រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះបានចេញបទបញ្ជាផ្អាកការចូលបំពេញការងារបណ្ដោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅតាមអគ្គនាយកដ្ឋាន និងអង្គភាពដែលស្ថិតនៅក្នុងបរិវេណទីស្តីការក្រសួង បន្ទាប់ពីបានរកឃើញស្រ្តី០១នាក់ទៀតវិជ្ជមានកូវីដ ១៩។
កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន៣៤៨នាក់ ដោយក្នុងនោះ មានអ្នកឆ្លងក្នុងសហគមន៍ ឬ ព្រឹត្តិកាណ៏ ២៨ វិច្ឆិកា ចំនួន ៣២នាក់ដែលបានពាក់ព័ន្ធនឹងករណីវិជ្ជមានលើភរិយារបស់ប្រធាននាយកដ្ឋានពន្ធនាគារនៅក្នុងក្រសួងមហាផ្ទៃ។
ស្ត្រីជនជាតិខ្មែរឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ ដែលជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ ត្រូវបានគេរកឃើញវិជ្ជមានកូវីដ ១៩ ចុងក្រោយគេនៃ «ព្រឹត្តិកាណ៏២៨ វិច្ឆិកា»។ នេះយោងតាមក្រសួងសុខាភិបាល។
ការបិទផ្អាកក្រសួងមហាផ្ទៃនេះគឺ ដើម្បីបានធ្វើតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី លោកហ៊ុន សែន និងបន្ទាប់ពីមានការពិគ្រោះពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដល់មន្ត្រីធ្វើការនៅតាមអគ្គនាយកដ្ឋាន និងអង្គភាពដែលមានទីតាំងស្ថិតក្នុងបរិវេណក្រសួង។
បទបញ្ជានោះបានសរសេរដូច្នេះថា «ផ្អាកការចេញចូលមកបំពេញការងារ ជាបណ្តោះអាសន្នក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចំពោះមន្រ្តីរាជការ មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះរហូតដល់មានការជូនដំណឹងជាថ្មី»។
លោកស ខេង ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំ និងមន្ត្រីខាងលើដែលមិនទាន់បានមកយកសំណាកពីការធ្វើតេស្តរកវីរុសកូវីដ ១៩ រួសរាន់មកក្នុងថ្ងៃនេះ និងតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អគ្គនាយកដ្ឋាន និងអង្គភាពនានាត្រូវចាត់មន្ត្រីដែលមិនប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ពី០៥ ទៅ ០៧នាក់ មកប្រចាំការនៅទីស្តីការក្រសួង ព្រមទាំងអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ ១៩។ នេះយោងតាមបទបញ្ជាដដែលនេះ៕