(សៀមរាប) – ផ្ទះពណ៌បៃតងស្រស់មួយប្រក់ដោយស័ង្កសីពណ៌ស ពោរពេញទៅដោយរូបគំនូរបិទតាមពិដានផ្ទះ អមដោយពោះវៀនកង់ទ្បាន ម៉ូតូចាស់ៗ រួមទាំងថ្មពណ៌ក្នុងទូរឈើ។ របស់របរទាំងនេះគឺសំរាប់កែច្នៃធ្វើវត្ថុអនុស្សាវរីយ៍ដើម្បីលក់ចិញ្ចឹមជីវិត និងគ្រួសារលោកមុយ ស៊ឺ ហៅបែល អាយុ៣៧ឆ្នាំ។
ពិការជើងឆ្វេងតាំងពីលោកអាយុ ៧ឆ្នាំ ដោយសារជាន់មីន លោកមុយ ស៊ឺ បានខិតខំធ្វើការយ៉ាងនឿយហត់ ដោយយ៉ាងហោចណាស់មានការងារយ៉ាងតិចពីរដែរដើម្បីជីវិត មួយអ្នកធ្វើវត្ថុអនុស្សាវរីយ៌ពីសំបកកង់រថយន្តចាស់ៗ និងមួយទៀត គឹជាគ្រូបង្វឹកក្រុមបាល់បោះជនពិការ នៅក្នុងក្រុងសៀមរាប។

អង្គុយជាមួយប្រពន្ធក្នុងផ្ទះក្នុងភូមិមណ្ឌល៣ លោកមុយ ស៊ឺ ហៅបែល ស្រអែមសម្បុរក្រហមសណ្តែកបាយ មាឌមាំ សក់ខ្មៅខ្លីរូបនេះ បានថ្លែងប្រាប់ Newsroom Cambodia នាពេលថ្មីៗនេះថា លោកបានចាប់ផ្តើមច្នៃសំបកកង់ទ្បាន ម៉ូតូ ជាកាបូបដាក់លុយ កាតាបស្ពាយ និងច្នៃជាវត្ថុផ្សេងៗទៀត បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញក្នុងឆ្នាំ ២០០៨មកម៉្លេះ។

ដោយសារតែជីវិតរងសំពាធ និងបាក់ទឹកចិត្តជាខ្លាំងដោយពិការភាពតាំងពីកុមារ ហើយបើទោះបីជាបានខំតស៊ូរៀនសូត្រដល់ទៅពីរសាកលវិទ្យាល័យ គឺជំនាញគ្រប់គ្រង និងសេដ្ឋកិច្ចក៏ដោយ គាត់បានយល់ថាមិនត្រូវបានគេឱ្យតម្លៃ និងយល់ព្រមផ្តល់ឪកាសឱ្យធ្វើការ។
លោកមុយ ស៊ឺ បាននិយាយថា «គេមិនអាចទទួលយកមនុស្សពិការ ដោយសារយល់ឃើញថា ជនពិការមិនអាចបំពេញលទ្ធភាពធ្វើការឲ្យពួកគេបានពេញចិត្តតាមអ្វីដែលគេត្រូវការ»។
ដោយដកង្ហើមធំៗ និយាយទាំងទឹកមុខស្ងួត រួមជាមួយផ្ទៃមុខដ៏ក្រៀមក្រំ ក្នុងក្រខ្សែភ្នែកពោរពេញដោយភាពទុក្ខសោក លោកបាននិយាយថាឆ្អែតឆ្អន់នឹងការរើសអើង និងបំបាក់ផ្លូវសតិអារម្មណ៍ពីសង្គមមិនឱ្យតម្លៃជនពិការដូចរូបលោក ដោយបានប្រៀបជីវិតទៅនឹងរបស់ដែលគេបោះចោលក្នុងធុងសំរាម លែងមាននរណាត្រូវការ។
«ប្រៀបដូចទៅនឹងជនពិការអញ្ចឹងណា ប្រៀបបានទៅនឹងជីវិតរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំខំតស៊ូរៀនសូត្ររហូតទៅដល់មហាវិទ្យាល័យ រកការងារធ្វើគេមិនផ្តល់ឪកាសឱ្យ អញ្ចឹងបានន័យថា សង្គមមួយដែលទុកបងប្អូនជនពិការ មិនផ្តល់ឪកាសឱ្យដល់បងប្អូនជនពិការ ដូចចាត់ទុកទៅនឹងធុងសំរាមអញ្ចឹង យកទៅបោះចោលទុកឱ្យគាត់នៅឯកោ ដើម្បីកុំឱ្យគាត់ចូលរួមក្នុងសង្គម មិនផ្តល់ឪកាសឱ្យគាត់អញ្ចឹង»។

