែមទៀតក្នុងកម្មវិធីសិក្សាជាដើម។

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)បានលើកឡើងថា កម្មករនិយោជិតជាស្ត្រីដែលធ្វើការលើវិស័យទេសចរណ៍ និងវិស័យមួយ​ចំនួន​​ទៀត បានរងនូវការបៀតបៀនពីសំណាក់ភ្ញៀវ និងការរំលោភ​បំពាន​សិទ្ធិការ​ងារ​ជា​ដើម។ លោកស្រីបានលើកឡើងនូវករណីកូដករណាហ្គាវើលដ៍ ដែលកូដករជាស្ត្រីបានរង​នូវការ​បៀតបៀនប៉ះពាល់​លើ​រាង​កាយ​​ពីសំណាក់ក្រុមសន្តិសុខខណ្ឌ អំឡុង​ពេល​ពួក​គាត់​ធ្វើ​កូដ​កម្ម​ និងការរំលោភបំពានសិទ្ធិការងារ រហូតដល់មានការបញ្ឈប់ពួកគាត់ពីការងារ និងការប្តឹងផ្តល់នូវតុលាការផងដែរ។​​

លោកស្រីថា៖ «មានការប្រើប្រាស់ប្រព័ន្ធតុលាការដដែល អត់មានអីថ្មី ហើយមានការចាប់ដាក់ពន្ធនាគារ ក៏ដូច ជាការ​​គំរាមកំហែទៅលើកម្មករនិយោជិកដទៃទៀត កុំឱ្យប្រើសិទ្ធិរបស់ពួកគាត់​ តែរឿងហ្នឹងកើតឡើង​ដដែល ប៉ុន្ដែ​វា​មិ​​នអាចបញ្ឈប់​ការទាមទាររបស់កម្មករនិយោជិតផងដែរ»។

អ្នកនាំពាក្យ​ក្រសួងកិច្ចការនារី លោក​ស្រី ស ស្រីណែត មានប្រសាសន៍ថា ចំពោះ​ការ​លើក​ឡើង​របស់​សង្គមស៊ីវិល និង​អ្វីដែលមាន​នៅក្នុងរបាយការណ៍នោះ គឺ​ក្រសួង​​បាន​​ដោះ​ស្រាយជាបន្តបន្ទាប់​​ និងបានធ្វើសកម្មភាព​ច្រើន​ដើម្បីឆ្លើយ​តបទៅនឹង​ការ​លើក​កម្ពស់ សិទ្ធិ​របស់​ស្រី្ដ និង​លើកកម្ពស់សិទ្ធិសមភាពយេនឌ័រ​។ លោកស្រីបន្ត​ថា ក្នុងការឆ្លើយតប និង​ចូល​​រួ​ម​​​​ទប់ស្កាត់អំពើហិង្សាលើស្ដ្រី និងក្មេងស្រី មិនថាក្រុមគោលដៅណាទេ គឺ​ក្រ​​សួង​បាន​ រៀប​ចំឱ្យ​មាន​មុំច្បាស់លាស់ សម្រាប់ការ​ផ្ដល់សេវាដល់ជនរងគ្រោះ។

លោកស្រីបានបញ្ជាក់៖ «យើងបានរៀបចំគោលនយោបាយ យើងមានយុទ្ធសាស្ដ្រនារីរតនៈ យើងមាន ផែន​ការ​សកម្មភាព​ជាតិ​ ស្ដីពី ការទប់ស្កាត់អំពើលើស្រ្ដី យើងមានផែនការសកម្មភាពស្ដីអំពីការបង្កា​ការ ទប់​ស្កាត់​ការ​រៀប​អាពាហ៍​ពិពាហ៍​វ័យ​ក្មេង និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់ យើងបានរៀបចំគេហៅថាជា​យន្ដការក្នុងការឆ្លើយតប និង​ទប់​ស្កាត់​ទៅ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក៏ដូចជាអំពើហិង្សាលើស្ដ្រី ជាការ​រំលោភបំពាន ហើយ​យន្ដ​ការ​ទាំងអស់ហ្នឹង គឺ​យើង​រៀប​ចំ​ជា​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ»។

ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អន មា​ន​ប្រសាសន៍​ដែរ​ថា ក្រសួងប្រឆាំងដាច់ខាតចំពោះការរើសអើង និងការបៀតបៀន​ទៅលើ​ស្ត្រី​នៅ​កន្លែង​ការ​ងារ។ លោក​បន្ដថា គិត​មកដល់​ពេល​នេះ ក្រសួងនៅ​មិនទាន់​បាន​ទទួល​បណ្តឹង​ណាមួ​យ​នៅឡើយ អំពី​ករណីបៀតបៀនស្រ្តីក្នុងវិស័យការងារ។

លោកបានបញ្ជាក់​​ថា៖ «ប្រសិនបើមានករណីនេះ[អំពើហិង្សា និងការបៀតបៀន​]​កើតឡើង សូមជនរងគ្រោះដាក់​ពាក្យប្តឹងមកក្រសួងការងារដើម្បីមានវិធានការជាបន្ទាន់»