
លោកស្រី ឌៀល ស្រីអាន អាយុ២៨ឆ្នាំ ជាអ្នកលក់នំចេកចៀន ដំឡូងចៀន នៅតាមបណ្តោយព្រែកហូរ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ មានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត លោកស្រីដែលកំពុងពរពោះ៣ខែ និងស្វាមី មានកូន២នាក់ ដែលមានអាយុ៦ឆ្នាំ កំពុងរៀនថ្នាក់ទី១ និងម្នាក់ទៀតអាយុ៣ឆ្នាំ។ ដោយសារកត្តាជីវភាព ស្វាមីលោកស្រី ត្រូវរស់នៅខេត្តកំពត ដើម្បីធ្វើស្រែចំការ និងមើលថែកូនទាំង២។ ចំណែកលោកស្រី ស្រីអាន បច្ចុប្បន្នកំពុងជួលផ្ទះរស់នៅតែម្នាក់ឯងជាមួយកូនក្នុងផ្ទៃ ជិតបន្ទាយអង្គរក្ស ក្នុងក្រុងតាខ្មៅ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ដោយមិនមានវត្តមានប្តីនៅក្បែរ។ លោកស្រីបានភ្ញាក់ពីដំណេកតាំងពីម៉ោង៥:៣០នាទីព្រឹក ជារៀងរាល់ថ្ងៃ ដើម្បីរៀបចំប្រដាប់ប្រដាលក់ដូរ និងទៅដល់ទីតាំងលក់ប្រហែលម៉ោង៦:៣០នាទី ហើយលោកស្រីតែងតែបិទកន្លែងលក់ដូរនៅម៉ោង៥:៣០ ឬ៦:០០នាទីល្ងាច។ ទោះបីជាខ្វះភាពកក់ក្តៅបន្តិច តែការប្រកបរបរនៅភ្នំពេញនេះ លោកស្រីអាចរកចំណូលបន្ថែមពីការលក់នំចេកចៀន ដំឡូងចៀននេះ បានខ្ទង់២០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ក្រោយការទូទាត់ជាមួយនឹងថ្លៃដើម និងការចំណាយផ្សេងប្រចាំថ្ងៃ គឺលោកស្រីអាចសល់លុយចំណេញពីការលក់ចំនួន៥ម៉ឺន ទៅ៦ម៉ឺនរៀល។