លោកបាននិយាយបានព្យាយាមដើរដាក់ពាក្យសុំធ្វើការងារស្ទើរគ្រប់ស្ថាប័ននៅខេត្តសៀមរាប អស់រយៈពេលបីខែ ប៉ុន្តែនៅតែមិនមានកន្លែងណាយល់ព្រមទទួលឱ្យធ្វើការ។ ដោយហេតុផលទាំងនេះហើយទើបលោកមានគំនិតចង់ទៅកែច្នៃនូវវត្ថុដែលគេបោះចោលទៅក្នុងធុងសំរាមយកមកប្រើប្រាស់ទ្បើងវិញ។
លោកបានធ្វើការចាប់ផ្តើមស្រាវជ្រាវតាមយូធូប ក្នុងការកែច្នៃសំបកកង់ទ្បានម៉ូតូចាស់ៗ ឬក្រដាសកាសែតមកច្នៃធ្វើជាថង់យួរ ឬធ្វើជាអង្កាមទុកដោតធ្វើជាខ្សែក ខ្សែដៃជាដើម ដើម្បីជួយកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថាន។
លោកបាននិយាយថា «ខ្ញុំក៏បានមកកែច្នៃរបស់ដែលគេបោះបង់ចោល របស់ដែលគេបោះចូលក្នុងធុងសំរាម ប្រើភាសាដែលគ្មានបានការ អញ្ចឹងខ្ញុំយកមកកែច្នៃ ផ្សុះផ្សាប្រើប្រាស់ទ្បើងវិញបាន»។
ក្រៅពីការកែច្នៃសំបកកងទ្បានម៉ូតូធ្វើជាកាបូបលុយ ឬកាតាប លោកក៏អាចយកពោះវៀនកង់ទ្បានម៉ូតូយកមកធ្វើជាខ្សែក្រវ៉ាត់ ឬរបស់របរប្រើប្រាស់ជាប្រចាំបានទៀតផង។
លោកបានបន្ថែមថាដោយសារតែហាជំងឺកូវីដ ១៩ លោកមានគម្រោងលក់វត្ថុទាំងនេះតាមអនទ្បាញវិញនៅក្នុងឆ្នាំ២០២១នេះ។
លោកបានបញ្ជាក់ថា «កាលមានភ្ញៀវ រកបានម៉ាគួរសមដែរ មួយថ្ងៃរកបានមួយសមរម្យ ដល់ពេលអត់មានភ្ញៀវអីចឹង ទើបវាមានបញ្ហា ខ្ញុំលក់មិនសូវដាច់ ខ្ញុំធ្វើហើយស្តុកទុកៗ លក់អត់បាន ប៉ុន្តែខ្ញុំនៅតែមានគម្រោងថា នឹងបង្កើតលក់តាមអនទ្បាយដើម្បី អាចថាទោះបីជាមានកូវីដអញ្ចឹងទៅយើងនៅតែអាចលក់បាន»។
ទន្ទឹមនឹងការកែច្នៃសំបកកង់ទ្បានម៉ូតូ មិនទាន់ឱ្យជីវភាពរបស់លោកប្រសើរទេ ដូច្នេះសព្វថ្ងៃនេះលោកត្រូវរំពឹងទៅលើកែច្នៃលួស និងថ្មពណ៌ធ្វើជាគ្រឿងអលង្កាការ អនុស្សាវរីយ៍សម្រាប់លក់បន្ថែមទៀត ទើបអាចផ្គត់ផ្គងជីវភាពកាន់តែមានភាពប្រសើរជាងមុន។
លើសពីនេះ លោកមុយ ស៊ឺក៏បានយកបងប្អូនជនពិការមកបង្រៀនបណ្តុះបណ្តាលដល់មនុស្សចំនួន ៣៦នាក់ ទាំងប្រុស ទាំងស្រី ដោយបង្រៀនរយៈពេល ១ខែ ឬកន្លះខែ តាមអ្វីដែលពួកគាត់ចាប់បាន ហើយការបង្រៀននេះលោកក៏បានជួយផ្តល់ថវិកាបន្តិចបន្តួចផងដែរ ដើម្បីជួយសម្រួលដល់ការចិញ្ចឹមជីវិតរបស់បងប្អូនជនពិការ។
លោកមុយ ស៊ឺក៏បានចូលរួមក្នុងការបង្កើតក្រុមបាល់បោះជនពិការផងដែរ កាលពីចុងឆ្នាំមុនដោយមានគោលបំណងឱ្យពួកគាត់ចូលរួមលេងកីឡាដើម្បីជីវិតមានសុខភាពល្អ និងឱកាសផ្សេងទៀតផងដែរ។
ក្នុងនោះផងដែរ បុរសពិការជើងរូបនេះថាការលក់ផលិតផលរបស់លោកគាត់ ភាគច្រើនមានការគាំទ្រពីភ្ញៀវបរទេស មិនមែនជាភ្ញៀវជាតិទេ ពីព្រោះភ្ញៀវជាតិ ដូចជាមានការរើសអើង ឬក៏មិនពេញចិត្ត ស្រលាញ់របស់ជនជាតិខ្លួនឯង៕